អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​ទៅ​ព្យុងយ៉ាង​ដើម្បី​ពិភាក្សា​រឿង​រំសាយ​នុយក្លេអ៊ែរ
03, Jul 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ត្រៀម​ធ្វើដំណើរ​ទៅ​ក្រុង​ព្យុងយ៉ាង​ជាថ្មីទៀត​ដើម្បី​ពិភាក្សា​ជាមួយ​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន​ពី​រឿង​ដែល​ត្រូវធ្វើ​បន្ត​អនុលោម​តាម​សេចក្តីថ្លែងការណ៍​រួម​សិង្ហ​បុរី​។ ទស្សនកិច្ច​នេះ​ក៏​កើតឡើង​ក្រោយពេល​មាន​របាយការណ៍​ថា កូរ៉េខាងជើង​បន្ត​បង្កើន​សកម្មភាព​នុយក្លេអ៊ែរ​ខ្លួន​ទៀត​មិនមែន​រំសាយ​នុយក្លេអ៊ែរ​ឡើយ​។



​ទស្សនកិច្ច​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៥ ខែកក្កដា​នេះ ហើយ​ក្រោយ​បញ្ចប់​ទស្សន​កិច្ចការងា​រ លោក ប៉ុ​ម​ប៉េ​អូ នឹង​បន្តដំណើរ​ទៅ​ព្រុ​ច​សែ​ល​ទៀត​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ណា​តូ​ដែរ​។ ស្ថិតនៅ​ក្រុង​ព្យុងយ៉ាង ប្រមុខ​ការទូត​រូបនេះ​នឹង​ចាប់ផ្តើម​ពិភាក្សា​រឿង​សាច់​ការ​គឺ​រំសាយ​នុយក្លេអ៊ែរ​។​

​ក្រោយ​ជំនួប​រវាង​លោក ត្រាំ  និង​លោក គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី សេចក្តីថ្លែងការណ៍​រួមមួយ​ត្រូវបាន​ដាក់ចេញ​ដោយមាន​ការកំណត់​រំសាយ​នុយក្លេអ៊ែរ​ផង​។ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​នេះ​គ្មាន​ចែង​ចំណុច​លម្អិត​ឬ​មាន​ផែនទី​បង្ហាញផ្លូវ​ថា តើ​អ្វី​ជាក់លាក់​ដែល​គូភាគី​ត្រូវធ្វើ​បន្ត​ឡើយ​។​ដូច្នេះហើយ លោក ប៉ុ​ម​ប៉េ​អូ មាន​ភារកិច្ច​ចរ​ចាប​ន្ថែ​ម​និង​សម្រេច​កិច្ចការ​នេះ​។​

​យ៉ាងណាក៏ដោយ វត្តមាន​របស់លោក ប៉ុ​ម​ប៉េ​អូ នៅក្នុង​ទឹកដី​កូរ៉េខាងជើង​កើតឡើង​ក្រោយពេល​ដែលមាន​របាយការណ៍​ខ្លះ​អះអាងថា កូរ៉េខាងជើង​នៅ​បន្តសកម្មភាព​នុយក្លេអ៊ែរ​របស់ខ្លួន​ទៀត​មិនមែន​ប្រឹង​បន្ថយ​ឬ​រំសាយ​តាម​ការសន្យា​ឡើយ​។​

​ខាង​សេត​វិមាន​បាន​ព្យាយាម​សម្រួល​ស្ថានការណ៍​ដោយ​អះអាងថា រឿង​ដែល​គួរ​ត្រេកអរ​គឺ​គ្មាន​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឬ​នុយក្លេអ៊ែរ​ទៀត​។ លោកស្រី Sarah Sander អ្នកនាំពាក្យ​សេត​វិមាន​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​៖«​ដើម្បី​បន្ត​កិច្ចការងារ​សំខាន់ៗ​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ រដ្ឋមន្ត្រីការបរទេស ប៉ុ​ម​ប៉េ​អូ​នឹង​ចាក​ចេញទៅ​កូរ៉េខាងជើង​ថ្ងៃ ៥ ខែកក្កដា​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​»​។​

​លោកស្រី Sander បន្តថា​៖«​ខ្ញុំ​គិតថា មានរឿង​ច្រើន​ដែល​បាន​កើតឡើង​។ មួយ​គឺ​នៅក្នុង​រយៈពេល​ប្រាំ​ខែ​មកនេះ អ្នក​មិនដែល​ឃើញ​មាន​ការបាញ់​មី​ស៊ី​ល​ឡើយ​។ អ្នក​មិនឃើញ​មានការ​បំផ្ទុះ​អាវុធ​នុយក្លេអ៊ែរ​។ ជាថ្មី​ម្តងទៀត កិច្ចសន្ទនា​នៅតែ​បន្តដំណើរ​ទៅមុខ ខ្ញុំ​មិនចាំបាច់​និយាយ​លម្អិត​ទេ​ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ពី​ការវិវត្ត​ត្រូវបាន​ភាគី​បង្កើត​ឡើងទៅ​មុខ​ទៀត​»​។​

​ទាក់ទិន​នឹង​ដំណើរ​នេះដែរ លោក ប៉ុ​ម​ប៉េ​អូ ចាក​ចេញពី​កូរ៉េខាងជើង​នៅ​ថ្ងៃ​សៅរ៍ និង​បន្តដំណើរ​ទៅកាន់​ក្រុង​តូ​ក្យូ​។ ថ្ងៃអាទិត្យ​លោក​នឹង​ជួបពិភាក្សា​ជាមួយ​មន្ត្រី​កូរ៉េខាងត្បូង និង ជប៉ុន​ជុំវិញ​បញ្ហា​ជម្លោះ​នៅក្នុង​តំបន់​ដែរ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ ប្រមុខ​ការទូត​រូបនេះ​នឹង​បន្តដំណើរ​ទៅកាន់​ក្រុង​ហាណូយ​ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ មុន​បន្តដំណើរ​ទៅ​អារ៉ាប់​រួម អេ​មី​រ៉ាត់ និង ទៅ​ក្រុង​ព្រុ​ច​សែ​ល​ចុងក្រោយ​គេ​៕



Tag:
 ម៉ៃ ប៉ុ​ម​ប៉េ​អូ​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com