លោក ចិន ថុ​ន​៖ LDP មាន​កម្លាំង​គ្រប់គ្រាន់​ឈរជើង​ក្នុង​ទីតាំង​នយោបាយ​
ជាតិ
បោះឆ្នោត
លោក ចិន ថុ​ន​៖ LDP មាន​កម្លាំង​គ្រប់គ្រាន់​ឈរជើង​ក្នុង​ទីតាំង​នយោបាយ​
18, Jul 2018 , 7:59 am        
រូបភាព
លោកចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រូបថត LDP
លោកចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រូបថត LDP
​ភ្នំពេញ​៖ ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ និង​នៅក្នុង​ខេត្ត​ចំនួន​៤ ផ្សេងទៀត​។ ក្បួន​ឃោសនា​នេះ ត្រូវបាន​អគ្គលេខាធិការ​គណបក្ស លោក ចិន ថុ​ន ប្រាប់ថា មាន​ចំនួន​អ្នកចូលរួម​ជាង ២​ម៉ឺន​នាក់ ក្នុង​មួយ​ក្បួនៗ​។ ការហែក្បួន​ទ្រង់ទ្រាយ​ធំ​នេះ បាន​បង្ហាញថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ជាប​ក្សធំ​មួយ​ដែរ​។​



​ចាប់តាំងពី​ថ្ងៃ​បើក​ការឃោសនាបោះឆ្នោត​មក គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ឃោសនា​ទ្រង់ទ្រាយ​ធំ នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ខេត្ត​ចំនួន​៣ រួចហើយ​។ ក្បួន​ឃោសនា​នៃ​គណបក្ស​នេះ ត្រូវបាន​លោក ចិន ថុ​ន អគ្គលេខាធិការ​គណបក្ស អះអាងថា មាន​អ្នកចូលរួម​ចាប់ពី​ជិត ១​ម៉ឺន​នាក់ ដល់​ជាង ២​ម៉ឺន​នាក់​។ ខេត្ត​ទាំង​៣ ដែល​គណបក្ស​នេះ បាន​ឃោសនា គឺ​នៅ​ព្រៃវែង សៀមរាប និង​កណ្ដាល ហើយ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សម្ពោធ​ការឃោសនា ក៏មាន​អ្នកចូលរួម​ជាង ២​ម៉ឺន​នាក់​ផងដែរ​។​



​នៅ​មិនទាន់​បញ្ចប់​ត្រឹមនេះ​ទេ គណបក្ស ដែល​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១០ ក្នុង​សន្លឹកឆ្នោត និង​ដឹកនាំ​ដោយ​លោក ខឹម វាសនា នឹងធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​២២ ខែកក្កដា ក្នុង​ខេត្តបាត់ដំបង និង នៅ​រាជធានី​ភ្នំពេញ​ម្ដងទៀត នៅ​ថ្ងៃទី​២៧ ខែកក្កដា ដែលជា​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

​ក្រៅពី​ការឃោសនា​ស្វែងរក​គាំទ្រ​គំនិត គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏មាន​ការហែក្បួន​តូចៗ​ផ្សេងទៀត​នៅ​ទូទាំង​២៥ រាជធានី ខេត្ត​ដែរ ដែល​គណបក្ស​នេះ បាន​ឈរឈ្មោះ​បោះឆ្នោត​។

​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ចិន ថុ​ន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មិនអាច​កំណត់​បានទេ​ថា ពលរដ្ឋ​គាំទ្រ ឬ​មិន​គាំទ្រ​។ តែ​ការឃោសនា​ទ្រង់ទ្រាយ​ធំ​នេះ យើង​អាច​និយាយប្រាប់​ទៅ​ពលរដ្ឋ​ថា ពេលនេះ​សម្ព័ន្ធ​ធំ​ហើយ​។ យើង​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​ឈរជើង​នៅ​ទីតាំង​នយោបាយ​»​។​



​ដើម្បី​ត្រៀមខ្លួន​ទទួល​ការគាំទ្រ និង​ទុកចិត្ត​ពី​ពលរដ្ឋ LDP អះអាងថា ខ្លួន​បាន​ត្រៀម​ធនធានមនុស្ស​ដែលមាន​សមត្ថភាព ក្នុងការ​ទទួលយក​អាសនៈ​នៅ​រដ្ឋសភា បើ​បក្ស​នេះ​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​។ ធនធានមនុស្ស​របស់ LDP ត្រូវបាន​បក្ស​ជឿជាក់ថា មាន​ទាំង​ចំណេះដឹង និង​សមត្ថភាព​។​

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ប្រើប្រាស់​យន្តការ​ចំនួន​៨​ចំណុច​ក្នុង​ការឃោសនា​នៅ​អាណត្តិ​ទី​៦​នេះ​។ យន្តការ​ទាំង​៨​ចំណុច​នេះ ធ្វើយ៉ាងណា​ដើម្បី​បន្ថយអំណាច​រដ្ឋ ហើយ​ឲ្យ​ពលរដ្ឋ​មានអំណាច​។

​ដោយ​ផ្អែកលើ​សៀវភៅ​ស្តីពី​គោលនយោបាយ​របស់​គណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ យន្តការ​ទាំង ៨​ចំណុច​នោះ គឺ ១. កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​២​អាណត្តិ​, ២. មិន​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​បង្កើត​ក្រុម​អង្គរក្ស​ដោយ​ខ្លួនឯង​, ៣. តម្រូវ​ឲ្យ​នាយករដ្ឋមន្ត្រី​រស់នៅក្នុង​និវេសនដ្ឋាន​របស់​រដ្ឋ​, ៤. បង្កើត​តុលាការ​រដ្ឋបាល​, ៥. ឋានន្តរ​ស​ក្កិ​ចាប់ពី​ឧ​ត្ត​ម​សេនីយ៍ ត្រូវអនុម័ត​ដោយ​រដ្ឋសភា​, ៦ អព្យាក្រឹត​មន្ត្រីរាជការ​, ៧. ពលរដ្ឋ ត្រូវ​បោះឆ្នោត​ជ្រើសរើស​និង​បោះឆ្នោត​ដក​តំណាង​នៅ​គ្រប់លំដាប់​ថ្នាក់ ដោយ​ខ្លួនឯង​ផ្ទាល់​, ៨. បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​តាម​ប្រព័ន្ធ​ចម្រុះ​៕





Tag:
 បោះឆ្នោត​
 ​ឃោសនា​
  LDP
 ​រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម