មុខរបរលក់ដូរតូចតាចមួយចំនួនតាមផ្លូវក្នុងក្រុងភ្នំពេញ បានធ្វើឲ្យជីវភាពរបស់អ្នកលក់ទាំងនេះ មានភាពប្រសើរមួយកម្រិតដែរ។ អាជីវករទាំងនោះ អាចរកប្រាក់ចំណេញបានជាង ៣០០ដុល្លារ ក្នុងមួយខែ។
មានដើមកំណើតនៅខេត្តព្រៃវែង លោក ពេជ្រ នី បានប្រកបរបរលក់ដូងលើរទេះរុញតាមផ្លូវ ក្នុងក្រុងភ្នំពេញ អស់ជាង១០ឆ្នាំមកហើយ។ ក្នុងមួយថ្ងៃលោក នី លក់ដូងបានយ៉ាងតិច ១០ឡូដែលលក់បោះដុំនៅតាមភោជនីយដ្ឋានខ្លះ និងលក់រាយតាមផ្លូវខ្លះ។ ផ្លែដូងដែលលោក យកមកលក់ និងចែកចាយបន្តនេះ គឺយកពីខេត្តកំពតដែលមានឡាន ដឹកមកដល់កន្លែង នៅក្បែរផ្សារប៉េសេ ជារៀងរាល់ថ្ងៃ។ បើតាមលោក ពេជ្រ នី ក្រោយទូទាត់ថ្លៃចំណាយរួចហើយ លោកនៅសល់ប្រាក់ចំណេញ ៥០,០០០រៀលដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ពេជ្រ នី បានអះអាងថា៖ «មុខរបរនេះ ដ្បិតអីវាមិនអាចជួយខ្ញុំឲ្យក្លាយជាអ្នកមានក៏ពិតមែន ប៉ុន្តែវាជួយសម្រួលដល់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃបានច្រើន ហើយមុខរបរនេះ ក៏ជាជម្រើសល្អសម្រាប់ខ្ញុំ ដែលជាអ្នកគ្មានជំនាញអ្វីក្រៅពីធ្វើស្រែ »។
ដោយឡែក មុខរបរលក់ផ្លែម្នាស់ ក៏អាចរកប្រាក់ចំណេញបាន មិនចាញ់ពីការលក់ដូងប៉ុន្មានដែរ។ កញ្ញា ស្រីនាង វ័យ២០ឆ្នាំ ជាអ្នកលក់ផ្លែម្នាស់មុខផ្សារទួលទំពូង បានប្រាប់ឲ្យដឹងថា កញ្ញាអាចរកប្រាក់ចំណេញពី៣០០ ទៅ៤០០ដុល្លារ ពីការលក់ម្នាស់ក្នុងមួយខែ។ កញ្ញាវ័យក្មេងរូបនេះ បានធ្វើដំណើរមកលក់ម្នាស់នៅមុខផ្សារទួលទំពូងរាល់ថ្ងៃ ពីម៉ោង១០ព្រឹក ដល់ម៉ោង៤ល្ងាច ហើយអាចលក់ម្នាស់បានជាមធ្យម៦០ផ្លែក្នុងមួយថ្ងៃ។ ម្នាស់មួយផ្លែតម្លៃ២,០០០រៀល។ កញ្ញា បានបន្តថា ម្នាស់យកមកលក់នេះ មានប្រភពមកពីខេត្តបាត់ដំបង មានឡានដឹកយកមកឲ្យនៅផ្សារអូរឫស្សី។
ស្រីនាង បានបញ្ជាក់ថា៖ « មួយថ្ងៃខ្ញុំលក់ម្នាស់បានប្រាក់១២០,០០០រៀល។ ដកថ្លៃដើមទិញម្នាស់១០០ផ្លែយកមកលក់អស់៦០,០០០រៀល ដកថ្លៃអាហារថ្ងៃត្រង់អស់ ៥,០០០រៀល និងថ្លៃចំណាយតិចតួច ទិញថង់ ទិញទឹកហូបអស់ ៥,០០០រៀលទៀតក្នុងមួយថ្ងៃ។ ដូច្នេះខ្ញុំនៅសល់ប្រាក់ចំណេញ ៥០,០០០រៀលក្នុងមួយថ្ងៃ»។
លោក ខន នី ដែលជាអ្នករត់ម៉ូតូផង និងអ្នកលក់ពោតអាំងផង ក៏អាចរកចំណូលមិនតិចជាង៣០០ដុល្លារឡើយ។ លោក នី បាននិយាយថា គាត់មានពេលទំនេរច្រើននៅពេលព្រឹក ដូច្នេះគាត់អាចឆ្លៀតពេលទៅរត់ម៉ូតូឌុបនៅផ្សារនាគមាស ដើម្បីរកចំណូលបន្ថែមទៀត។ ក្រោយអាហារថ្ងៃត្រង់រួច លោក នី ចាប់ផ្តើមរៀបចំ ពោត ធ្យូង និងទឹកជ្រលក់ដាក់លើរទះជិះលក់ រហូតដល់ម៉ោង៩យប់ជារៀងរាល់ថ្ងៃ។
ដ្បិតតែវាជាមុខរបរលក់ដូរតូចតាចពិតមែន ប៉ុន្តែរបរទាំងនេះ បានធ្វើឲ្យជីវភាពរបស់ពួកគេ មានភាពប្រសើរ និងអាចជួយដោះស្រាយបញ្ហាគ្រួសារបានមួយកម្រិត៕