អន្តរជាតិ
ប្រមុខ​ការទូត​រុស្ស៊ី​៖ អន្តរាគមន៍​អាមេរិក​ធ្វើ​ឲ្យ​ប្រជាជន​លី​ប៊ី​និង​អ៊ីរ៉ាក់ រង​ទុក្ខ​ខ្លាំង​ជាង​មេដឹកនាំ​ផ្ដាច់ការ​ទៅទៀត​
14, Jul 2018 , 11:30 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov បាន​និយាយ​រិះគន់​យុទ្ធនាការ​របស់​អាមេរិក​នៅក្នុង​ប្រទេសមួយ​ចំនួន​នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​ធ្វើ​ប្រជាជន​ក្នុងប្រទេស​ទាំងនោះ​រងគ្រោះ​ខ្លាំង​។ ក្រោម​ហេតុផល​បញ្ចប់​របប​ផ្ដាច់ការ​នៅ​លី​ប៊ី អ៊ីរ៉ាក់ និង​ស៊ី​រី​ជាដើម អាមេរិក​បានធ្វើ​អន្តរាគមន៍​យោធា​ដើម្បី​បណ្ដេញ​មេដឹកនាំ​ប្រទេស​ទាំងនេះ​ចេញពី​តំណែង​។ ប៉ុន្តែ​លោក Lavrov ជឿថា សកម្មភាព​របស់​អាមេរិក​ធ្វើ​ជន​ស៊ីវិល​ស្លូតត្រង់​ជួប​បញ្ហា​កាន់តែ​លំបាក​ទៅវិញ​។

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ RT ដែល​ផ្ស​យ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ប្រមុខ​ការបរទេស​រុស្ស៊ី Sergei Lavrov បាន​និយាយ​ការពារ​អន្តរាគមន៍​របស់​រុស្ស៊ី​ក្នុង​ការជួយ​គាំទ្រ​រដ្ឋាភិបាល​ប្រធានាធិបតី​ស៊ី​រី Bashar Assad ដែល​ត្រូវ​លោកខាងលិច​ចាត់ទុកជា​មេដឹកនាំ​ផ្ដាច់ការ​។ ក្រោម​ការដឹកនាំ​របស់​អាមេរិក កម្លាំងចម្រុះ​បស្ចិមប្រទេស​បាន​ជួយ​គាំទ្រ​កម្លាំង​ឧទ្ទាម​ដើម្បី​ទម្លាក់​លោក Assad ចេញពី​តំណែង ប៉ុន្តែ​សង្គ្រាមស៊ីវិល​ជាច្រើន​ឆ្នាំ​មកនេះ ធ្វើ​ឲ្យ​ប្រជាជន​ស្លូតត្រង់​ជួប​បញ្ហា​ខ្លាំង​។​
 
​សម្រាប់​លោក Lavrov អន្តរាគមន៍​យោធា​របស់​អាមេរិក​ដែលមាន​គោលដៅ​ជួយ​ស្រោចស្រង់​ជន​ស៊ីវិល​ពី​កណ្ដាប់ដៃ​មេដឹកនាំ​ផ្ដាច់ការ ពិតជា​បណ្ដាល​ឲ្យ​ប្រជាជន​រង​ការឈឺចាប់​ខ្លាំង​ជាង​សកម្មភាព​របស់​មេដឹកនាំ​ដែល​លោកខាងលិច​ហៅថា ជន​ផ្ដាច់ការ​ទៅទៀត​។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​រូប​ក៏បាន​លើកយក​ករណី​សកម្មភាព​យោធា​អាមេរិក​នៅ​លី​ប៊ី និង​អ៊ីរ៉ាក់ ដើម្បី​ទាញ​ភស្តុតាង​បញ្ជាក់​ពី​ការរង​ទុក្ខវេទនា​រប​ស់​ប្រជាជន​ក្នុងប្រទេស​នេះ​ដែល​កើតឡើង​ដោយ​អាមេរិក​ផ្ទាល់​។​
 
«​ទោះ​លោក ហ្កា​ដា​ហ្វី និង​លោក សា​ដាម ហ៊ូ​សេន ជា​ជន​ផ្ដាច់ការ បើ​គេ​ប្រៀបធៀប​ការរង​ទុក្ខ​របស់​ប្រជាជន​ក្រោម​ការដឹកនាំ​របស់​អ្នក​ទាំងពីរ ទៅនឹង​ស្ថានភាព​ក្រោយ​អន្តរាគមន៍​មនុស្សធម៌​អាមេរិក នោះ​ចំនួន​អ្នកស្លាប់ ឬ​រងរបួស ឬ​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពីផ្ទះ មាន​ចំនួន​រាប់រយ​ពាន់​នាក់​ច្រើនជាង​ទង្វើ​មេដឹកនាំ​ផ្ដាច់ការ​ទៅទៀត​»​។ នេះ​ជា​សម្ដី​របស់លោក Lavrov ដែល​សង្កត់ធ្ងន់ថា រុស្ស៊ី​មិនបាន​ទទួលស្គាល់​ជន​ផ្ដាច់ការ​ឡើយ​។​
 
​រដ្ឋមន្ត្រីការបរទេស​ដ៏​មាន​ឥទ្ធិពល​នេះ​បាន​ពន្យល់​ជំហរ​រុស្ស៊ី​ថា រុស្ស៊ី​ចង់​ឲ្យ​ប្រទេស​ទាំងអស់​ចាត់វិធានកា​រ​ដើម្បី​ធានាថា សកម្មភាព​របស់​ពួកគេ​នឹងមិន​មានការ​ធ្វេសប្រហែស​ឡើយ មុននឹង​សម្រេចចិត្ត​អន្តរាគមន៍​នោះ​។ ដោយ​ចង់​សំដៅ​អាមេរិក លោក Lavrov បាន​និយាយ​ដោយ​ឥត​លាក់លៀម​ថា អ្នក​ដែល​បាន​បំផ្លាញ​អ៊ីរ៉ាក់ និង​លី​ប៊ី កំពុង​នាំយក​ស្ថានភាព​ដូចគ្នា​ទៅ​ដាក់​នៅ​ស៊ី​រី​ដែរ​៕

Tag:
 ​រុស្ស៊ី​
  អាមេរិក​
  Sergei lavrov
© រក្សាសិទ្ធិដោយ thmeythmey.com