កីឡាអន្តរជាតិ
អន្តរជាតិ
តើក្រូអាស៊ី ឬអង់គ្លេស ដែលត្រូវឡើងទៅជួបបារាំងនៅវគ្គផ្តាច់ព្រ័ត្រ World Cup? អ្នកគាំទ្រក្រូអាស៊ី និងអង់គ្លេស។ រូបថត AFP
× បារាំងកំពុងឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 បន្ទាប់ពីពួកគេបានយកឈ្នះបែលហ្ស៊ិក ១-០ ។ នាវេលាម៉ោង១អធ្រាត្រនេះ ក្រូអាស៊ី និងអង់គ្លេស ត្រូវប្រជែងគ្នានៅកីឡដ្ឋាន Luzhniki Stadium ក្រុងមូស្គូ។
នេះជាជំនួបលើកទី៨រវាងក្រុមទាំងពីរ ដោយកន្លងមក អង់គ្លេសឈ្នះ៤លើក ក្រូអាស៊ីឈ្នះ២លើក និងស្មើ១លើក។ សម្រាប់ព្រឹត្តិការណ៍ធំ ពួកគេធ្លាប់ជួបគ្នាតែ១លើកគត់ នាពេលដែលអង់គ្លេសឈ្នះ ៤-២ នាវគ្គជម្រុះតាមពូលនៃ Euro 2004 ។
អង់គ្លេសនឹងលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup លើកទី៣ ដោយកាលពីឆ្នាំ១៩៦៦ ពួកគេយកបំបាក់ព័រទុយហ្គាល់ ២-១ ក្នុងដំណើរទៅឈ្នះជើងឯក ប៉ុន្តែនៅឆ្នាំ១៩៩០ ពួកគេចាញ់អាល្លឺម៉ង់ ក្រោយការសម្រេចក្តីដោយបាល់ប៉េណាល់ទី។
ក្រូអាស៊ី មានកីឡាករដែលស៊ុតបាល់បញ្ចូលទីរហូតដល់ទៅ៨នាក់ក្នុងព្រឹត្តិការណ៍ World Cup 2018 នេះ ។ ពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឆ្នាំ១៩៩៨ ដែលជាបង្ហាញខ្លួនលើកដំបូងនៅ World Cup ដោយបានចាញ់ម្ចាស់ផ្ទះបារាំង ២-១ ហើយឈ្នះហូឡង់ក្នុងលទ្ធផលដូចគ្នានាការប្រកួតដណ្តើមយកលេខ៣ ។
Harry Kane ដែលមាន៦គ្រាប់នៅក្នុងដៃ គឺជាកម្លាំងដ៏មុតស្រួចរបស់អង់គ្លេស ខណៈ Mario Mandzukic រួមចំណែកឲ្យមានការស៊ុតបាល់បញ្ចូលទីសរុប៤គ្រាប់សម្រាប់ក្រូអាស៊ី។ អង់គ្លេសត្រូវបានចាត់ទុកថា ជាក្រុមដ៏គ្រោះថ្នាក់នៅរាល់ពេលមានការទាត់បាល់ពិន័យ set-pieces ខណៈក្រូអាស៊ី នឹងគំរាមកំហែងតាមរយៈជំនាញនៃការតែតបាល់បញ្ចូលទី៕
© រក្សាសិទ្ធិដោយ thmeythmey.com