អន្តរជាតិ
លិច​ទូក​នៅ​ថៃ​៖ រកឃើញ​សាកសព​២១​នាក់​ហើយ​
06, Jul 2018 , 4:12 pm        
រូបភាព
ប្រតិបត្តិការសង្គ្រោះ និង​ប្រមូល​សាកសពដោយសារការលិចទូកនៅភូកេត។ រូបថត AFP
ប្រតិបត្តិការសង្គ្រោះ និង​ប្រមូល​សាកសពដោយសារការលិចទូកនៅភូកេត។ រូបថត AFP
ថៃ​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន​២១​នាក់​ស្លាប់ នៅក្នុង​ឧប្បទ្ទវហេតុ​លិច​ទូក​ទេសចរណ៍ នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៥ កក្កដា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ ទី​៦ ខែកក្កដា​។​



​ទូក​ទេសចរណ៍ Phoenix ដែល​ដឹក​ភ្ញៀវ​ទេសចរណ៍ ចំនួន​១០៥​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន បាន​ជួប​ឧប្បទ្ទវហេតុ​មួយ ដោយសារ​រលកកម្ពស់​៥​ម៉ែត្រ បាន​វាយបោក​ទៅលើ​ទូក ដែល​បណ្ដា​លឲ្យ​ភ្ញៀវទេសចរ​ធ្លាក់ចូល​ទៅក្នុង​ទឹក​។ ក្នុងចំណោម​ភ្ញៀវទេសចរ​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​ថៃ ជួយសង្គ្រោះ​ប្រមាណ​៥០​នាក់​។​

​ចំណែក​មនុស្ស​ចំនួន​២១​នាក់​ផ្សេងទៀត ត្រូវបាន​រកឃើញថា បាត់បង់​ជីវិត នៅ​ក្នុងករណី​គ្រោះថ្នាក់​នេះ ខណៈ​សាកសព​មួយចំនួនទៀត​មិនទាន់​ត្រូវបាន​ស្រង់​យក​។

​ក្រៅពី​ទូក​ទេសចរណ៍ Phoenix នេះ ក៏មាន​ទូក​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត ជួប​ឧប្បទ្ទវហេតុ​ដែរ ប៉ុន្តែ​អ្នកដំណើរ​ទាំងនោះ ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា​។ នេះ​បើតាម​របាយការណ៍​រប​ស់​អាជ្ញាធរខេត្ត​ភូ​កេ​ត ដែល​បាន​បន្ថែមថា ទូក​ទេសចរណ៍ ដឹក​អ្នកដំណើរ​ទាំងនេះ ទំនងជា​មិនបាន​ដឹង​ពី​បញ្ហា​អាកាសធាតុ ដែល​អាជ្ញាធរ​បាន​ជូនដំណឹង​៕


Tag:
 ទេសចរណ៍​
  ថៃ​
  ទូក​លិច​
© រក្សាសិទ្ធិដោយ thmeythmey.com