LDP ទាមទារ​ឲ្យ​គ​.​ជ​.​ប​. កំណត់​យក​សញ្ញា​ធិ​ច​តែមួយគត់ សម្រាប់​គូស​លើ​សន្លឹកឆ្នោត​

ជាតិ
បោះឆ្នោត
LDP ទាមទារ​ឲ្យ​គ​.​ជ​.​ប​. កំណត់​យក​សញ្ញា​ធិ​ច​តែមួយគត់ សម្រាប់​គូស​លើ​សន្លឹកឆ្នោត​
12, Jul 2018 , 5:42 pm         3393
រូបភាព
លោក ខឹម វាសនា ប្រធានបក្ស LDP នាជំនួបជាមួយសមាជិក​របស់ខ្លួននៅខេត្តកំពង់ឆ្នាំង។ រូបថត ហ្វេសប៊ុក LDP
លោក ខឹម វាសនា ប្រធានបក្ស LDP នាជំនួបជាមួយសមាជិក​របស់ខ្លួននៅខេត្តកំពង់ឆ្នាំង។ រូបថត ហ្វេសប៊ុក LDP
ដោយ: ថ្មីៗ
​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែលមាន​រូប​ជួង​ជា​សញ្ញា​សម្គាល់ នៅតែ​មិន​សុខ​ចិត្តនឹង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ដែល​កំណត់​យក​សញ្ញា​ច្រើនយ៉ាង សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ គូស​លើ​សន្លឹកឆ្នោត​។ ប្រធាន​គណបក្ស​នេះ ស្នើ​ឲ្យ​ប្រើ​សញ្ញា​ធិ​ច (✓) តែមួយ​ប៉ុណ្ណោះ សម្រាប់​គូស​នៅក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​តូច​នៃ​សន្លឹកឆ្នោត ជូន​គណបក្ស​ណាមួយ ដែល​អ្នកបោះឆ្នោត​ពេញចិត្ត​។



​សំណើ​របស់​ស់លោក ខឹម វាសនា ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២0១៨ បាន​ទៅដល់​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​. ហើយ​។ ក្នុង​សំណើ​នោះ លោក បាន​សុំ​ឲ្យ​គ​.​ជ​.​ប​. លុបចោល​នូវ​ចំណុច ដែល​កំណត់ថា ប្រជាពលរដ្ឋ​អាច​ប្រើ​សញ្ញា​ច្រើនយ៉ាង ដើម្បី​គូស​លើ​សន្លឹកឆ្នោត​។

​លោក សង្កត់ធ្ងន់ថា ការកំណត់​បែបនេះ ធ្វើ​ឲ្យ​ការបោះឆ្នោត​លែង​សម្ងាត់ ព្រោះ​គេ អាច​សម្គាល់​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត​បាន​។ តាមរយៈ​សំណើ​របស់ខ្លួន ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រាប់​ប្រធាន​គ​.​ជ​.​ប​. យ៉ាង​ដូច្នេះ​ថា​៖«​ជនខិលខូច អាច​ទិញ លក់​សន្លឹកឆ្នោត ឬ​គំរាមកំហែង​អ្នកបោះឆ្នោត​បាន ដោយ​បង្គាប់បញ្ជា ឬ​លួងលោម​អ្នកបោះឆ្នោត​ឲ្យ​គូ​សសញ្ញា​បែបនេះ ឬ​គូសស​ញ្ញា​បែប​នោះ ដែល​ខ្លួន​បានកំណត់​»​។

​មុននឹង​ដាក់សំណើ​ទាមទារ​ជា​ផ្លូវការ លោក ខឹម វាសនា និង​អ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​និយាយ​ពី​រឿងនេះ​ច្រើនលើកច្រើនសា​មកហើយ​។ លោក ខឹម វាសនា ក៏​ធ្លាប់​អះអាង​តាមរយៈ​ការផ្សាយ​ផ្ទាល់ (Live) លើ​ហ្វេ​ស​ប៊ុ​ក​ដែរ ថា លោក បាន​ទៅ​ជួប​ទូត​នានា ដូចជា​បារាំង និង​ជប៉ុន ជាដើម ដើម្បី​សុំ​ឲ្យ​ជួយ​ជំរុញ​គ​.​ជ​.​ប​. ឲ្យ​កែប្រែ​ពី​របៀប​គូ​សសន្លឹកឆ្នោត​។

​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ គ​.​ជ​.​ប​. បាន​ផ្សព្វផ្សាយ​ឯកសារ ស្តីពី​របៀប​គូ​សសន្លឹកឆ្នោត​។ ក្នុង​ឯកសារ​នោះ ក្រៅពី​សញ្ញា​ធិ​ច គ​.​ជ​.​ប​. បានបង្ហាញ​សញ្ញា​ជាច្រើន​ទៀត ដែល​ប្រជាពលរដ្ឋ​អាច​គូស​លើ​សន្លឹកឆ្នោត​។ សញ្ញា​ទាំងនោះ មានដូចជា ×, +, -, /, v, U, 0, ~ ។​ល​។ ម្យ៉ាងទៀត គ​.​ជ​.​ប​. ក៏បាន​បញ្ជាក់​ដែរ ថា​ប្រជាពលរដ្ឋ អាច​គូសសញ្ញា​ក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​តូច​ក៏បាន ឬក៏​ក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​ធំ​ក៏បាន​។ 

​យ៉ាងណាក៏ដោយ កន្លងមក គ​.​ជ​.​ប​. បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ គូសសញ្ញា​ធិ​ច លើ​សន្លឹកឆ្នោត ជាជាង​ប្រើស​ញ្ញា​ផ្សេង​៕


Tag:
 បោះឆ្នោត​
  ខឹម វាសនា​
  សញ្ញា​ធិ​ច
© រក្សាសិទ្ធិដោយ thmeythmey.com