អន្តរជាតិ
វេណេស៊ុយអេឡាបូមប្រេងបានតិចបំផុតមិនធ្លាប់មានក្នុងពេល៣០ឆ្នាំមកនេះ ខណៈសេដ្ឋកិច្ចជិតក្ស័យធន
× អង្គការប្រទេសនាំប្រេងចេញ OPEC បានវាយតម្លៃថា បរិមាណប្រេងឆៅដែលវេណេស៊ុយអេឡាផលិតបានរៀងរាល់ថ្ងៃនេះគឺធ្លាក់ចុះទាបបំផុតមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រនារយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះបរិមាណប្រេងនេះកើតឡើងស្របពេលដែលរដ្ឋអាមេរិកឡាទីននេះបន្តប្រឈមបញ្ហានយោបាយ និងរឹតរួតដោយសារវិបត្តិសេដ្ឋកិច្ច។
បើតាមរបាយការណ៍របស់អង្គការ OPEC ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានAFP វេណេស៊ុយអេឡាផលិតប្រេងបានត្រឹមប្រហែល ១,៥លានបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលវាស្ថិតក្នុងកម្រិតទាបបំផុតមួយមិនធ្លាប់មាន។
ក្នុងអំឡុងឆ្នាំ ២០០២ និង ២០០៣ បរិមាណប្រេងឆៅដែលរដ្ឋសង្គមនិយមនេះផលិតបានធ្លាក់ចុះខ្លាំងដែរ ប៉ុន្តែកាលនោះវាធ្លាក់ចុះតែមួយស្របក់ប៉ុណ្ណោះដោយសារតែវាមានចលនាបាតុកម្មតវ៉ារបស់កម្មកររោងចក្រឧស្សាហកម្ម។
តាមពិតទៅ ថវិកាប្រហែល ៩៦ភាគរយនៃចំណូលសរុបដែលវេណេស៊ុយអេឡារកបានគឺបានពីការលក់ប្រេងឆៅ ប៉ុន្តែបញ្ហានយោបាយ និងសម្ពាធពីបរទេសលើសេដ្ឋកិច្ចធ្វើឲ្យរដ្ឋមួយនេះពិបាកនាំប្រេងចេញទៅលក់នៅទីផ្សារបរទេសផង។
បច្ចុប្បន្ននេះវេណេស៊ុយអេឡាដែលធ្លាប់ជាប្រទេសមានជាងគេមួយនៅអាមេរិកឡាទីន កំពុងបន្តប្រឈម វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ បើតាមរបាយការណ៍ មូលនិធិរូបីយអន្តរជាតិ IMF សេដ្ឋកិច្ចវេណេស៊ុយអេឡាអាចនឹងក្ស័យធន ហើយវាជារឿងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ។ ទំហំសេដ្ឋកិច្ចរួមតូចអស់ទំហំប្រហែល ៤៥ភាគរយរាប់ចាប់ពីឆ្នាំ ២០០៣ ខណៈដែលអតិផរណាកើនឡើងដល់លើស ពី១៣០០០ ភាគរយឯណោះ។ ចំណែកប្រជាជនវេណេស៊ុយអេឡាវិញបន្តប្រឈមកង្វះខាតចំណីអាហារបរិភោគ និងថ្នាំសង្កូវសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទៀត។
យ៉ាងណាក៏ដោយ កាលពីថ្មីៗនេះ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ស្របពេលដែលតម្លៃប្រេងឆៅកំពុងងើបក្បាលឡើងវិញនោះ លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់នោះបានឆ្លៀតប្រាប់រដ្ឋមន្ត្រីទទួលបន្ទុកប្រេង និងក្រុមហ៊ុនប្រេងរដ្ឋ PDVSA ឲ្យជំរុញការបូមប្រេងឲ្យបានទ្វេដងថែមទៀត។
អ្នកនយោបាយដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តចាត់ទុកថាផ្តាច់ការនេះ ចង់បង្កើនការផលិតឲ្យបាន ១ លានបារ៉ែលបន្ថែមទៀតក្នុងមួយថ្ងៃនាពេលឆាប់ៗនេះ ហើយលោកបានជំរុញឲ្យរដ្ឋមន្ត្រីលោកស្វែងរកជំនួយពីអង្គការ OPEC និងប្រទេសមហាអំណាចដូចជារុស្ស៊ី ចិន និងរដ្ឋសេដ្ឋីប្រេងអារ៉ាប់ផងដែរដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបូមប្រេងនេះផង។
បើទោះបីជាវេណេស៊ុយអេឡាជាប្រទេសដែលមានប្រេងបម្រុងច្រើនជាងគេនៅលើពិភពលោកក៏ដោយ ក៏ប្រទេសនេះមិនអាចបូមប្រេងបានច្រើនលានបារ៉ែលក្នុងមួយថ្ងៃដែរ។ ក្រៅពីពិបាកជួញដូរជាមួយពិភពខាងក្រៅ វេណេស៊ុយអេឡានៅតែប្រឈមនឹងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសម្រាប់បង្កើនការបូប និងដឹកជញ្ជូនប្រេងនៅឡើយ៕
Tag:
វេណេស៊ុយអេឡា
ប្រេងឆៅ
OPEC
© រក្សាសិទ្ធិដោយ thmeythmey.com