ជាតិ
បាក់ឌុប
បាក់ឌុប៖ បេក្ខជនដែលឲ្យគេប្រឡងជំនួស ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ និងមិនឲ្យប្រឡង២ឆ្នាំ
× ភ្នំពេញ៖ បេក្ខជនណា ដែលឲ្យគេមកប្រឡងជំនួស ត្រូវបានកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យចូលរួមប្រឡងចំនួន២ឆ្នាំ។ ចំណែកបេក្ខជន ដែលមកប្រឡងជំនួសគេ នឹងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
នេះជាឆ្នាំទី៥ហើយ ដែលក្រសួងអប់រំ បានកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយដំណើរការប្រឡងក្នុងឆ្នាំនេះ នៅតែបន្តរឹងបណ្ដឹងដដែល។ ក្រសួងអប់រំ ក៏បានចេញសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ជុំវិញដំណើរការប្រឡងនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងផងដែរ។
ទាក់ទងនឹងករណីប្រឡងជំនួស ក្រសួងអប់រំ បញ្ជាក់យ៉ាងដូច្នេះ៖ «ចំពោះបេក្ខជនដែលឲ្យគេប្រឡងជំនួស ត្រូវបានកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រឡងពីរឆ្នាំបន្តបន្ទាប់។ ដោយឡែក បេក្ខជនដែលប្រឡងជំនួសគេ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន»។
សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ សីហាខាងមុខនេះ ដោយមានបេក្ខជនប្រឡងចំនួន ១១៧.០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦បន្ទប់ នៅរាជធានីខេត្តទាំង២៥ទូទាំងប្រទេស៕
Tag:
អប់រំ
ប្រឡង
បាក់ឌុប
ជំនួស
ធ្លាក់
© រក្សាសិទ្ធិដោយ thmeythmey.com