ជាតិ
បោះឆ្នោត
លោកស្រី ពោធិ​តី សាវត្ថី​៖ បក្ស​ធម្មាធិបតេយ្យ​មិន​ហែ​ធំ​ឡើយ ព្រោះ​មិន​ចង់​ឲ្យ​ពលរដ្ឋ​ឈឺចាប់​
14, Jul 2018 , 11:24 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គណបក្ស​ធម្មាធិបតេយ្យ នឹង​មិនមាន​ការហែក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​ឡើយ​។ ការមិន​ហែ​ក្បួន​ធំ​នេះ ដោយសារតែ​អ្នកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស មាន​ហេតុផល​៤​ចំណុច ក្នុងនោះ​អ្វីដែល​សំខាន់​ជាងគេ​បំផុត​គឺ មិន​ចង់​ឲ្យ​ពលរដ្ឋ​ឈឺចាប់​។​



​ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ លោកស្រី ពោធិ​តី សាវត្ថី បាន​ផ្ដាស់​ប្តូរ​យុទ្ធសាស្ត្រ​របស់ខ្លួន ក្នុងការ​ឃោសនាបោះឆ្នោត​។ ការផ្លាស់ប្តូរ​នេះ គឺ​ប្ដូរ​ពី​មាន​គម្រោង​ឃោសនា​ទ្រង់ទ្រាយ​ធំ ទៅ​កា​រហែ​ក្បួន​តូចៗ​ធម្មតា​តាម​តំបន់​។ មូល​ហេតុដែល​ប្រធាន​គណបក្ស​ដែលមាន​លេខ​១៦​ជា​សម្គាល់​នេះ ព្រោះតែ​អ្នកស្រី​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ឈឺចាប់​។ ឈឺចាប់​គឺត្រង់ន័យថា ពលរដ្ឋមើលឃើញពីការចំណាយលុយច្រើនសន្ធឹកសន្ធាប់ក្នុងការដង្ហែបក្ស ខណៈខ្លួន​គ្មាន​ផ្ទះសម្បែង និងអាហារគ្រប់គ្រាន់។
 

 
​លោកស្រី ពោធិ​តី សាវត្ថី បញ្ជាក់​យ៉ាង​ដូច្នេះ «​ពលរដ្ឋ​ខ្លះ​ប្រាប់​ខ្ញុំ​ថា គណបក្ស​ជាច្រើន​គាត់​បាន​ស្គា​ល់ហើយ ហើយ​បើ​គាត់​យកលុយ​រាប់លាន​ដុល្លារ​នោះ​ទៅ​សង់ផ្ទះ​ឲ្យ​អ្នកក្រីក្រ​ស្នាក់នៅ​គឺ​ត្រឹមត្រូវ​ជាង​។ ពលរដ្ឋ​គាត់​ស្ដាយ​លុយ​ទាំងនោះ​ណាស់​»​។​
 
​ក្រៅពី​ការមិន​ចង់​ឲ្យ​ពលរដ្ឋ​ឈឺចាប់ ការមិន​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នេះ ក៏​ដើម្បី​មិន​ចង់​ឲ្យ​ប៉ះពាល់​ជាមួយ​បក្ស​ដទៃ នៅក្នុង​ក្បួន​ដង្ហែ មិន​ចង់​រំខាន​ជីវភាព​រស់នៅ​របស់​ស​មា​ជិ​កប​ក្ស ហើយគ​ប្ស​មួយ​នេះ ក៏​មិនមាន​ប្រាក់​ទៅ​ជួល​គេ​ឲ្យ​មកជួយ​ឃោសនា​ដែរ​។ នេះ​ជាការ​បញ្ជាក់​បន្ថែមទៀត​ពី​លោកស្រី ពោធិ​តី សាវត្ថី​។ យ៉ាងណា​ការហែក្បួន​តូចៗ​នៅតាម​មូលដ្ឋាន​នេះ ប្រធាន​គណបក្ស​ខាងលើ យល់ឃើញថា​មាន​ប្រសិទ្ធភាព​ច្រើនជាង​ការឃោសនា​ក្បួន​ធំ​។ 
 


គណបក្ស​ធម្មាធិបតេយ្យ មាន​លេខ​រៀង​លំដាប់​ទី​១៦ ក្នុង​តារាង​សន្លឹកឆ្នោត​របស់ គ​.​ជ​.​ប​។ គណបក្ស​ដែលមាន​ប្រធាន​ជា​ស្ត្រី​នេះ បាន​ឈរឈ្មោះ​បោះឆ្នោត​ចំនួន​១០​មណ្ឌល ស្មើ​និង​៨៤​អាសនៈ​។ មណ្ឌល​ទាំង​១០ របស់​គណបក្ស​ធម្មាធិបតេយ្យ​មាន មណ្ឌល​ខេត្តសៀមរាប កំពង់ចាម កំពង់ធំ កំពង់ស្ពឺ ព្រៃវែង កណ្ដាល បាត់ដំបង កំពត តាកែវ និង ភ្នំពេញ​។​
 
​នៅក្នុង​គោលនយោបាយ​របស់ខ្លួន ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ បានដាក់​គោលនយោបាយ​ចំនួន ៣​ចំណុច ដើម្បី​ចូល​ប្រ​កូត​ប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​។ ភ្ជាប់​ជាមួយ​គោលនយោបាយ​នេះ ស្ត្រី​ប្រធាន​គណបក្ស​ខាងលើ បានបង្ហាញ​ពី​ការលះបង់​សេចក្ដីសុខ​របស់ខ្លួន  នៅក្នុង​ប្រទេស​ហូ​ឡង់ ដើម្បី​ស្រោចស្រង់​នយោបាយ​នៅ​កម្ពុជា ដល់​អ្នកគាំទ្រ​ផងដែរ ក្រោម​បាវចនា «​មេត្តា ករុណា មុទិតា និង​ឧបេក្ខា​»​។​
 


គោលនយោបាយ​ទាំង ៣​នោះ​រួមមាន ស្រោចស្រង់​លទ្ធិប្រជាធិបតេយ្យ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។ រក្សា​ឆ្នាំងបាយ​កម្មករ និង​កសិករ ពី​ជម្លោះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ពន្លត់​កម្ដៅ​នយោបាយ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​មិន​ឲ្យ​មានការ​បង្ហូរឈាម​រវាង​ខ្មែរ​និង​ខ្មែរ​។​
 
​ក្រៅពី​គោលនយោបាយ​ទាំង ៣​នេះ លោកស្រី ពោធិ​តី សាវត្ថី ក៏​សន្យា​រថា​មិន​រត់​ទៅណា​ចោល​ប្រទេស​កម្ពុជា​ឡើយ បើទោះជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​។ សារ​ខ្លី​ចុងក្រោយ​ដែល​គណបក្ស​មាន​លេខ​រៀង​ទី​១៦ ក្នុង​តារាង​សន្លឹកឆ្នោត​នេះ ផ្ញើ​ទៅកាន់​អ្នកគាំទ្រ​គឺ «​ទូក​មួយ​ត្រូវបាន​គេ​ពន្លិច​ទៅហើយ យើង​ត្រូវយក​ទូក​ថ្មី​មួយទៀត​បន្តដំណើរ​ឲ្យ​ដល់​គោលដៅ​ដែល​យើង​ចង់បាន​»៕

Tag:
 គណបក្ស​
 ​បោះឆ្នោត​
 ​ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com