ជាតិ
សេដ្ឋកិច្ច
ឃ្លាំងស្តុកដ៏ធំដែលទើបដំណើរការ អាចស្រូបស្រូវ ៥០ភាគរយនៃស្រូវខេត្តបាត់ដំបង
× បាត់ដំបង៖ ធនាគារស្រូវរបស់លោក ភូ ពុយ នៅថ្ងៃទី៣ខែកក្កដា បានសម្ពោធឃ្លាំងស្តុក និងឡសម្ងួតស្រូវ ដ៏ធំរបស់ខ្លួន ក្នុងខេត្តបាត់ដំបង។
ឃ្លាំងស្តុកនេះអាចស្តុកស្រូវបរិមាណ ២០ម៉ឺនតោន រួមទាំងឡសម្ងួតដែលមានសមត្ថភាពសម្ងួត ៣០០០តោនក្នុងមួយថ្ងៃ។ គម្រោងនេះ ធនាគារស្រូវទទួលបានឥណទានចំនួន ១៥លានដុល្លារពីរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) កាលពីឆ្នាំ២០១៦ ។
លោក ភូ ពុយ មានប្រសាសន៍ថា ឃ្លាំង និងឡសម្ងួតរបស់ក្រុមហ៊ុនលោក អាចទទួលលំហូរផលស្រូវប្រមាណ ៥០ ទៅ៦០ភាគរយនៃទិន្នផលស្រូវសរុបនៅខេត្តបាត់ដំបង ដែលជាជម្រុកស្រូវរបស់កម្ពុជាមួយនេះ។ លោកបន្ថែមថា ផលស្រូវដែលនៅសេសសល់ នឹងត្រូវហូរចូលឃ្លាំងស្តុកតួចៗរបស់បណ្ដាសហគ្រាសរោងម៉ាស៊ីនស្រូវដទៃទៀត។
ទន្ទឹមនឹងមានហេដ្ឋារចនាសម្ព័ន្ធថ្មីមួយនេះ លោក ភូ ពុយ បានមើលឃើញថា វិស័យស្រូវអង្ករក្នុងខេត្តបាត់ដំបង នឹងមិនជួបបញ្ហាទីផ្សារឡើយ។ «កសិករអាចលក់ស្រូវតាមតម្លៃទីផ្សារ ពួកគាត់មិនជួបបញ្ហាចាល់ស្រូវឡើយ»។
គួរបញ្ជាក់ថា ឃ្លាំងស្រូវរបស់ធនាគារស្រូវនៅខេត្តបាត់ដំបងនេះ គឺជាគម្រោងមួយនៃគម្រោងឃ្លាំងស្តុកផ្សេងទៀត ដែលរដ្ឋាភិបាលបានផ្ដល់ឥណទានសម្រាប់ការសាងសង់។ ក្នុងនោះមានឃ្លាំងស្តុកស្រូវនៅខេត្តកំពង់ធំរបស់ក្រុមហ៊ុន AmruRice ដែលដំណើរនៅថ្ងៃនេះ និងឃ្លាំងស្តុកនៅខេត្តព្រៃវែង និងខេត្តតាកែវ របស់ក្រុមហ៊ុនខ្មែរហ្វូត។ ក្រុមហ៊ុនទាំងនេះទទួលបានឥណទាន ៥លានដុល្លារបង្កើតឃ្លាំងស្តុកចំណុះ ៥ម៉ឺនតោន និងឡសម្ងួត ១៥០០តោនក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ ក្រសួងកសិកម្ម កាលពីខែឧសភា បានដាក់ឲ្យដំណើរឃ្លាំងស្តុកតម្លៃ ២,៨លានដុល្លារ ដែលគាំទ្រដោយរដ្ឋាភិកូរ៉េ នៅខេត្តកំពង់ចាម។
ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ត្រូវបានអ្នកក្នុងវិស័យនេះអះអាងថានឹងសម្រាលបន្ទុកក្នុងវិស័យស្រូវអង្ករ ទោះជាឃ្លាំងស្តុកទាំងនោះមិនទាន់គ្រប់ដណ្ដាប់ស្រូវទូទាំងប្រទេស។ គម្រោងទាំងនេះនឹងជួយបង្កើនការនាំចេញអង្ករទៅក្រៅប្រទេស ជួយតម្លៃស្រូវរបស់កសិករ និងកាត់បន្ថយលំហូរស្រូវទៅប្រទេសជិតខាង៕
Tag:
អង្ករ
ឃ្លាំងស្តុក
© រក្សាសិទ្ធិដោយ thmeythmey.com