ជាតិ
បោះឆ្នោត
សម្ដេចក្រុមព្រះ នឹងត្រឡប់មកកម្ពុជា មុនពេលបោះឆ្នោត សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ រូបពីគណនីហ្វេសបុកឈ្មោះ ព័ត៌មានក្រុមព្រះ
× ភ្នំពេញ៖ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រឡប់មកកម្ពុជា មុនថ្ងៃបោះឆ្នោត ខណៈស្ថានភាពរបួសព្រះអង្គ បានធូរស្បើយជាបណ្ដើរៗហើយ។ នេះបើតាមលោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ។
លោក ញ៉េប ប៊ុនជិន បានប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្នសម្ដេចក្រុមព្រះ បានធូរស្បើយពីរបួសច្រើនហើយ ដោយរងចាំតែអាការព្រះអង្គបានរឹងមាំឡើងវិញបន្តិច ទ្រង់នឹងត្រឡប់មកកម្ពុជាវិញ ឲ្យបានមុនថ្ងៃបោះឆ្នោត។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា« បច្ចុប្បន្នសម្ដេចបានដោះបំពង់អុកស៊ីសែនចេញពីច្រមុះហើយ ឯរបួសជើងនិងទ្រូងរបស់ព្រះអង្គ ក៏បានធូរស្បើយច្រើនដែរ។ យ៉ាងណាចាំដល់ទ្រង់អាចសម្រួលការដកដង្ហើម ប្រសើរជាងនេះសិន ទ្រង់នឹងត្រឡប់មកកម្ពុជាវិញ»។
មកដល់ពេលនេះ សម្ដេចក្រុមព្រះ មិនទាន់ដឹងពីមរណៈភាពរបស់អ្នកម្នាង អ៊ុក ផល្លា នៅឡើយទេ។ នេះជាការបញ្ជាក់របស់លោក ញ៉េប ប៊ុនជិន ដែលបានបន្ថែមថា ដំណឹងដ៏ក្រៀមក្រំនេះ ខាងគណបក្សមិនទាន់ទូលព្រះអង្គឡើយ ដោយអាស្រ័យលើខាងព្រះបរមរាជវាំង ។
បើតាមលោក ញ៉េប ប៊ុនជិន សម្ដេចក្រុមព្រះតែងតែសួរអំពីដំណឹង និងសុខទុក្ខរបស់អ្នកម្នាង អ៊ុក ផល្លា ជានិច្ចដែរ ប៉ុន្តែខាងគណបក្ស បានត្រឹមទូលព្រះអង្គថា អ្នកម្នាងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យផ្សេងទៀត។
សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែមិថុនា នៅក្នុងខេត្តព្រះសីហនុ។ ហេតុការណ៍នេះបានបណ្ដាលឲ្យសម្ដេចក្រុមព្រះរបួសធ្ងន់ ហើយអ្នកម្នាង អ៊ុក ផល្លា បានបាត់បង់ជីវិត ៕
Tag:
បោះឆ្នោត
សម្ដេចក្រុមព្រះ
អ៊ុក ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com