អន្តរជាតិ
អភិបាលខេត្តឈៀងរ៉ៃ៖ ក្មេងដែលបាត់ខ្លួនប្រាំបួនថ្ងៃត្រូវបានរកឃើញ និងមានសុវត្ថិភាព
02, Jul 2018 , 10:53 pm        
រូបភាព
រូបភាព៖ Tossapol
រូបភាព៖ Tossapol
ដោយ: ថ្មីៗ
 អភិបាល​ខេត្តឈៀងរ៉ៃបានប្រាប់អ្នកសារព័ត៌មាន​នៅយប់ថ្ងៃ​ចន្ទ ទី ២ ខែ​កក្កដានេះ​ថា ក្មេងប្រុសៗសមាជិកក្រុមបាល់ទាត់ទាំង ១២ នាក់ និងគ្រូបង្វឹកម្នាក់ដែ​លបាន​បាត់​ខ្លួនអស់​ប្រាំបួន​ថ្ងៃនោះ​ត្រូវបាន​រកឃើញ​ហើយ ហើយ​ពួកគេ​មានសុវត្ថិភាពធម្មតាទេ។ នេះបើតាម​ការផ្សាយ​របស់​សារព័ត៌មានថៃ Spring News។  


តាមការឲ្យដឹង​ពី​អភិបាល​ខេត្ត​ឈៀងរ៉ៃលោក Narongsak Osottanakhorn ​ក្រុមក្មេងៗដែលជាជនរងគ្រោះ​​នោះត្រូវបាន​គេ​ប្រទះឃើញ​ស្ថិតនៅទីទួលដែលស្ថិតក្នុងរូងភ្នំ Tham Luang (មានឈ្មោះក្រៅផ្លូវការថា ឆ្នេរប៉ាតាយ៉ា)។​ មកដល់ពេលនេះ​ ខាងអាជ្ញាធរ​បានបញ្ជូនចំណីអាហារ ក៏ដូចជាក្រុមគ្រូពេទ្យ​ចូលទៅសង្គ្រោះ និងពិនិត្យសុខភាពរបស់ជនរងគ្រោះទាំងនោះដើម្បីធានា​ថា ការនាំពួកគេ​ចេញអាច​ធ្វើទៅបាន​ភ្លាមៗនោះ។ 

លោក Osottanakhorn បានថ្លែងដូច្នេះ៖«យើងបានរកឃើញ​មនុស្សទាំង ១៣នាក់។ យើងនឹងមើលថែទាំពួកគេទាំងអស់រហូតដល់ពួកគេអាចធ្វើចលនា​ និងផ្លាស់ទីបានជាធម្មតា»។

បើតាមសារព័ត៌មានថៃ Thai PBS ក្រោយការប្រកាស​របស់អភិបាលខេត្ត​ថា ក្មេងៗ មិនមានគ្រោះថ្នាក់​ និងមានសុវត្ថិភាព​ជាធម្មតា​ទេនោះ គេឃើញ​បងប្អូន សាច់ញាតិ ឪពុកម្តាយរបស់ក្មេងៗជាជន​រងគ្រោះនាំគ្នាសាទរ និងបង្ហាញក្តីរីករាយខ្លាំងផងដែរ។

 

ទោះជាបែបណាក្តី អភិបាល​ខេត្តរូបនេះបានសង្កត់ធ្ងន់ផងដែរថា បញ្ហា​សំខាន់នៅពេលនេះគឺ ធ្វើយ៉ាងណា​បន្តប្រតិបត្តិការសង្គ្រោះ​ និង រកវិធី​ជួយនាំក្មេងៗ​ទាំងនោះចេញមក​ក្រៅដោយសុវត្ថិភាព​ ខណៈដែល​ទឹកអាច​បន្តកើនឡើង​នោះ។ ​ខាងក្រុមសង្គ្រោះ​ដឹងច្បាស់ថា ក្រុមក្មេងៗមិនសូវមានកម្លាំងឡើយ ដូច្នេះហើយវា​ជារឿងលំបាកដែលពេលនាំពួកគេមុជទឹកដើម្បីចេញពី​រូងភ្នំភ្លាមៗនោះ។

​សូមបញ្ជាក់់ថា ក្មេងប្រុស​ដែលមាន​អាយុ​ចន្លោះ​ពី ១១​ទៅ​១៦​ឆ្នាំ​និង​គ្រូបង្វឹក​វ័យ ២៥ ឆ្នាំ​របស់​ពួកគេ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ២៣ ខែមិថុនា អំឡុងពេល​ចូលទៅក្នុង​រូងភ្នំ Tham Luang Nang Non ដែលមាន​ប្រវែង ១០ គីឡូម៉ែត្រ ស្ថិតក្នុង​ស្រុក​ម៉ៃ​សៃ ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ។ មុននឹងរកឃើញពួកគេ ប្រតិបត្តិការស្វែងរក​នេះ​ត្រូវចំណាយពេលវេលា​អស់ប្រហែល ២២០ ម៉ោង​។ ក្រៅពី​កងទ័ពជើងទឹកថៃ ទាហាន​អាមេរិក ទាហានអូស្ត្រាលី អ្នកជំនាញរូងភ្នំអង់គ្លេស និងក្រុមសង្រ្គោះជីវិតរបស់ចិន​ក៏​ស្ថិតក្នុង​ប្រតិបត្តិការនេះដូចគ្នា៕

Tag:
 ក្មេងប្រុស​បាត់​ខ្លួន​នៅ​ថៃ​
  រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com