អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង ចង់​ឲ្យ​អាស៊ាន​បញ្ចូល​កូរ៉េខាងជើង​ក្នុង​គ្រប់​ការប្រជុំ​តំបន់​
14, Jul 2018 , 6:29 pm        
រូបភាព
​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅបាន​លើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។ ថ្លែង​ពី​សិង្ហ​បុរី ដែល​កំពុង​កាន់តំណែង​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន លោក មូ​ន បានស្នើ​ឲ្យ​អាស៊ាន​បញ្ចូល​កូរ៉េខាងជើង​ទៅក្នុង​គ្រប់​ការប្រជុំ​របស់ខ្លួន ព្រោះ​វា​ជួយ​ឲ្យ​កូរ៉េខាងជើង​អាចបំពេញ​តួនាទី​ក្នុងនាម​ជា​សមាជិក​មួយ​រប​ស់ស​ហគ​មន៍​អន្តរជាតិ​។

 
​មុន​បញ្ចប​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សិង្ហ​បុរី ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ឆ្លៀត​ផ្ដល់​បាឋកថា​មួយ ដែល​ក្នុងនោះ​លោក​បាន​គូសបញ្ជាក់​ពី​តួនាទី​របស់​តំបន់​អាស៊ាន​ក្នុងការ​ស្វែងរក​ច្រកចេញ​នៃ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​។ សម្រាប់​លោក មូ​ន អាស៊ាន​ដើរតួ​សំខាន់ ព្រោះ​អាស៊ាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងជើង ដោយ​សមាជិក​អាស៊ាន​ទាំង​១០ សុទ្ធ​តែមាន​ចំណង​ការទូត​ជាមួយ​កូរ៉េខាងជើង ហើយ​ភាគច្រើន​មាន​ស្ថានទូត​នៅ​រដ្ឋធានី​ព្យុងយ៉ាង​ផង​។​
 
​អាស៊ាន គឺជា​ដៃគូ​សំខាន់​មួយ​របស់​កូរ៉េខាងជើង​ជាច្រើន​ឆ្នាំ​មកហើយ​។ កូរ៉េខាងជើង គឺជា​សមាជិក​នៃ​វេទិកា​តំបន់​អាស៊ាន ដែលមាន​ប្រទេស​អាស៊ាន​ទាំង​១០ ជា​សមាជិក បូករួម​នឹង​ប្រទេស​ដៃគូ​ទាំង​១៦ របស់ខ្លួន​។ យ៉ាងណាមិញ វេទិកា​នេះ​ជា​តុ​ចរចា​តែមួយគត់​ក្នុង​ទំនាក់ទំនង​អាស៊ាន និង​កូរ៉េខាងជើង ខុសពី​ប្រទេស​ដៃគូ​ផ្សេង​ដូចជា​កូរ៉េខាងត្បូង ចិន ជប៉ុន និង​ឥណ្ឌា ដែលមាន​ជំនួប​កំពូល​ជាមួយ​អាស៊ាន​ជាច្រើន​នៅ​រៀងរាល់ឆ្នាំ​។​
 
​ចំពោះមុខ​អ្នកចូលរួម​ជាច្រើន​ក្នុង​បាឋកថា​នៅឯ​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍​នៅ​ថ្ងៃទី​១៣ ខែកក្កដា លោក មូ​ន និយាយថា ការវិលត្រឡប់​ចូលរួម​ជីវភាព​ជាមួយ​សហគម​ន៍​អន្តរជាតិ នឹង​ជួយ​ឲ្យ​កូរ៉េខាងជើង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​នានា​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក​សង្ឃឹមថា អាស៊ាន​នឹង​បន្ថែម​កូរ៉េខាងជើង​ទៅក្នុង​ជំនួប​ទាំងអស់ និង​ពង្រឹង​ទំនាក់​ទំ​នា​ជាមួយ​កូរ៉េខាងជើង​ផង នៅពេល​រដ្ឋ​មួយ​នេះ​អនុវត្ត​ពេញលេញ​ការរំសាយ​នុយក្លេអ៊ែរ​។​
 
​ជុំវិញ​រឿងនេះ មេដឹកនាំ​កូរ៉េខាងត្បូង​រូបនេះ​បាន​ពន្យល់ថា យើង​ត្រូវបង្កើត​ឱកាស​ឲ្យ​កូរ៉េខាងជើង​ដើម្បី​ពេញ​តួនាទី​ជា​សមាជិក​សហគមន៍​អន្តរជាតិ​ដែលមាន​ការទទួលខុសត្រូវ​។ ជា​ថ្នូរ​មកវិញ កូរ៉េខាងជើង​នឹង​បង្កើត​ឱកាស​ឲ្យ​កូរ៉េខាងត្បូង អាស៊ាន ក៏ដូចជា​តំបន់​អាស៊ី​ទាំងមូល ព្រោះ​នៅពេល​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ត្រូវបាន​ដកចេញ​ក្រោយ​ការរំសាយ​នុយក្លេអ៊ែរ ទំនាក់ទំនង​សេដ្ឋកិច្ចរ​វា​អាស៊ាន និង​កូរ៉េខាងជើង​ដែល​ធ្លាប់តែ​រស់​រវើក នឹង​ត្រូវបាន​បង្កើន​ជាថ្មី​។​
 
​យ៉ាងណាមិញ ខណៈដែល​ការចរចា​អាមេរិក និង​កូរ៉េខាងជើង​មិន​ទៅមុខ​អ្វី​សោះ លោក មូ​ន ក៏បាន​ស្នើ​ឲ្យ​ភាគី​នេះ​បង្កើត​ការចរចា​ដោយស្មោះ​ត្រង់ និង​បាន​អះអាងថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏មាន​ឆន្ទៈ​ប្រែក្លាយ​ប្រទេស​ធម្មតា​ដូច​គេឯង​ដែរ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ​បាន​ព្រមាន​អាមេរិក និង​កូរ៉េខាងជើង​ទុក​មុន​ថា បើ​មិនអាច​រក្សា​ពាក្យសន្យា​របស់ខ្លួន​ទេនោះ សហគមន៍​អន្តរជាតិ​នឹង​ថ្កោលទោស​ពួកគេ​មិន​ខាន​៕ 

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  សិង្ហ​បុរី​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com