ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​៖ ភាគី​ឥណ្ឌា នឹង​មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ទឹក​ថ្នាំ​ជ្រលក់​ដៃ ជាមួយ​កម្ពុជា
05, Jul 2018 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​បើក​សិក្ខាសាលា​សាធារណៈ ពិនិត្យ​លើទឹក​ថ្នាំ​ជ្រលក់​ដៃ ដែល​ក​ម្ម៉​ង់​ទិញ​ពី​ឥណ្ឌា សម្រាប់​ការបោះឆ្នោត​។ ការផ្ទៀងផ្ទាត់​ទឹក​ថ្នាំ​នេះ ក៏មាន​ការចូលរួម​ពី​ភាគី​ឥណ្ឌា ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​របស់​សាធារណៈជន ។​



​ឥណ្ឌា​នឹង​បញ្ជូន​ទឹក​ថ្នាំ​ជ្រលក់​ដៃ​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ល្ងាច​ថ្ងៃទី​៥ កក្កដា​នេះ​។ អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​បន្ថែមថា គ​.​ជ​.​ប នឹងដាក់​បង្ហាញ​ទឹក​ថ្នាំ​ជ្រលក់​ដៃ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន ហើយក៏​នឹង​រៀបចំ​សិក្ខាសាលា​សាធារណៈ ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ធ្វើការ​លើ​ផ្នែក​បោះឆ្នោត ចូលរួម​ពិនិត្យមើល​ផងដែរ​។ ក្រៅពីនេះ​គ​.​ជ​.​ប ក៏​នឹង​អញ្ជើញ​ភាគី​ឥណ្ឌា ឲ្យ​មក​ផ្ទៀងផ្ទាត់​ជាមួយ​កម្ពុជា ដើម្បី​បង្ហាញ​ពី​ភាពត្រឹមត្រូវ នៃ​គុណភាព​ទឹក​ថ្នាំ​ទៀតផង​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នឹង​រៀបចំ​សិក្ខាសាលា​មួយ បង្ហាញ​ដល់​សាធារណៈជន ប៉ុន្តែ​មិន​កំណត់​ថ្ងៃ​ច្បាស់​ទេ​។ ហើយក៏​មាន​ភាគី​ឥណ្ឌា មក​ចូលរួម​ផ្ទៀងផ្ទាត់​ដែរ​»​។​

​មូលហេតុ​ដែល​គ​.​ជ​.​ប បញ្ជា​ទិញ​ទឹក​ថ្នាំ​ពី​ឥណ្ឌា​នេះ ដោយសារ​វា​មាន​គុណភាព​ខ្ពស់ សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត ថ្នាក់ឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១៧​កន្លងមក​។ ទឹក​ថ្នាំ​ដែល គ​.​ជ​.​ប បាន​បញ្ជា​ទិញ​នេះ មានតម្លៃ​១៥,៧០​ដុល្លារ ក្នុង​មួយ​ដប ដែលមាន​ចំណុះ​៧០​មី​លី​លីត្រ ដោយ​ចំណាយ​ថវិកា​សរុប​៨០០,៧០០​ដុល្លារ សម្រាប់​ទឹក​ថ្នាំ​ចំនួន​៥១,០០០​ដប​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​លេខាធិការ​រង​គ​.​ជ​.​ប លោក សោម សូ​រី​ដា ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ កន្លងមក​។​

អត្ថបទទាក់ទង


​តែ​យ៉ាងណា​បញ្ហា​ទឹក​ថ្នាំ​នេះ មាន​មនុស្ស​មួយក្រុម គ្រោង​ធ្វើ​ចលនា​បំផុស​រឿង​ទឹកខ្មៅ​ជ្រលក់​ដៃ អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ ក្រោយ​ជ្រលក់​បាន​២៤​ម៉ោង ។ សម្ដេច ហ៊ុន សែន ដែល​បានដឹង​ពី​គម្រោង​នេះ ចាត់ទុកថា ជា​រឿងប្រឌិត ក្នុង​គោលបំណង​បំផ្លាញ​ដំណើរការ​បោះឆ្នោត ។ ប្រមុខ​រដ្ឋាភិបាល ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​ក្រុម​ទាំងនោះ​ផងដែរ​។​

​បន្ថែម​ពីនេះ​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប អះអាងថា ទឹក​ថ្នាំ​ដែល​គជប ទិញយក​មកប្រើប្រាស់​នេះ គ្មាន​សារធាតុ​បំផ្លាញ​អាយុជីវិត​ពលរដ្ឋ​ឡើយ​។ «​ក្នុងនាម​ជា​អ្នកគោរពច្បាប់ ជា​អ្នក​ស្រលាញ់​ប្រទេសជាតិ ស្រលាញ់​ពលរដ្ឋ ខ្ញុំ​ចង់​បញ្ជាក់ថា គ្មាន​អ្នកណា​យក​ទឹក​ថ្នាំពុល​មក​សម្លាប់​ខ្មែរ​គ្នាឯង​ឡើយ​។ ហើយ​ព័ត៌មាន​ទាំងឡាយណា ដែល​មិន​ចេញពី​មាត់​គជប សូម​ពលរដ្ឋ​កុំ​ទាន់​ជឿ​ឲ្យ​សោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ ទៅ​បោះឆ្នោត​តាម​ការកំណត់​។​

​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា (​ខុមហ្វ្រែល​)  លោក កន សាវា​ង្ស បាន​និយាយថា បញ្ហា​ទឹក​ថ្នាំ​គឺជា​រឿង​មួយ ប៉ុន្តែ​វា​មិនទាន់​ជា​ដំណាក់កាល​ព្រួយបារម្ភ​ដល់​ការបោះឆ្នោត​ទេ​។ សម្រាប់​លោក កន សាវា​ង្យ ការបោះឆ្នោត​ដំណើរ​ការល្អ​បាន លុះត្រាតែ គ​.​ជ​.​ប ប្រើប្រាស់​វិធានការ​ទាំង​៥ ដែល គ​.​ជ​.​ប ធ្លាប់​អនុវត្ត​ការងារ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១៧​។ យន្តការ​ដែល​លោក សាវង្ស លើកឡើង​នេះ គឹ​សំដៅ​ទៅលើ​ការទប់ស្កាត់ ការកេងបន្លំ​សន្លឹកឆ្នោត , បន្លំ​ការបោះឆ្នោត និង​ការប្រើប្រាស់​បញ្ជី​ឈ្មោះ​ដោយមាន​រូបថត លុបបំបាត់​ឈ្មោះ​ស្ទួន និង​ឈ្មោះ​ខ្មោច​ជាដើម​។ 

​គណបក្សនយោបាយ​ចំនួន​២០ ដែល​ចូលរួម​ការបោះឆ្នោត នឹងត្រូវ​ឃោសនា​នយោបាយ ចាប់ពី​ថ្ងៃទី​៧ ដល់​២៧ កក្កដា ។ ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា​៕



Tag:
 ហង្ស ពុទ្ធា​
  គ​.​ជ​.​ប
 ​បោះឆ្នោត​
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com