អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​ចេញមុខ​សុំទោស ព្រោះ​មិនអាច​ដំឡើងថ្លៃ​ឈ្នួល​អប្បរ​មាតា​ម​ការសន្យា
16, Jul 2018 , 10:59 pm        
រូបភាព
លោក មូន ចេអ៊ីន អំឡុងទស្សនកិច្ចនៅសិង្ហបុរី (រូបភាព AFP)
លោក មូន ចេអ៊ីន អំឡុងទស្សនកិច្ចនៅសិង្ហបុរី (រូបភាព AFP)
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៦ ខែកក្កដា បាន​សុំទោស​ដោយ​ចំហ ក្រោយ​មិនអាច​ដំឡើង​ឈ្នួល​អ​ប្បរមា​ក្នុង​មួយ​ម៉ោង​តាម​ពាក្យសន្យា​បាន​។ កាលពីពេល​ឃោសនា​រក​សំឡេងឆ្នោត លោក មូ​ន បានប្រកាសថា លោក​នឹង​ដំឡើងថ្លៃ​ឈ្នួល​នេះ​ឲ្យ​លើស​១​ម៉ឺន​វ៉ុ​ន (​ច្រើនជាង​៨.៨៦​ដុល្លារ​) ក្នុង​មួយ​ម៉ោង​នៅត្រឹម​ឆ្នាំ​២០២០ ពេល​លោក​ឈ្នះឆ្នោត​។ ប៉ុន្តែ​ពីរ​ថ្ងៃ​មុននេះ គណៈកម្មការ​ថ្លៃឈ្នួល​អប្បរ​មា​ត្រីភាគី បានកំណត់​ថ្លៃឈ្នួល​ត្រឹម​៨,៣៥០​វ៉ុ​ន​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។



«​យោងតាម​ការសម្រេចចិត្ត​របស់​គណៈកម្មការ​ប្រាក់​ឈ្នួល​អប្បបរមា វា​ហាក់ដូចជា​រឿង​ពិបាក​ក្នុងការ​សម្រេច​ឲ្យ​បាន​គោលដៅ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមាដ​ល់​១​ម៉ឺន​វ៉ុ​ន​នៅត្រឹម​ឆ្នាំ​២០២០ ។​» នេះ​ជា​សម្ដី​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នា​កិច្ចប្រជុំ​ជាមួយ​លេខា​ជាន់ខ្ពស់​របស់លោក​នៅ​វិមាន​ប្រធានាធិបតី Cheong Wa Dae មុននឹង​ប្រកាស​សុំទោស​ជា​សាធារណៈ​ដែល​លោក​មិនអាច​ធ្វើតាម​ពាក្យសន្យា​កាលពីពេល​ឃោសនា​បាន​។​

​ការសុំ​ទោស​នេះ​ធ្វើឡើង​ពីរ​ថ្ងៃក្រោយ​គណៈកម្មការ​ចម្រុះ​រដ្ឋាភិបាល និយោជក និង​ន​យោ​ជិ​ក បានសម្រេច​ដំឡើងថ្លៃ​ឈ្នួល​អប្បរ​មា​ក្នុង​មួយ​ម៉ោង​ដល់​៨,៣៥០​វ៉ុ​ន​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រាក់​ឈ្នួល​ថ្មី​នេះ​បាន​កើនឡើង​ចំនួន​១០.៩​ភាគរយ បើ​ប្រៀបធៀប​នឹង​ថ្លៃឈ្នួល​សព្វថ្ងៃ​ដែលមាន​ត្រឹម​៧,៥៣០​វ៉ុ​ន​។ ប្រាក់​ឈ្នួល​អ​ប្បរមា​ថ្មី​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ តទៅ​។​

​ការដំឡើង​ប្រាក់​ឈ្នួល​អប្បរ​មា​នេះ ជាការ​សន្យា​ដ៏​សំខាន់​មួយ​របស់លោក មូ​ន ដោយ​លោក​សន្យា​ធ្វើ​ឲ្យ​នៅ​ឆ្នាំ​២០២២ ។ ប៉ុន្តែ​ក្រោយ​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៧ លោក​ក៏​សម្រេចចិត្ត​បន្ថយ​ពេលវេលា​នេះ​មក​ត្រឹម​ឆ្នាំ​២០២០ វិញ​។ ព្រម​គ្នា​នឹង​ការ​សុំទោស​នេះ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ ក៏បាន​បង្ហាញ​វិជ្ជមាន​ដែរ ព្រោះ​ភាគរយ​នៃ​ប្រាក់​ឈ្នួល​ថ្មី​ត្រូវបាន​ដំឡើង​ដល់​ទៅ​ពីរ​ខ្ទង់​ឯណោះ​។ លោក មូ​ន ក៏​សន្យាថា លោក​នឹង​សម្រេច​ពាក្យសន្យា​របស់លោក​ឲ្យ​បាន​ឆាប់​បំផុត​។​

​ខណៈ​មិនអាច​បំពេញ​ពាក្យសន្យា​នោះ លោក មូ​ន ក៏​ឆ្លៀត​និយាយ​ការពារ​ការកំណត់​ប្រាក់​ឈ្នួល​អ​ប្បរមា​ថ្មី​នេះ​។ លោក​អះអាងថា គោលដៅ​សំខាន់​មិនមែន​ដំឡើង​ឲ្យ​បាន​១​ម៉ឺន​វ៉ុ​ន​នៅ​ឆ្នាំ​នេះឡើយ តែ​ជាការ​ធ្វើ​ឲ្យ​ប្រាកដថា ការកើនឡើង​ថ្លៃឈ្នួល​ទាប​បំផុត​ក្នុង​មួយ​ម៉ោង នឹង​នាំទៅដល់​ការបង្កើត​ការងារ​កាន់តែច្រើន និង​លើកកម្ពស់​ជីវភាព​ប្រជាជន​។

​តាមពិត​ទៅនោះ ការកំណត់​ថ្លៃឈ្នួល​នេះ ក៏​មិនមែន​ធ្វើឡើង​ដោយ​ស្រួល​ដែរ​។ សមាជិក​គណៈកម្មការ​នេះ​ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​នានា បានធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ ដែល​ទំនងជា​បណ្ដាលមកពី​ការមិន​ពេញចិត្ត​ការដំឡើង​ប្រាក់​ឈ្នួល​នេះ​។ តំណាង​កម្មករ និង​សហជីព បានទាមទារ​ប្រាក់​ឈ្នួល​ទាប​បំផុត​ថ្មី​លើសពី​ការសន្យា​របស់លោក មូ​ន ទៅទៀត ដោយ​ពួកគេ​ចង់បាន​ប្រាក់​ឈ្នួល​ថ្មី​ចំនួន​១០,៧៩០​វ៉ុ​ន​ឯណោះ​៕


Tag:
 កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com