អន្តរជាតិ
អ្នកភូមិ​ដែល​សម្លាប់​ក្រពើ​៣០០​ក្បាល​ដើម្បី​សងសឹក​ឲ្យ​មនុស្ស​ម្នាក់ ប្រឈម​ជាប់ទោស​
18, Jul 2018 , 9:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ធីតា
​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​កោះ Sorong ខេត្ត West Papua ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ចុង​សប្តាហ៍​កន្លងមក ដោយ​អ្នកភូមិ​ជាច្រើន​នាក់​ប្រដាប់​ដោយ​កាំបិត ពូថៅ ដុំថ្ម បាននាំគ្នា​ទៅ​សម្លាប់​ក្រពើ​ប្រមាណ​៣០០​ក្បាល​នៅក្នុង​កសិដ្ឋាន​មួយ ដើម្បី​សងសឹក​ឲ្យ​បុរស​ម្នាក់​។ នេះ​បើតាម​ការផ្សាយ​របស់ The Jakarta Post​។​



​បុរស​ឈ្មោះ Sugito អាយុ​៣១​ឆ្នាំ ត្រូវបាន​រាយការណ៍​ថា ស្លាប់​ដោយសារ​ក្រពើ​មួយ​ក្បាល​ខាំ​។ ក្រោយ​រៀបចំ​ពិធី​បុណ្យសព​រួច គ្រួសារ​ជនរងគ្រោះ និង​អ្នកភូមិ​រាប់រយ​នាក់​ខឹងសម្បារ​យ៉ាងខ្លាំង ដោយ​ពួកគេ​បាននាំគ្នា​ទៅប្តឹង​ប៉ូលិស​ដើម្បី ទាមទារ​សំណង​ជំងឺ​ចិត្ត បន្ទាប់មក ពួកគេ​បាន​ប្រមូលគ្នា​ទៅកាន់​កសិដ្ឋាន​ដើម្បី​សម្លាប់សត្វ​ក្រពើ​។​

​សាក្សី​ម្នាក់​បាន​ឲ្យ​ដឹងថា អ្នកភូមិ​បាននាំគ្នា​ទាញ​ក្រពើ​ចេញ​ក្រៅពី​អាង ហើយ​កាប់សម្លាប់​ជា​បន្តបន្ទាប់ ខណៈ​សមត្ថកិច្ច​មិនមាន​កងកម្លាំង​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ពួកគេ​បាន​នោះឡើយ​។ ម្ចាស់​កសិដ្ឋាន​ដែលមាន​ឈ្មោះថា Albert Siahaan បានត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ​។​

​លោក Basar Manullang ប្រធាន​ភ្នាក់ងារ​អភិរក្ស​ធនធានធម្មជាតិ​ប្រចាំខេត្ត West Papua មិន​យល់ស្រប​នោះឡើយ​ចំពោះ​ទង្វើ​ហិង្សា​របស់​អ្នកភូមិ​ប្រឆាំង​សត្វ​ក្រពើ​។ «​ការកាប់​សម្លាប់សត្វ​បែបនេះ គឺ​ខុសច្បាប់​ទាំងស្រុង ជាពិសេស​ជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​»​។​

​លោក​បាន​បន្ថែមថា កសិដ្ឋាន​នោះ មានច្បាប់​ត្រឹមត្រូវ​ដែល​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន និង​ព្រៃឈើ​។ ជាមួយគ្នានេះ អាជ្ញាធរ​ប៉ូលិស​កំពុង​បន្ត​សាកសួរ​សាក្សី​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​ផ្លូវការ​ជុំវិញ​រឿងរ៉ាវ​ដែល​បានកើត​ឡើង ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​ការ​សងសឹក​ដ៏​សាហាវ​។​

​ករណី​ដែល​បណ្តាល​ឲ្យ​ក្រពើ​ខាំ​មនុស្ស​ស្លាប់​នេះ ក៏​មិនអាច​ឲ្យ​ម្ចាស់​រួចខ្លួន​ឡើយ ប្រសិនបើ​រកឃើញថា កសិដ្ឋាន​មិនមាន​របង​ការពារ​គ្រប់គ្រាន់ ឬ​ការបំពាក់​កា​ម៉េ​រ៉ា​សុវត្ថិភាព​តាមដាន​ដើម្បី​ទប់ស្កាត់​បញ្ហា​ដែល​បានកើត​ឡើង​។​

​ក្រពើ​ជិត​៣០០​ក្បាល​នោះ ត្រូវបាន​អាជ្ញាធរ​សម្រេច​ដុត និង​កប់​ចោល​ក្នុង​រណ្តៅ​៕


Tag:
 ​ឥណ្ឌូណេស៊ី​
  ក្រពើ
© រក្សាសិទ្ធិដោយ thmeythmey.com