អន្តរជាតិ
នយោបាយអន្តរជាតិ
អាមេរិកទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខផ្តាច់ឲ្យអស់ការផ្គត់ផ្គង់ប្រេងខុសច្បាប់ឲ្យកូរ៉េខាងជើង
× រដ្ឋបាលក្រុងវ៉ាស៊ីនតោនបានស្នើសុំត្រង់ៗឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទប់ស្កាត់រាល់ការផ្គត់ផ្គង់ប្រេងច្នៃហើយខុសច្បាប់ដល់កូរ៉េខាងជើងទាំងស្រុង។ អាមេរិកបញ្ចេញរបាយការណ៍សម្ងាត់របស់ខ្លួនដែលបានរកឃើញថា កូរ៉េខាងជើងនៅតែបំពានទណ្ឌកម្មអង្គការសហប្រជាជាតិក្នុងការនាំប្រេងចូលលើកម្រិត ហើយចិន និងរុស្ស៊ីជាប្រទេសដែលចាំលក់ប្រេងឲ្យរបបដឹកនាំកូរ៉េខាងជើងនេះរហូតមក។
ទណ្ឌកម្មដែលដាក់ចេញដោយក្រុមប្រឹក្សាសន្តិសុខដែលមានគោលដៅហាមឃាត់ការផ្គត់ផ្គង់ប្រេងច្នៃហើយទៅឲ្យកូរ៉េខាងជើងនោះគ្មានប្រសិទ្ធិភាពទេ ។ នេះជាការបញ្ជាក់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅសប្តាហ៍នេះបន្ទាប់ពីទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខចេញចំណាត់ការបន្ទាប់បញ្ចប់ការបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដោយនាំប្រេងខុសច្បាប់ចូលនេះ។
បើតាមទីភ្នាក់ងារព័ត៌មានAFP រដ្ឋបាលលោក ត្រាំ បានបញ្ជូនរបាយការណ៍សម្ងាត់មួយទៅកាន់គណៈកម្មការទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយរបាយការណ៍នោះបង្ហាញថា ប្រេងដែលច្នៃហើយយ៉ាងហោចណាស់ ៧៥៩៧៩២ ប៉ារែលត្រូវបានបញ្ជូនទៅកាន់កូរ៉េខាងជើងពីខែមករាដល់ចុងខែឧសភាកន្លងមក។
បរិមាណប្រេងនេះលើសកូតាដែលមានកំណត់ក្នុងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខឆ្ងាយណាស់។ តាមដំណោះស្រាយអង្គការសហប្រជាជាតិដែលដាក់ទណ្ឌកម្មកូរ៉េខាងជើងកាលពីខែធ្នូឆ្នាំមុន បរិមាណកំណត់នោះគឺ ៥សែនបារ៉ែលប៉ុណ្ណោះដែលកូរ៉េខាងជើងអាចនាំចូលសម្រាប់ប្រេងកែច្នៃហើយ។ចំណែកប្រេងឆៅដែលកូរ៉េខាងជើងអាចនាំចូលបានគឺកម្រិតមកត្រឹមបួនលានបារ៉ែលប៉ុណ្ណោះក្នុងមួយឆ្នាំ។
ក្នុងរបាយការណ៍សម្ងាត់នោះ អាមេរិកអះអាងថា ការផ្គត់ផ្គង់ប្រេងឲ្យកូរ៉េខាងជើងនេះធ្វើឡើងតាមរយៈការដឹកជញ្ជូននិងផ្ទេរតាមកប៉ាល់តាមសមុទ្រ។ ការដឹកជញ្ជូននេះធ្វើឡើងយ៉ាងតិច ៨៩ដងក្នុងរយពេលប៉ុន្មានខែនេះ។
សំណើក្រុងវ៉ាស៊ីនតោននឹងត្រូវដាក់ចូលឲ្យគណៈកម្មការខាងលើត្រួតពិនិត្យនិងពិចាណានៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ប៉ុន្តែគេដឹងច្បាស់ថា ចិន និងរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនឹងជំទាស់។ កន្លងមកមហាអំណាចទាំងពីរបានជំទាស់រាល់ការប៉ុនប៉ងបង្កើនទម្ងន់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដែរ។
អង្គការសហប្រជាជាតិរកឃើញថា បើទោះជាមានទណ្ឌកម្មក៏ដោយ កូរ៉េខាងជើងនៅតែមានលទ្ធភាពស្វែងរកការនាំចូលប្រេងខុសច្បាប់បានកន្លងមកនេះ។ ទាក់ទិននឹងបញ្ហានេះ អាមេរិកក៏ចង្អុលដាក់មហាអំណាចទាំងពីរខាងលើដែរក្នុងរបាយការណ៍របស់ខ្លួននោះ ព្រោះពួកគេបន្តលក់ប្រេងឲ្យកូរ៉េខាងជើងដោយមិនខ្វល់នឹងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខនោះ។
តាមពិតទៅសហរដ្ឋអាមេរិក និងកូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នាលើការរំសាយសព្វាវុធក្រោយកិច្ចប្រជុំប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុននៅសិង្ហបុរីកាលពីខែមិថុនា។ កូរ៉េខាងជើងបានទាមទារឲ្យការដកទណ្ឌកម្មប្រឆាំងខ្លួនឲ្យបានឆាប់ស្របពេលដែលខ្លួនប្តេជ្ញារំសាយអាវុធរបស់ខ្លួននោះ។
យ៉ាងណាមិញ រដ្ឋបាលលោក ត្រាំ បានប្រកាសហើយថា ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដ៏តឹងរ៉ឹងនេះនៅតែរក្សានៅនឹងកន្លែងរហូតដល់កូរ៉េខាងជើងសម្រេចជោគជ័យក្នុងការបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងរំសាយនុយក្លេអ៊ែរទាំងស្រុងដោយមានការពិនិត្យទទួលស្គាល់ពីអង្គភាពជំនាញនិងឯករាជ្យនោះ។
Tag:
កូរ៉េខាងជើង
ប្រេង
អាមេរិក
ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com