អគ្គនាយក Mercedes នៅ​កម្ពុជា ហាម​អ្នកបើកបរ​បើក​បន្ថែម​ល្បឿន​ពេល​ជិះ​កាត់ទឹក​ជ្រៅ​, កុំ​បញ្ឆេះ​ម៉ាស៊ីន​ពេល​រថយន្ត​រលត់​

ជាតិ
បទសម្ភាសន៍
រថយន្ត
វីដេអូ
អគ្គនាយក Mercedes នៅ​កម្ពុជា ហាម​អ្នកបើកបរ​បើក​បន្ថែម​ល្បឿន​ពេល​ជិះ​កាត់ទឹក​ជ្រៅ​, កុំ​បញ្ឆេះ​ម៉ាស៊ីន​ពេល​រថយន្ត​រលត់​
10, Jul 2018 , 5:23 pm         2867
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី (James ZEMKE) អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz ប្រចាំ​កម្ពុជា បាន​ហាម​អ្នកបើកបរ បន្ថែម​ល្បឿន​រថយន្ត​របស់ខ្លួន នៅពេល​ជិះ​កាត់ទឹក​ជ្រៅ ដើម្បី​កុំ​ឲ្យ​រលក​ទឹក​ដែល​ឡើង​ខ្ពស់​ដោយសារ​ការបន្ថែម​ល្បឿន​នោះ សាច​ចូល​ម៉ាស៊ីនរថយន្ត​។ ក្នុងករណី​ដែល​រថយន្ត​រលត់ ពេល​បើក​ឆ្លង​កាត់ទឹក អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz បាន​ហាម​ដាច់ខាត​ការ​បញ្ឆេះ​ម៉ាស៊ីនរថយន្ត ព្រោះ​វា​នឹង​បង្ក​ឲ្យ​ម៉ាស៊ីន​មាន​បញ្ហា​កាន់តែ​ធ្ងន់ ហើយ​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ការជួសជុល​ទៀតផង​។



​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz ប្រចាំ​កម្ពុជា ជាមួយ​សារព័ត៌មាន​ថ្មីៗ​ខាងក្រោម​នេះ​៖



​លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី (James ZEMKE) អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz ប្រចាំ​កម្ពុជា បានផ្តល់​ដំបូន្មាន​សំខាន់ៗ​មួយចំនួន ដើម្បី​ចៀស​វា​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​ចំពោះ​រថយន្ត​លោកអ្នក នៅពេល​បើកបរ​កាត់ទឹក​ជ្រៅៗ ពិសេស​នៅ​រដូវភ្លៀង​នេះ​។ បើតាម​អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz បាន​ហាម​ម្ចាស់​រថយន្ត បញ្ឆេះ​ម៉ាស៊ីនរថយន្ត​របស់ខ្លួន ប្រសិនបើ​រថយន្ត​បាន​រលត់​ក្រោយ​ជិះ​ឆ្លង​កាត់ទឹក​ជ្រៅ​ហើយ​នោះ​។ លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី ពន្យល់​ដូច្នេះ​៖« នៅពេល​រថយន្ត​រលត់​នៅក្នុង​ទឹក ហើយ​អ្នក​ព្យាយាម​បញ្ឆេះ​រថយន្ត នឹង​ទឹក​ជ្រាបចូល ម៉ាស៊ីន ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីនរថយន្ត​របស់លោក​មាន​បញ្ហា​កាន់តែ​ធ្ងន់ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ជួសជុល​កាន់តែច្រើន​»​។​

​អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz បាន​ណែនាំ​ឲ្យ​ម្ចាស់​រថយន្ត​ត្រូវ​ជាន់​ហ្វ្រាំង​ពីរ ទៅ​បី​ដង ក្រោយ​រថយន្ត​លោកអ្នក​បើក​ផុត​ទឹក​ជ្រៅ​ហើយ ដើម្បី​ឲ្យ​ប្រាកដថា​ហ្វ្រាំងរថយន្ត​នៅ​ដំណើរ​ការល្អ​។



​សូម​បន្ថយល្បឿន បើកបរ​តាម​សម្រួល​នៅក្នុង​ទឹក​ជ្រៅ​។ នេះ​ជាការ​ស្នើ​របស់​អគ្គនាយក​ក្រុមហ៊ុន Mercedes-Benz នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ មុននឹង​ពន្យល់​ដូច្នេះ​ថា ៖«​បើសិន​បើក​កាន់តែ​លឿន នោះ​នឹងធ្វើ​ទឹករលក​ទឹក​ជះ​ឡើង​ចូលក្នុង​ម៉ាស៊ីន​។ នៅពេល​អ្នកបើក​យឺត កម្រិត​ទឹក​ក៏​នៅ​រក្សា​ថេ​ដែរ​។ ម្យ៉ាងទៀត​នៅលើ​ដងផ្លូវ ក៏មាន​អ្នកជិះ​ម៉ូតូ​ដែរ ដូច្នេះ​បើ​អ្នកបើក​លឿន នោះ​ទឹកនឹង​សាច​ទៅ​ត្រូវ​អ្នកបើកបរ​ម៉ូតូ​។ ដូច្នេះ​កុំ​បន្ថែម​ល្បឿន សូម​បើកបរ​យឺតៗ​»​។​

​ក្នុងករណី ទឹកបាន​ចូល​ម៉ាស៊ីន​ហើយ​នោះ ត្រូវយក​រថយន្ត​ទៅ​យានដ្ឋាន ដើម្បី​ឲ្យ​អ្នកជំនាញ​យក​ទឹក​ចេញពី​ម៉ា​ស៊ីន និង​ថែទាំ​តាម​បច្ចេក​​ទេស និង​ដើម្បី​ឲ្យ​ប្រាកដថា​រថយន្ត​នឹង​ដំណើរ​ការធម្មតា និង​អាច​ប្រើប្រាស់​បានយូរ​អង្វែង​តទៅទៀត​។ ទន្ទឹមនឹងនេះ ការថែទាំ​រថយន្ត​ជា​ទៀងទាត់​ក៏​ជា​កត្តា​ឲ្យ​រថយន្ត​ប្រើប្រាស់​បានយូរ​ដែរ​។ បើតាម លោក ជេ​ម​ស៍ ហ្សឹ​ម​ឃី ម្ចាស់​រថយន្ត​ត្រូវ​ពិនិត្យ​កម្រិត​ប្រេងម៉ាស៊ីន ពិនិត្យ​ហ្វ្រាំង ថែទាំ ផ្លិត​ទឹក ហើយ​រឿង​សំខាន់បំផុត​ក្នុងការ​ថែទាំ​រថយន្ត គឺ​ការដូរ​ប្រេងម៉ាស៊ីន​ទៀងទាត់​៕



Tag:
 James ZEMKE
 Mercedes
 ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com