ជាតិ
សង្គមជាតិ
រដ្ឋាករទឹកស្វយ័តនឹងផ្ដាច់ទឹក ៨ម៉ោង ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
× ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹក រយៈពេល ៨ម៉ោង នៅក្នុងសង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមការជូនដំណឹងនៃរដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការផ្អាកផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងរយៈពេលខ្លីនេះ ដោយសារត្រូវកាត់បំពង់មេចេញចូលអាងតម្កល់ទឹកក្បាលដំរី ដើម្បីពង្វាងគេចបណ្តាញលូប្រអប់នៅផ្លូវលេខ 105K ឬផ្លូវតាំងកសាង ក្នុងខណ្ឌពោធិ៍សែនជ័យ។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា បណ្តាញលូប្រអប់ដែលមានទំហំ ២ម៉ែត្រគុណនឹង២ម៉ែត្រ បានដាក់នៅក្នុងសាច់ផ្លូវរួចរាល់ហើយ ដោយតភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ី ដល់ប្រឡាយស្របផ្លូវរថភ្លើងតាំងកសាង ដើម្បីដោះស្រាយបញ្ហាទឹកលិច នៅមហាវិថីសហព័ន្ឋរុស្ស៊ី មុខព្រលានយន្តហោះ។
ការផ្អាកទឹកនេះ គឺចាប់ម៉ោង៨យប់ ថ្ងៃទី១១ ដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ កក្កដា ដែលមានទីតាំងនៅភូមិសាស្ត្រ តំបន់ខាងជើង -ខាងលិច និងខាងក្នុងព្រលានយន្តហោះ ដែលនឹងប៉ះពាល់ប្រជាពលរដ្ឋចំនួន ១០,២៧០គ្រួសារ នៅក្នុងសង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋ ដែលរស់នៅទីតាំងខាងលើ យោគយល់ចំពោះការផ្អាកផ្គត់ផ្គង់ទឹកក្នុងរយៈពេលខ្លីនេះ។ រដ្ឋាករទឹក បានបន្តថា ការកាត់ភ្ជាប់បំពង់មេនាំទឹកថ្មី ទំហំ ៤០០មម នៅលើផ្លូវលេខ ១០៥K ទល់មុខអាងតម្កល់ទឹកក្បាលដំរី ស្ថិតនៅក្នុងសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ។ បើតាមរដ្ឋាករទឹកស្វយ័ត ក្រោយពីតភ្ជាប់បំពង់ថ្មីរួចរាល់ ទឹកអាចនឹងធ្វើមានគុណភាពល្អក់កករក្នុងរយៈពេលខ្លី។
រដ្ឋាករទឹកស្វ័យត ប្រាប់ឲ្យប្រជាពលរដ្ឋ ម្ចាស់ស្ថាប័ន រោងចក្រ និងសហគ្រាស ដែលមានទីតាំងនៅភូមិសាស្ត្រខាងលើ ត្រូវត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ក្នុងរយៈពេលខ្វះទឹកប្រើប្រាស់រយៈពេលខ្លីនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com