ខ្មែរ​ក្រហម
ជាតិ
សង្គមជាតិ
គណបក្ស​ស​ង្រោះ​ជាតិ ៖ ការដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា មិនមែនជា​ការបារម្ភ​នោះទេ
15, Jun 2013 , 3:34 pm        
រូបភាព
ដោយ:
មួយថ្ងៃ​បន្ទាប់ពី​លោក ជុំ ម៉ី អតីត​អ្នក​ជាប់គុក​ក្នុង​មន្ទី​ស២១(គុក​ទូល​ស្លែង) បាន​ចេញមុខ​ជំនួស​ឲ្យ​ក្រុម​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ប្រកាស​ដាក់ពាក្យ​ប្ដឹង​លោក កឹម ស​ខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​នោះ នៅ​ថ្ងៃទី១៥ ខែមិថុនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក យឹម សុវណ្ណ ជា​មន្ត្រី​នាំពាក្យ​នោះ បាន​អត្ថាធិប្បាយ​ប្រាប់​គេហទំព័រថ្មីៗថា ការដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា របស់​លោកតា ជុំ ម៉ី មិនអាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​លោក កឹម សុខា មានការ​ព្រួយបារម្ភ​នោះទេ។ បើតាម​លោក យឹម សុវណ្ណ ទាំង​គណបក្ស​ស​ង្រោះ​ជាតិ ទាំង​លោក កឹម សុខា គ្មាន​ពេល​មក​គិតពិចារណា​តាម​ការធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​របស់​លោកតា ជុំ ម៉ី នោះទេ។



ថ្លែងប្រាប់​គេហទំព័រថ្មីៗតាម​ទូរស័ព្ទ លោក យឹម សុវណ្ណ មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ឲ្យ​ដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​មានការ​ព្រួយរ​ម្ភ​ណាមួយ​នោះឡើយ ជាមួយ​ការដាក់​ពាក្យបណ្ដឹង​រប​ស់លោ​កតា ជុំ ម៉ី ដែល​ប្ដឹង​លោក កឹម សុខា ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីបទ​បរហា​កេរ្តិ៍​ជាសាធារណៈនោះ ហើយ​ថា បណ្ដឹង​របស់​លោកតា ជុំ ម៉ី ដែល​ប្ដឹង​ប្រឆាំង​លោក កឹម សុខា នោះ​គឺជា​ការយល់ឃើញ​របស់​លោក ជុំ ម៉ី និង​ក្រុម​របស់គាត់​តែប៉ុណ្ណោះ។ 

បើតាម​លោក យឹម សុវណ្ណ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​លោក កឹម សុខា គ្មាន​ពេល​មក​គិតពិចារណា​ដោះស្រាយ​បញ្ហា​ជាមួយ​ការធ្វើ​ព្យុះ ធ្វើ​ភ្លៀង របស់​លោកតា ជុំ ម៉ី នោះទេ ហើយ​ថា បញ្ហា​ដែល​គណបក្ស​របស់លោក​ត្រូវ​ប្រឈម​តទល់​ដោះស្រាយ​នោះ គឺជា​បញ្ហា​ទុក​លំបាក​របស់​ប្រជាជន។

លោក យឹម សុវណ្ណ បញ្ជាក់ថា ៖« គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​លោក កឹម សុខា​ជា​ប្រធានស្ដីទី កំពុង​តស៊ូ​ជាមួយ​ភាពអយុត្តិធម៌​សម្រាប់​ប្រជាជន​ខ្មែរ មិនមែន​ស្វែងរក​វិធី​ធ្វើបាប​ខ្មែរ​គ្នាឯង​ដូច​សកម្មភាព​របស់លោក​តា ជុំ ម៉ី ធ្វើ​មកលើ​លោក កឹម សុខា​នោះទេ។

គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​ទិ១៤ ខែមិថុនា​ម្សិលមិញ​នេះ ដោយ​ការឈឺចាប់​នឹង​ពាក្យសម្ដី​របស់លោក កឹម សុខា ដែល​និយាយថា​គុក​ទួលស្លែង​ជា​ឆាកល្ខោន ឬ​ជា​គុក​សិប្បនិម្មិត​នោះ លោក ជុំ ម៉ី អតីត​អ្នករួច​ជីវិត​ពី​ការធ្វើ​ទារុណកម្ម​នៅ​គុក​ទួលស្លែង បាន​ចេញមុខ​ជំនួស​ក្រុម​ជនរងគ្រោះ​ផ្សេងទៀត ដាកពាក្យ​ប្ដឹង​លោក កឹម សុខា ទៅកាន់​សាលាដំបូង​រាជា​ធានី​ភ្នំពេញ​ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ  បន្ទាប់ពី​លោក កឹម សុខា បាន​និយាយថា​សំឡេង​របស់លោក​ដែល​ត្រូវបាន​ក្រុម​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ចាប់កំហុស​បាន​នោះ គឺ​ជាសំឡេង​កាត់​តរបស់​ក្រុម​ខិលខូច​ដែល​ចង់​មួលបង្កាច់​ទំលាក់កំហុស​លើ​រូបលោក៕  



© រក្សាសិទ្ធិដោយ thmeythmey.com