ជាតិ
អ្នកនាំពាក្យ​៖ កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ស្ពាន​អូរ​គគី និង​ស្ពាន​សំរោង​នៅតែ​បិទ ដោយ​មិនទាន់​កំណត់ពេល​បើក​វិញ
17, Jul 2018 , 2:42 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
ដោយ:
​ស្ថានភាព​ទឹកជំនន់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពាន​អូរ​គគី ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមបាន​ស្រក​ចុះ​វិញ​បន្តិច ហើយ ប៉ុន្តែ​នៅឡើយ​ត្រង់ចំណុច​ស្ពាន​សំរោង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​វិញ ទឹក​កំពុងមាន​ការកើនឡើង​ខ្លាំង ដោយបាន​ជន់​ហូរ​កាត់​ពីលើ​ផ្លូវជាតិ​ជាថ្មី​ម្តងទៀត ដូច្នេះ​ការធ្វើ​ចរាចរណ៍​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅតែ​ផ្អាក​ជា​បណ្ដោះអាសន្ន​ដដែល​។ នេះ​បើតាម​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។



​លោក ចាន់ យុ​ត្ថា បាន​លើក​ឡើ​កថា ការធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពាន​អូរ​គគី នៅតែ​ផ្អាក​ជា​បណ្ដោះអាសន្ន​ដដែល​។ យ៉ាងណាក៏ដោយ លោក មិនបាន​បញ្ជាក់​នោះទេ​ថា កំណាត់​ផ្លូវ​នេះ នឹងត្រូវ​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​នៅពេលណា​។ ចំពោះ​ស្ថានភាព​ទឹក កំពុងតែ​មានការ​ប្រែប្រួល​នៅឡើយ ហើយ​ខណៈ​នេះ​ភ្លៀង​នៅតែ​បន្ត​ធ្លា​ក់នៅ​តំបន់​ជួរ​ភ្នំ​ឱ​រ៉ា​ល​។ 

​នាយក​ខុទ្ទកាល័យ​របស់​រដ្ឋមន្ត្រី និង​ជា​នាំពាក្យ​ក្រសួង​ធនធានទឹក បាន​បន្ថែមថា ក្រៅពី​ការផ្អាក​ការធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន ជំនន់​ទឹកភ្លៀង​ក៏​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​របស់​ប្រជាពលរដ្ឋ​ខ្លះៗ​ផងដែរ ប៉ុន្តែ​ធ្ងន់ធ្ងរ​ទេ​។​

​លោក ចាន់ យុ​ត្ថា បាន​បន្តទៀតថា ចាប់ពី​ថ្ងៃទី​១៨​ខាង ខែកក្កដា ទៅ ទឹកទន្លេ​មេគង្គ​លើ ក្នុងប្រទេស​កម្ពុជា នឹង​ហក់​ឡើង​ហើយ​ចាប់ផ្ដើម​ហូរ​ចូល​ព្រែក និង​តំបន់​នានា ដែល​ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ ដែលជា​តំបន់​ទំនាប ដោយ​ក្នុងនោះ ដូចជា ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម​។ លោក ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​កសិកម្ម​នៅ​អម​សងខាង​ផ្លូវទឹក និង​តំបន់​ទំនាប​នានា ឆាប់​រួសរាន់​ប្រមូល​ផល​នានា​ឱ្យទាន់​ពេលវេលា ចៀសវាង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ហូរ​ចូល​៕


Tag:
 ទឹក​-​ផ្លូវ​
 ​ចាន់ យុ​ត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com