ជាតិ
គរុ​ពហុស្សូត​បណ្ឌិត ជិត ជន​៖ ចង់​រៀន​ភាសាបរទេស​ពូកែ គួរ​រៀន​ភាសាបាលី​ជាមុន​
14, Jul 2018 , 6:59 pm        
រូបភាព
​​គរុ​ពហុស្សូត​បណ្ឌិត ជិត ជន គឺជា​គ្រូបង្រៀន​ភាសាបាលី និង​សំស្ក្រឹត​ដែលមាន​បទពិសោធន៍​ជាង​៤០​ឆ្នាំ​ហើយ​។ ក្រៅពី​ភាសា​ខ្មែរ លោក ជិត ជន ចេះ​ភាសា​៥​ទៀត ដែល​អាច​បកប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយទៀត ជា​សម្រាយ​ធម្មតា ជា​កំណាព្យ​ជាដើម​។ ស្ថិតក្នុង​វ័យ​៨៥​ឆ្នាំ​លោកតា​រូបនេះ បាន​ណែនាំ​ឱ្យ​អ្នកមាន​បំណង​រៀន​ភាសាបរទេស​ឆាប់​ចេះ ត្រូវ​រៀន​ភាសាបាលី​ជា​មូលដ្ឋានគ្រឹះ​សិន ព្រោះ​វា​ជា​ភាសា​ដើម​របស់​ភាសា​ផ្សេងៗ​។


 
​ដើម្បី​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​រៀន​ភាសា​ផ្សេងទៀត យុវជន​គួរ​រៀន​ភាសាបាលី​ជាមុនសិន​។ នេះ​ជាការ​លើកឡើង​របស់លោក ជិត ជន ដែល​បាន​បង្រៀន​ភាសាបាលី​និង​សំស្ក្រឹត​ជាង​៤០​ឆ្នាំ​។ តាម​បទពិសោធន៍​ខ្លួន​លោក ជិត ជន ដំណាក់កាល​ដំបូង​ត្រូវ​រៀន ពី​វេយ្យាករណ៍​បាលី​ឲ្យ​ចេះ​ចាំ​ស្ទាត់ និង​យល់ច្បាស់​ពាក្យ ដើម្បី​អាច​បំបែក​ពាក្យ​នីមួយៗ​។ បើតាម​លោក ជិត ជន ក្បួន​នេះ អាចជួយ​ឲ្យ​យុវជន​រៀន​ភាសា​ផ្សេងៗ​ឆាប់​ចេះ​ផងដែរ​។ 
 
​គរុ​ពហុស្សូត​បណ្ឌិត​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទាល់​ពាក្យ​ត្រង់ណា​បើក​មើល​ក្នុង​វចនានុក្រម​ភ្លាម សម្រាប់​ខ្ញុំ បើ​ខ្ញុំ​ទាល់​ពាក្យ​ជា​ភាសា​អង់គ្លេស ខ្ញុំ​បើក​មើល​ក្នុង​វចនានុក្រម​អង់គ្លេស​ហើយ ខ្ញុំ​រក​សេ​ក្ដី​ពន្យល់​ក្នុង​ភាសាបាលី​និង​សំស្ក្រឹត​ទៀត​។ ចាស់​ពី​ដើម​ពោលថា​មុន​រៀន​បាលី ត្រូវ​ដាំ​ដើម​ដូង​ឲ្យ​បាន​ផ្លែ​សិន​។ រៀន​ភាសា​នេះ​ពិបាក​ណាស់​មិន​ងាយ​ចេះ​ទេ ត្រូវការ​ពេល​យូរ​ទើបបាន​លទ្ធផល ត្រូវការ​ការខិតខំ​ប្រឹង​ប្រែង​ខ្លាំង ប៉ុន្តែ​ផល​បានមក​ក៏​គាប់ប្រសើរ​ដែរ​»​។​
 
​បច្ចុប្បន្ន​មរតក​មនុស្សរ​ស់រូប​នេះ អាច​ប្រើប្រាស់​៥​ភាសា ក្រៅពី​ភាសា​កំណើត រួមមាន​ភាសាបាលី សំស្ក្រឹត បារាំង អង់គ្លេស និង​ថៃ​។ មិន​ត្រឹមតែ​ចេះ​ប្រើប្រាស់​ធម្មតា​ទេ តែ​លោក​អាច​តែង​ភាសា​ទាំងនោះ​ជា​កំណាព្យ​ពាក្យកាព្យ និង​ពាក្យរាយ​បាន​យ៉ាង​ល្អ​។ «​ភាសា​បារាំង អង់គ្លេស ថៃ ខ្ញុំ​រៀន​ជាមួយ​គ្រូ​តែ​ថ្នាក់​កុមារ​ឋាន​ទេ ដល់​ថ្នាក់​បន្ទាប់​ខ្ញុំ​រៀន​ស្វែងយល់​តែ​ខ្លួនឯង​។

ភាសាបាលី​ជា​ភាសា​ដើម​របស់​ភាសា​ផ្សេងៗ ដូច្នេះ​បើ​ចេះ​ភាសាបាលី​ច្បាស់​ហើយ ចង់​រៀន​ភាសា​ផ្សេងៗ​ទៀត​មិន​ពិបាក​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ចាស់​ព្រឹទ្ធាចារ្យ ជិត ជន ដែល​បាន​លើក​ទ្រឹស្តី​មួយ​ថា «​សូមកុំ​ប្រាប់​ខ្លួនឯង​ថា បញ្ញា​មិន​ឈ្លាស ខំរៀន​ក៏​មិន​ពូកែ ហើយ​យក​ភាព​ខ្ជិល​មក​ដាក់​ក្នុង​ខ្លួន​នោះ​មិនត្រូវ​ទេ​»៕
 

Tag:
 ជិត ជន​
  ភាសាបាលី​
  សំស្ក្រឹត​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com