អន្តរជាតិ
អឺរ៉ុប​និង​ជប៉ុន ចាប់ដៃគ្នា​ទប់ទល់​នយោបាយ America First របស់ ត្រាំ
18, Jul 2018 , 8:39 pm        
រូបភាព
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស, នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ និងប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ  (រូបភាព AFP)
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដូណាល់ ទូស, នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ និងប្រធានគណៈកម្មការអឺរ៉ុប ហ្សង់-ក្លូដ ចាំងគើ (រូបភាព AFP)
​សហភាព​អឺរ៉ុប និង​ជប៉ុន នៅ​ថ្ងៃទី​១៨ ខែកក្កដា បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​របស់​ពិភពលោក​។ ការ​ចាប់ដៃ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​ទាំងពីរ​នេះ ជា​សារ​ឆ្លើយតប​ទៅនឹង​នយោបាយ America First របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​កំពុង​ជំរុញ​នយោបាយ​សេដ្ឋកិច្ច​គាំពារ​និយម និង​ការបង្កើត​របាំង​ពាណិជ្ជកម្ម​។ ដោយសារ​គិតតែ​ប្រយោជន៍​អាមេរិក​ខ្លាំងពេក លោក ត្រាំ បានធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​នានា​អាក់អន់ចិត្ត និង​ងាក​រក​ដៃគូ​រកស៊ី​ផ្សេង​វិញ​។​



​សម្ព័ន្ធមិត្ត​ដ៏​ធំ​របស់​អាមេរិក​ចំនួន​ពីរ គឺ​សហភាព​អឺរ៉ុប និង​ជប៉ុន បានសម្រេច​ចិត្ត​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដ៏​ធំ​មួយ​ដើម្បី​ផ្លាស់ប្ដូរ​ទំនិញ​ដោយ​គ្មាន​របាំង​អ្វី​ទាំងអស់​។ នៅ​ថ្ងៃទី​១៧ ខែកក្កដា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ​, ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដូ​ណា​ល់ ទូ​ស និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ជប៉ុន​-​សហភាព​អឺរ៉ុប ដែលមាន​គោលដៅ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​។​

​តំបន់​ពាណិជ្ជកម្ម​សេរី​ថ្មី​នេះ មាន​ទំហំ​ស្មើនឹង​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​គ្របដណ្ដប់​លើ​មនុស្ស​៦០០​លាន​ដុល្លារ​។ ក្រោយ​លេច​ជា​រូបរាង​ផ្លូវការ​នៅ​ឆ្នាំ​២០១៩ របាំង​ពន្ធគយ​លើ​ទំនិញ​ជប៉ុន​ចូល​ទីផ្សារ​អឺរ៉ុប និង​ផលិតផល​អឺរ៉ុប​ចូល​ទីផ្សារ​ជប៉ុន នឹងត្រូវ​លុបចោល ឬ​កាត់បន្ថយ ហើយ​ការរកស៊ី និង​ការវិនិយោគ​ទ្វេភាគី ក៏ត្រូវ​ជំរុញ​កាន់តែខ្លាំង​ថែមទៀត​។ កាន់តែ​សំខាន់ វា​ជាការ​ឆ្លើយ​ទៅនឹង​នយោបាយ​គាំពារ​និយម​របស់​អាមេរិក​ទៀតផង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក អា​បេ និយាយថា កិច្ចព្រមព្រៀង​នេះ​បានបង្ហាញ​ពិភពលោក​ពី​ឆន្ទៈ​ឥត​ងាករេ​របស់​ជប៉ុន និង​សហ​ភា​អឺរ៉ុប​ក្នុងការ​ដឹកនាំ​ពិភពលោក​ក្នុងនាម​ជា​ជើង​ឯកនៃ​ពាណិជ្ជកម្ម​សេរី ក្នុងពេលដែល​នយោបាយ​គាំពារ​និយម​កំពុង​សាយភាយ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​ទំនង​ចង់​រិះគន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​កំពុង​អនុវត្ត​នយោបាយ​គិតតែ​ប្រយោជន៍​ខ្លាំងពេក​រហូត​ភ្លេច​គិតពី​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៅហើយនោះ​។​

​ថ្លែង​ក្រោយ​ចុះហត្ថលេខា​ដែល​ធ្វើ​នៅ​ទីក្រុង​តូ​ក្យូ លោក ទូ​ស ចាត់ទុក​កិច្ចព្រមព្រៀង​នេះ​ជា​សារ​ដ៏​ច្បាស់​មួយ​ដែល​ប្រឆាំង​គំនិត​គាំពារ​និយម​។ ក្នុងន័យ​បង្ហាញ​ពី​ជំហរ​ផ្ទុយ​ពី​នយោបាយ​អាមេរិក ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​រូបនេះ​សង្កត់​ថា​៖ «​យើង​កំពុង​ផ្ញើ​សារ​ថា អ្នក​អាច​ពឹងផ្អែក​លើ​យើង​ទាំងពីរ គឺ​ជប៉ុន និង​សហភាព​អឺរ៉ុប​។ យើង​មានការ​ទទួលខុសត្រូវ ច្បាសលាស់ ហើយ​យើង​បន្ត​ការពារ​សណ្ដាប់ធ្នាប់​ពិភពលោក​ដោយ​ផ្អែកលើ​ច្បាប់ សេរីភាព និង​តម្លាភាព​។​»

​ជប៉ុន និង​សហភាព​អឺរ៉ុប ដែល​ធ្លាប់​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​អាមេរិក​នោះ ត្រូវ​បង្ខំចិត្ត​រក​គោលដៅ​ថ្មី ព្រោះ​លោក ត្រាំ បានសម្រេច​ចិត្ត​បង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​ជាច្រើន​មុខជា​ពិសេស​ទំនិញ​កសិក​ម្ម និង​ឧស្សាហកម្ម​តែម្ដង​។ ក្រោម​កិច្ចព្រមព្រៀង​ថ្មី​ដែល​រង់ចាំ​ការផ្ដល់​សច្ចាប័ន​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​រៀងៗ​ខ្លួន​នោះ មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​អាច​ប្រើប្រាស់​ទីផ្សារ​រៀងៗ​ខ្លួន​ដោយ​មិនមាន​បញ្ហា​រាំងស្ទះ​អ្វី​ទៀតឡើយ​៕


Tag:
 អឺរ៉ុប​
  ជប៉ុន​
  អាមេរិក​
  America First
© រក្សាសិទ្ធិដោយ thmeythmey.com