(ញូដេលី)៖កិច្ចសន្ទនាដែលីលើកទីដប់ចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី ១៩ ខែកក្កដានេះនៅរដ្ឋធានីញូដេលី ដោយវេទិកាឆ្នាំនេះផ្តោតសំខាន់លើការពង្រឹងការផ្សាភ្ជាប់ជាពិសេសកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌាតាមផ្លូវសមុទ្រ។
កិច្ចសន្ទនាដែលីដែលជាជំនួបថ្នាក់តំបន់ដែលពាក់កណ្តាលផ្លូវការ និងពាក់កណ្តាលស្រាវជ្រាវ (track 1.5) ផ្តោតសំខាន់លើការកិច្ចសហប្រតិបត្តិការតាមផ្លូវសមុទ្រ (Maritime Cooperation)ដែលជាក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មី។ មូលបទនៃកិច្ចសន្ទនានេះគឺ«ពង្រឹងទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ានលើកិច្ចសប្រតិបត្តិការផ្លូវសមុទ្រ»។
ថ្លែងបើកកិច្ចសន្ទនាលោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា Sushma Swaraj បានស្វាគមន៍អ្នកចូលរួមជាពិសេសប្រតិភូអាស៊ាន និងលើកឡើងពីការវិវត្តនៃទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ាន។ លោកស្រីសង្ឃឹមថា គម្រោងផ្សាភ្ជាប់ថ្មីៗទៀតជាពិសេសតាមសមុទ្រនឹងត្រូវដាក់ចេញ ហើយការពង្រឹងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌាជាពិសេសរដ្ឋភាគឦសានជាមួយអាស៊ាននឹងអភិវឌ្ឍកាន់តែរហ័សថែមទៀតនៅពេលខាងមុខ។
លោកស្រីនិយាយដូច្នេះ៖ «យើងទទួលស្គាល់ថា គ្រឿងផ្សំសំខាន់បំផុតសម្រាប់ធ្វើឲ្យការផ្លាស់ប្តូរនៃការភ្ជាប់ទំនាក់ទំនងរវាងឥណ្ឌានិងអាស៊ានគឺហេដ្ឋារចនាសម្ព័ន្ធ និងការផ្សាភ្ជាប់លើគ្រប់វិស័យ។ យើងសង្ឃឹមថា យើងនឹងផ្លាស់ប្តូរច្រករបៀងនៃការផ្សាភ្ជាប់ទៅជាច្រងរបៀងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ឥណ្ឌាបានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការលើកកម្ពស់ការតភ្ជាប់នេះក្នុងនោះមានការអនុវត្តគម្រោងសាងសង់ផ្លូវហាយវ៉េត្រីភាគី (Trilateral highway) និងគម្រោងសម្រួលដល់ការដឹកជញ្ជូនជាដើម»។
បើផ្តោតលើកិច្ចសហប្រតិបត្តិការតាមសមុទ្រ ឥណ្ឌាមានទំនាក់ទំនងរឹងមាំរួចទៅហើយជាមួយប្រទេសអាស៊ានមួយចំនួនមានដូចជា វៀតណាម ថៃ សិង្ហបុរីនិងឥណ្ឌូណេស៊ី។ ដូចឃើញស្រាប់ ក្នុងខែឧសភាកន្លងមក ឥណ្ឌា និងឥណ្ឌូណេស៊ីបានដាក់ចេញទស្សនវិស័យរួមលើកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
អ្វីដែលគួរឲ្យកត់សម្គាល់គឺ វាជាលើកដំបូងដែលបណ្តាប្រមុខរដ្ឋាភិបាលនៃរដ្ឋភាគឦសានរបស់ឥណ្ឌាប្រាំពីរក្នុងចំណោមរដ្ឋទាំងប្រាំបីមាន Assam, Meghalaya, Sikkim, Arunachal Pradesh, Tripura, Nagaland និង Mizoram មានវត្តមាន និងផ្តល់សុន្ទរកថាពាក់ព័ន្ធនឹងការលូតលាស់នៃតំបន់ ក៏ដូចជាលទ្ធផលនៃការអនុវត្តគោលនយោបាយ«ធ្វើសកម្មភាពនៅភាគខាងកើត» ឬ(Act East Policy) ក្នុងវេទិកាសន្ទនានេះ។
-រដ្ឋភាគឦសានមានតួនាទីស្នូលក្នុងការអនុវត្តគោលនយោបាយការបរទេសភ្ជាប់ទំនាក់ទំនងជាមួយអាស៊ាន
ទាក់ទិននឹងតួនាទីរដ្ឋភាគឦសានរបស់ឥណ្ឌា រដ្ឋលេខាធិការនៃក្រសួងការបរទេសឥណ្ឌាលោក V.K Sign បានលើកឡើងថា រដ្ឋភាគឦសានជាស្នូលនៃគោលនយោបាយការបរទេសឥណ្ឌា «ធ្វើសកម្មភាពនៅភាគខាងកើត» របស់នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ដែលមានគោលដៅសំខាន់ធ្វើឲ្យអាស៊ាននិងឥណ្ឌាកាន់តែជិតស្និទ្ធគ្នា។
មន្ត្រីជាន់ខ្ពស់រូបនេះលើឧទាហរណ៍ពីភាពអំណោយផលនៃទីតាំងភូមិសាស្ត្ររវាងភាគឦសានជាមួយអាស៊ាន។ ការហោះហើរពីរដ្ឋភាគភាគឦសានទាំងនោះទៅកាន់រដ្ឋភាគច្រើននៅអាស៊ានដូចជា ឡាវ វៀតណាម កម្ពុជា និងថៃជាដើមមានរយៈពេលខ្លីជាងពីបណ្តារដ្ឋទាំងនោះមកកាន់រដ្ឋធានី ញូដេលីទៀត។ ដូច្នេះ លោក V.K Sign ចង់ឃើញការបង្កើនការហោះហើរត្រង់ និងការផ្សាភ្ជាប់ផ្សេងទៀតជាមួយរដ្ឋអាស៊ានឆាប់ៗ។
យ៉ាងណាមិញ បញ្ហាប្រឈមផ្សេងទៀតគឺ ទិដ្ឋាការធ្វើដំណើររបស់ប្រជាជនទាំងពីរ។ លោកចង់ឃើញមានស្ថានកុងស៊ុលអាស៊ាន នៅក្នុងរដ្ឋភាគឦសានឥណ្ឌានៅថ្ងៃអនាគតដ៏ខ្លីដែលវានឹងបើកទ្វារឲ្យប្រជាជនទាំងពីអាចធ្វើដំណើរទៅវិញទៅមកបានស្រួល។
ចំណែកលោក Ram Madhav ប្រធានមូលនិធិឥណ្ឌាបានអះអាងដែរថា រដ្ឋភាគឦសានមិនមែនត្រឹមជាច្រកទ្វារទៅកាន់អាស៊ានទេ តែជាចំណុចប្រមូលផ្តុំនៃការផ្សាភ្ជាប់ជាមួយអាស៊ាន។ ដូច្នេះហើយការបន្តជំរុញការផ្សាភ្ជាប់គ្រប់រូបភាពជារឿងចាំបាច់បំផុតសម្រាប់អនាគតនៃទំនាក់ទំនងភាគីទាំងពីរ។
លោកបានពន្យល់ថា កសិកម្ម ចំណីអាហារ ទេសចរណ៍ បច្ចេកវិទ្យា និងអប់រំជាដើមនោះជាវិស័យដែលមានសក្តានុពលដែលរដ្ឋភាគឦសាន និងអាស៊ានគួរវិនិយោគរួមគ្នា។ ចំណែកចម្រុះភាពនៃប្រជាជន និយាយភាសាអង់គ្លេស អភិបាលកិច្ច និងប្រជាធិបតេយ្យរបស់ឥណ្ឌាក៏ជួយធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងឥណ្ឌានិងអាស៊ានកាន់តែងាយស្រួលផងដែរ។
លោកក៏សង្ឃឹមផងដែរថា គម្រោងផ្លូវហាយវ៉េត្រីភាគីដែលភ្ជាប់ពីឥណ្ឌាទៅកាន់មីយ៉ាន់ម៉ា និងប្រទេសថៃនឹងចេញរូបរាងឡើងពីរឬបីឆ្នាំខាងមុខ ហើយការផ្សាភ្ជាប់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីនឹងមានលទ្ធភាពរីកធំធាត់ពេលផ្លូវគោកដ៏សំខាន់ភ្ជាប់ឧបទ្វីបឥណ្ឌាមកកាន់អាស៊ីអាគ្នេយ៍នោះចេញជារូបរាងឡើង។
យ៉ាងណាក៏ដោយ គម្រោងផ្លូវហាយវ៉េត្រីភាគីនេះត្រូវបានលើកឡើងយូរមកហើយ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលជាបន្តបន្ទាប់។ ភាគីពាក់ព័ន្ធសន្យាថា គម្រោងនេះនឹងត្រូវបើកដំណើរការជាផ្លូវការឆ្នាំ ២០២០ ដោយគ្មានការពន្យារពេលជាថ្មីទៀតឡើយ។
សូមបញ្ជាក់ថា កិច្ចសន្ទនាដេលី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ក្នុងគោលបំណងស្វែងរកយន្តការជំរុញការផ្សាភ្ជាប់រវាងឥណ្ឌា និង អាស៊ានដែលមានទំនាក់ទំនាក់យូរអង្វែងមកហើយនោះ។ ផ្តោតសំខាន់លើការផ្សាភ្ជាប់រវាងប្រជាជននិងប្រជាជន រវាងស្ថាប័ន និងការផ្សាភ្ជាប់តាមរយៈហេដ្ឋារចនាសម្ព័ន្ធដែលមានទាំងផ្លូវទឹក គោក និងអាកាស បូករួមទាំងប្រព័ន្ធឌីជីថល និងថាមពលផងដែរ។
ក្នុងខួបដប់ឆ្នាំនេះ វេទិកាសន្ទនាដេលីឆ្នាំនេះក៏មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់តំណាងរដ្ឋអាស៊ានជាច្រើននាក់ផងដែរក្នុងនោះមានរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោកបណ្ឌិត វីវៀន បាឡាគ្រីស្នាន់, រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រុយណេលោក Abdul Mutalib Yusof, អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី A.M. Fachir, អនុរដ្ឋមន្ត្រីការបរទេសឡាវ Thongphane Savanphet, រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា Kyaw Tin ក៏ដូចជាតំណាងអគ្គលេខាធិការអាស៊ាន លោកអគ្គលេខាធិការងអាស៊ាន Hoang Ahn Tuan ដែល ទទួលបន្ទុកកិច្ចការងារនយោបាយ៕