អន្តរជាតិ
ឥណ្ឌា​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​សុខាភិបាល​ទាក់ទាញ​បំផុត​សម្រាប់​ប្រជាជន​អាស៊ាន​
17, Jul 2018 , 8:36 am        
រូបភាព
អនុប្រធាន​សភាពាណិជ្ជកម្ម​ឥណ្ឌា​លោក Bodhisattva Mukherjee ស្ថិតក្នុងជំនួបជាមួយ​អ្នកសារព័ត៌មានអាស៊ានថ្ងៃ ១៤ ខែកក្កដា ក្នុងក្រុង Kolkata នៃរដ្ឋបេងកាល់ខាងលិច
អនុប្រធាន​សភាពាណិជ្ជកម្ម​ឥណ្ឌា​លោក Bodhisattva Mukherjee ស្ថិតក្នុងជំនួបជាមួយ​អ្នកសារព័ត៌មានអាស៊ានថ្ងៃ ១៤ ខែកក្កដា ក្នុងក្រុង Kolkata នៃរដ្ឋបេងកាល់ខាងលិច
(Kolkata)៖ ឥណ្ឌា​ក្លាយជា​ទិសដៅ​ទេសចរណ៍​សុខាភិបាល​ពេញនិយម​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី​ដោយសារ​ប្រទេស​នេះ​មាន​ប្រព័ន្ធ​សុខាភិបាល​ទំនើប និង​អាច​ផ្តល់​សេវា​ដេ​ល​មានតម្លៃ​ទាប​។ បច្ចុប្បន្ននេះ មហាអំណាច​អាស៊ី​ខាងត្បូង​នេះ​កំពុង​ព្យាយាម​ពង្រឹង​ការផ្សព្វផ្សាយ​ពី​ទេសចរណ៍​សុខាភិបាល​ខ្លួន​ដើម្បី​ទាក់ទាញ​ទេសចរ​កាន់តែច្រើន​ពី​ប្រទេស​អាស៊ាន​ដែល​នៅជាប់​ភូមិ​ផង​របង​ជាមួយគ្នា​ដែរ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​ឥណ្ឌា​លោក Bodhisattva Mukherjee បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​អាស៊ាន​២០ រូប​ដែល​ស្ថិតក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ទស្សនកិច្ច​អាស៊ាន​-​ឥណ្ឌា​នៅ​ថ្ងៃសៅរ៍​ទី ១៤​ខែកក្កដា​ថា ទេសចរណ៍​សុខាភិបាល​នេះ​កំពុង​លូតលាស់​ខ្លាំង ហើយ​ប្រជាជន​អាស៊ាន​ក៏​ក្លាយជា​គោលដៅ​សំខាន់បំផុត​មួយ​សម្រាប់​វិស័យ​នេះដែរ​។​
 
​លោក​បាន​ពន្យល់ថា ទេសចរណ៍​សុខាភិបាល​កំពុង​បន្ត​រីកលូតលាស់​ខ្លាំង​ដោយសារ​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា​មាន​គុណភាព​ខ្ពស់ មាន​មន្ទីរពេទ្យ​ដែល​បំពាក់​ដោយ​គ្រឿង​បរិក្ខារ និង​បច្ចេកវិទ្យា​ទំនើប ហើយ​គ្រូពេទ្យ​មាន​ជំនាញ​ខ្ពស់ ខណៈដែល​សេវា​មានតម្លៃ​សមរម្យ​។ ប្រជាជន​អាស៊ាន​កាន់តែច្រើន​ក៏​ចាប់ផ្តើម​ស្វែងរក​សេវា​សុខាភិបាល​នៅ​ឥណ្ឌា ដោយសារ​ទីតាំង​ភូមិសាស្ត្រ​រវាង​អាស៊ាន​និង​ឥណ្ឌា​នៅ​កៀក​គ្នា និង​ងាយស្រួល​ធ្វើដំណើរ​។
​លោក​សង្ឃឹមថា ទេសចរណ៍​សុខាភិបាល​នេះ​ក្រៅពី​ផ្តល់​ផលចំណេញ​សម្រាប់​អាស៊ាន និង​ឥណ្ឌា វា​ក៏​នឹង​ពង្រឹង​ការផ្សាភ្ជាប់​ចំណងមិត្តភាព​រវាង​អាស៊ាន និង​ឥណ្ឌា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​គ្នា​ផងដែរ​ជាពិសេស​រវាង​ប្រជាជន​និង​ប្រជាជន ខណៈដែល​ឥណ្ឌា​កំពុង​បន្ត​ពង្រឹង​ការផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ក្រោម​គោលនយោបាយ​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត (Act East Policy)​។ 
 
​ពាក់ព័ន្ធ​នឹង​ការបន្ត​លើកស្ទួយ​វិស័យ​ទេសចរណ៍​សុខាភិបាល​នេះ លោក Ashwini Fatehpuria នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឱសថ​ធម្មជាតិ និង​គ្រឿងសម្អាង Ishita International ដែល​នាំមុខគេ​នៅ​ឥណ្ឌា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ននេះ​អ្នកទេសចរ​មកពី​អាស៊ាន​មាន​ម៉ាឡេស៊ី សិង្ហ​បុរី មី​យ៉ាន់​ម៉ា និង​បណ្តា​ប្រទេស​អាហ្វ្រិក​ផងដែរ​បន្ត​ស្វែងរក​សេវា​សុខាភិបាល​នៅ​ឥណ្ឌា​។​
 
«​យើង​ឃើញ​មាន​អ្នកទេសចរ​ច្រើនណាស់​មកពី​រដ្ឋ​អាស៊ាន​មាន​ទាំង​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​សិង្ហ​បុរី​ជាដើម​មក​ទទួល​ការព្យាបាល​សុខភាព​នៅ​ឥណ្ឌា​ជាពិសេស​នៅ​រដ្ឋ​តា​មិ​ល​ណា​ឌូ (Tamil Nadu)»​។ នេះ​ជាការ​អះអាង​របស់លោក Ashwini Fatehpuria​។   
 
​លោក​បាន​បន្តថា​៖« ដោយសារ​សក្កា​នុព​ល​នេះ រដ្ឋាភិបាល​ឥណ្ឌា​កំពុង​ព្យាយាម​លើកកម្ពស់​សេវា​ទេសចរណ៍​សុខាភិបាល​នេះ​បន្ថែមទៀត​។ យើង​កំពុង​ព្យាយាម​កំណត់​យុទ្ធសាស្ត្រ​ថា​នឹងធ្វើ​បែបណា​ទៀត​ដើម្បី​អាច​បញ្ជៀប​ព័ត៌មាន​នេះ​ដល់​ប្រជាជន​នៅ​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ​»​។​
 
​បើតាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឥណ្ឌា​ខាងលើ ហេតុផល​ធ្វើ​ឲ្យ​ឥណ្ឌា​កាន់តែ​ល្បីល្បាញ​នោះ​គឺ ក្រៅពី​សេវា​សុខាភិបាល​បែប​ទំនើប ឥណ្ឌា​ក៏​ផ្តល់​សេវាកម្ម​ថែទាំ ឱសថ​ប្រពៃណី​បែប​ធម្មជាតិ​ដែរ​។ សេវា​នេះ​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់ និង​មិន​បារម្ភ​ពី​ផលប៉ះពាល់​សុខភាព​ផង ហើយ​អាច​ថា មានតែ​ឥណ្ឌា​ប៉ុណ្ណោះ​ដែល​ផ្តល់​ថែរក្សា​សុខាភិបាល​លក្ខណៈ​ធម្មជាតិ​បែបនេះ​ដល់​អ្នកទេសចរ​បរទេស​។​
 
​តាមពិតទៅ ឥណ្ឌា​ត្រូវបាន​គេ​ចាត់ទុកជា គោលដៅ​ពេញនិយម​សម្រាប់អ្នកទេសចរ​ដែល​ស្វែងរក​សេវា​ព្យាបាល និង​ថែ​ទាំង​សុខភាព​ដោយសារតែ​វា​មាន​តម្លៃថោក​សមរម្យ និង​មាន​គុណភាព​ខ្ពស់​ជាងគេ​នៅ​អាស៊ី​ផង​។ បើតាម​របាយការណ៍​ផ្លូវការ​របស់​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សហព័ន្ធ​ឥណ្ឌា (FICCI) រៀងរាល់ឆ្នាំ​អ្នកទេសចរ​បរទេស​យ៉ាងហោចណាស់​ប្រាំ​សែន​នាក់​ស្វែងរក​សេវា​សុខាភិបាល​នៅ​ឥណ្ឌា​។ 
 
​ឥណ្ឌា​ក៏​រំពឹងថា ខ្លួន​អាច​រកចំណូលបាន​រហូត​ដល់ ៨ ពាន់​លាន​ដុល្លារ​អាមេរិក​ត្រឹម​ឆ្នាំ ២០២០​ពី​វិស័យ​ទេសចរណ៍​សុខាភិបាល​នេះដែរ​។ អ្នកទេសចរ​ភាគច្រើន​មកកាន់​ឥណ្ឌា​ដើម្បី​ទទួល​ការវះកាត់​បេះដូង​, កែ​សម្រស់​, ប្តូរ​ឆ្អឹង​ក្បាលជង្គង់ និង​ថែរក្សា​ធ្មេញ​ជាដើម​៕
 

Tag:
 ​ឥណ្ឌា​
 ​ទេសចរណ៍​សុខាភិបាល​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com