កីឡាអន្តរជាតិ
អន្តរជាតិ
ពេទ្យធ្មេញ​ដែល​នាំ​អ៊ី​ស្លង់​ឡើង Euro និង World Cup ចេញពី​តំណែង​គ្រូបង្វឹក​
18, Jul 2018 , 12:33 pm        
រូបភាព
ទោះបីមមាញឹកដឹកនាំក្រុមបាល់ទាត់ក៏ដោយ ក៏​លោក Heimir Hallgrimsson បានអះអាងប្រាប់អ្នកសារព័ត៌មានថា លោកនៅតែបើកគ្លីនិក​ព្យាបាលធ្មេញដដែល។ រូបថត FIFA និង Ole
ទោះបីមមាញឹកដឹកនាំក្រុមបាល់ទាត់ក៏ដោយ ក៏​លោក Heimir Hallgrimsson បានអះអាងប្រាប់អ្នកសារព័ត៌មានថា លោកនៅតែបើកគ្លីនិក​ព្យាបាលធ្មេញដដែល។ រូបថត FIFA និង Ole
​លោក Heimir Hallgrimsson ជា​ទន្ត​បណ្ឌិត​មួយរូប ប៉ុន្តែ​ឈ្មោះ​គាត់​ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​អ៊ី​ស្លង់ តាមរយៈ​ការនាំ​ប្រទេស​កោះ​ដ៏​តូច​មួយ​នេះ​ឡើង​ទៅលេង​ពានរង្វាន់​អឺរ៉ុប (Euro Championship) និង​ពិភពលោក (World Cup) ជា​ប្រវត្តិសាស្ត្រ​។ ទោះបី​មិន​ស្ថិតក្រោម​សម្ពាធ​ក៏ដោយ លោក Hallgrimsson បានសម្រេច​លាលែង​ពី​តំណែង​គ្រូបង្វឹក​អ៊ី​ស្លង់ ដែល​លោក​បាន​ដឹកនាំ​អស់​រយៈពេល​៧​ឆ្នាំ​។ នេះ​បើតាម​ការអះអាង​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ី​ស្លង់ កាលពី​ថ្ងៃទី​១៧ ខែកក្កដា​។​

 
​គ្រូបង្វឹក​វ័យ ៥១ ឆ្នាំ​រូបនេះ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ី​ស្លង់ (KSI) ជ្រើសរើស​មក​ធ្វើជា​ជំនួយការ​លោក Lars Lagerback កាលពី​ឆ្នាំ ២០១១ មុន​ក្លាយជា​អ្នកគ្រប់គ្រង​ពេញលេញ​ក្នុង​ឆ្នាំ ២០១៤ ហើយ​បាន​ជួយ​ឲ្យ​អ៊ី​ស្លង់​ទម្លាក់​អង់គ្លេស​នៅ Euro 2016 ទៀតផង​។​
 
​ជា​អតីត​ពេទ្យធ្មេញ Hallgrimsson ជា​គ្រូបង្វឹក​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អ៊ី​ស្លង់​ក្នុង​ការនាំ​ប្រទេស​ដ៏​តូច​មួយ​នេះ​ឈានទៅ​កាន់ការ​ប្រកួត​ពាន​រង្វាន់​ពិភពលោក FIFA World Cup ជា​លើកដំបូង ដែល​ធ្វើឡើង​ក្នុងប្រទេស​រុស្ស៊ី ឆ្នាំ​២០១៨​នេះ​។​
 
​យ៉ាងណាក៏ដោយ Hallgrimsson មិន​អាចជួយ​ក្រុម​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ឡើយ បើ​ទោះ​ប្រកួត​ស្មើ​ជាមួយ​ក្រុម​ខ្លាំង​អា​ហ្ស​ង់​ទីន​ក៏ដោយ​។​
 

សហព័ន្ធ​កីឡាបាល់ទាត់​អ៊ី​ស្លង់ បានបញ្ជាក់​ពី​ការលាលែង​យ៉ាងនេះ​ថា​៖ «KSI អាច​បញ្ជាក់ថា Heimir Hallgrímsson នឹងមិន​បន្ត​ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់​ទៀត​ទេ​។ Hallgrímsson បានស្នើ​សុំ​ឈប់​ពី​តំណែង​របស់គាត់​ក្រោយពី​បាន​បំពេញការងារ​រយៈពេល ៧ ឆ្នាំ​ពោល​គឺ​តាំងពី​ឆ្នាំ ២០១១៕
 

Tag:
 បាល់ទាត់​
  FIFA World Cup
  Heimir Hallgrimsson
  អ៊ី​ស្លង់
© រក្សាសិទ្ធិដោយ thmeythmey.com