ជាតិ
បោះឆ្នោត
គ.ជ.ប.៖ គ្រប់គណបក្ស អាចធ្វើយុទ្ធនាការឃោសនាបានតែ៤ដងប៉ុណ្ណោះ ក្នុង១ខេត្ត
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយសង្កត់ធ្ងន់ចំពោះយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងចូលមកដល់នៅថ្ងៃទី៧ ខែកក្កដាខាងមុខ។ អ្វីដែល គ.ជ.ប. ផ្ដោតសំខាន់នោះ គឺចំនួននៃការឃោសនានៅក្នុងខេត្តនីមួយៗ។
សល់តែ២ថ្ងៃទៀតប៉ុណ្ណោះ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងចូលមកដល់។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប. បានស្នើដល់គ្រប់គណបក្សនយោបាយ និងអ្នកគាំទ្រទាំងអស់ ឲ្យគោរពទៅតាមច្បាប់នៃការឃោសនាបោះឆ្នោត ដែលមានចែង។ ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ គ.ជ.ប. បានសង្កត់ធ្ងន់ថា ក្នុងមួយរាជធានី-ខេត្តគ្រប់គណបក្សនយោបាយ អាចហែក្បួនឃោសនា បានតែ៤ដងប៉ុណ្ណោះ បើទោះជាក្បួននោះធ្វើឡើងតែមួយស្រុក ឬគ្រប់ស្រុកនៅក្នុងខេត្តក៏ដោយ។
បន្ថែមពីលើសេចក្តីប្រកាសព័ត៌មាន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ យ៉ាងដូច្នេះថា៖«មិនថាគណបក្សនយោបាយណាឡើយ មានសិទ្ធិក្នុងការឃោសនាចំនួន៤ដងប៉ុណ្ណោះ ក្នុងមួយរាជធានី ខេត្ត បើទោះជាគាត់ហែក្បួនត្រឹមមួយស្រុក ក៏រាប់ជាចំនួន១ដង ក្នុងមួយខេត្តដែរ។ តែការដង្ហែក្បួនទាំង៤ដងនោះ មិនអាចឆ្លងខេត្តបានឡើយ»។
នៅក្នុងដំណើរការនៃការឃោសនា ដោយប្រើឧបករណ៍បំពងសំឡេង ត្រូវបានហាមឃាត់ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល ហើយហាមមិនឲ្យឃោសនានៅក្បែរមន្ទីរពេទ្យ និង ហាមមិនឲ្យឃោសនានៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានាក្នុងម៉ោងសិស្សកំពុងរៀនឡើយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនដដែល គ.ជ.ប. បានបញ្ជាក់ថា គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត អាចផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនដោយមធ្យោបាយជាច្រើនដូចជា ការជួបប្រជុំជាសាធារណៈ ការរៀបចំក្បួនព្យុហយាត្រា ដោយថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅរាជធានី ខេត្ក ក្រុង ស្រុក ខណ្ឌ។ មិនតែប៉ុណ្ណោះ គ្រប់គណបក្សនយោបាយអាចជួបជុំ ឬការឃោសនាតាមផ្ទះប្រជាពលរដ្ឋ អាចផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន និងអាចឃោសនាតាមឧបករណ៍បំពងសំឡេង ឬចាក់ផ្សាយកាសែតវីដេអូ ឬវីស៊ីឌី ឬឌីវីឌី។ បន្ថែមលើនេះ ការបិទផ្សាយបដាពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនា ការចែកខិត្តប័ណ្ណ ស្លាកសញ្ញាគណបក្ស ឬមួក សម្លៀកបំពាក់ ដែលមានស្លាកសញ្ញាគណបក្ស ឬបេក្ខជន ជូនអ្នកបោះឆ្នោតជាដើម ត្រូវបានអនុញ្ញាត។
សេចក្ដីប្រកាសព័ត៌មានខាងលើ ក៏បានបញ្ជាក់អំពីបណ្ដឹងពាក់ព័ន្ធនឹងជនដែលមិនមែនជាមន្ត្រីបោះឆ្នោត ឬគណបក្ស ត្រូវធ្វើឡើងចំនួន៤ដំណាក់កាល។ ដំណាក់កាលទី១ ការប្ដឹង និងដោះស្រាយនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។ ដំណាក់កាលទី២ ប្ដឹង និងដោះស្រាយនៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត។ ដំណាក់កាលទី៣ ប្ដឹង និងដោះស្រាយបណ្ដឹងនៅ គ.ជ.ប.។ ឯដំណាក់កាលទី៤ ដោះស្រាយបណ្ដឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ។
សូមរម្លឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយការឃោសនា មានរយៈពេល២១ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា។ ដោយនៅថ្ងៃទី២៨ ខែកក្កដា គឺជាថ្ងៃស ដែលតម្រូវឲ្យគ្រប់សកម្មភាពឃោសនាទាំងអស់ ត្រូវបញ្ឈប់៕
Tag:
គជប
បោះឆ្នោត
ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com