កីឡាជាតិ
ជាតិ
Hun Sen Cup ១៦ក្រុមជើងទីមួយ៖ ស្មើ២ប្រកួត ស៊ីសងគ្នា៥ប្រកួត ខណៈបឹងកេត និងណាហ្គា ជោគជ័យធំ ជំនួបរវាងគិរីវង់ (ត្រួយចេក) និងអគ្គស្នងការដ្ឋាននគរបាលជាតិនៅពហុកីឡដ្ឋានជាតិ។ រូបថត CNCC
× ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) បានបញ្ចប់ការប្រកួតជើងទីមួយនៃវគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងចំណោមជំនួបទាំង៧គូ លទ្ធផលស្មើគ្នាមាន២ប្រកួត ការស៊ីសងគ្នាមាន៥ប្រកួត ខណៈបឹងកេត ណាហ្គាវើល និងក្រសួងការពារជាតិ មានប្រៀបខ្លាំងលើគូប្រជែងនៅមុនការប៉ះគ្នានៅជើងទីពីរនៅថ្ងៃពុធសប្តាហ៍ក្រោយ។
បឹងកេត ឈ្នះម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ៥-១
ចាន់ វឌ្ឍនាកា បង្ហាញខ្លួនឡើងវិញនៅទ្រនំចាស់របស់ខ្លួនជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រៅពីវឌ្ឍនាកា កីឡាករចំណូលថ្មី និងកីឡាករវ័យក្មេងរបស់បឹងកេតបីរូបផ្សេងទៀត មានឈ្មោះក្នុងតារាងនៃការស៊ុតបាល់បញ្ចូលទី ដោយ ម៉ុន វ៉ាន់ដា រកបាន២គ្រាប់ កែ វណ្ណ់ៈ និងជា វេស្លី រកបានម្នាក់១គ្រាប់។ មួយគ្រាប់របស់វេស្ទើន សម្រេចបានដោយ សឿង សុបញ្ញា។
ណាហ្គាវើល យកឈ្នះខេត្តកំពត ៥-១
ជំនួបនៅលើទីលានកងយោធពលខេមរភូមិន្ទ ម្ចាស់ជើងឯកឆ្នាំ២០១៣ ណាហ្គាវើល ហាក់ដូចជាកក់កៅអីរួចទៅហើយទៅកាន់វគ្គបន្ត បន្ទាប់ពី គួច ដានី, រុន រ៉ានី, សួង វិរៈ, សារី ម៉ាត់ណូរ៉ូទីន និងឡេង មករា រកបានម្នាក់១គ្រាប់សម្រាប់ក្រុមនៅជើងទីមួយ។ តែទោះបីយ៉ាងណាក៏ដោយ ក្រុមខេត្តកំពតក៏មានគ្រាប់បញ្ចូលទីតាមពីក្រោយ១គ្រាប់ផងដែរ អរគុណការភ្លាត់បញ្ចូលទីខ្លួនឯងរបស់ខ្សែការពារណាហ្គាវើល ញឹម សុវណ្ណារ៉ា នៅជិតបញ្ចប់ការប្រកួត។
ក្រសួងការពារជាតិឈ្នះអាស៊ីអឺរ៉ុប ៣-១
ប្រធានក្រុម រ៉ឹង ប៊ុនហៀង រកបានគ្រាប់បាល់នាំមុខនៅតង់ទីមួយសម្រាប់ម្ចាស់ផ្ទះក្រសួងការពារជាតិនៅស្តាតចាស់ ប៉ុន្តែ ម៉ាត់ ហូសាន់ បានតែតបាល់តាមស្មើវិញមុនបញ្ចប់តង់ទីមួយ។ ឈានដល់តង់ទីពីរ ការពារជាតិដែលជាម្ចាស់ជើងឯកពីរជំនាន់ រកបាន២គ្រាប់បន្ថែមទៀតដែលសម្រេចបានដោយ ភួង សុខសាណា និងខែក ខេមរិន។
ភ្នំពេញក្រោនឈ្នះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ២-១
យ៉ើ មូស្លីម រកបានគ្រាប់បាល់បញ្ចូលទីនាំមុខសម្រាប់ភ្នំពេញក្រោន ហើយមុនបញ្ចប់តង់ទីមួយ អគ្គិសនីកម្ពុជាតាមស្មើវិញ ដែលជាការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករភ្នំពេញក្រោន ក្រោយសួន វាសនា ទាត់បាល់ចេញពីជ្រុង។ ជួន ចាន់ចាវ ជាអ្នកនាំជ័យជម្នះឲ្យភ្នំពេញក្រោននៅនាទី៨២។
ព្រះខ័នរាជស្វាយរៀងឈ្នះភ្ញៀវវិសាខា ១-០
ម្ចាស់ការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះនៅជើងទីមួយលើក្រុមវិសាខា ដែលកំពុងឡើងជើងក្នុងក្របខណ្ឌខេមបូឌានលីក។ ជ័យជម្នះនេះ សម្រេចបានដោយខ្សែបម្រើ ហូយ ផល្លីន នៅនាទី៦៤ នៅកីឡដ្ឋានខេត្តស្វាយរៀងរបស់ខ្លួនផ្ទាល់។
សូលទីឡូអង្គរ និងអង្គរថាយហ្គឺរ បញ្ចប់ក្នុងលទ្ធផលស្មើ ២-២
ក្រុមដែលប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាបជាទឹកដី បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ។ ឡុង ភារ៉ាត់ និង កែវ សុផល រកគ្រាប់បញ្ចូលទីឲ្យសូលទីឡូអង្គរ ខណៈគ្រាប់បាល់បញ្ចូលទី២គ្រាប់របស់អង្គរថាយហ្គឺរ សម្រេចបានដោយ តាំង សុភ័ក្ត្រ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ស្មើ ២-២ ជាមួយគិរីវង់សុខសែនជ័យនៅពហុកីឡដ្ឋានជាតិអូឡាំពិក
Tag:
បាល់ទាត់
Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com