ជាតិ
#PrayforJapan! ពលរដ្ឋខ្មែរនៅជាមួយជប៉ុនក្នុងគ្រាដ៏លំបាក
× #PrayforJapan! នេះជាទឹកចិត្តរបស់ពលរដ្ឋកម្ពុជា ជូនចំពោះពលរដ្ឋជប៉ុនក្នុងគ្រាដ៏លំបាករបស់ខ្លួន ដោយរយៈពេលចុងក្រោយនេះ ជីវិតមនុស្សជាង២០០នាក់ ត្រូវបានលេបត្របាក់ដោយគ្រោះមហន្តរាយធម្មជាតិ ហើយជាច្រើននាក់បាត់បង់ទីជម្រក។ ព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្ត្រី អ្នកនយោបាយ ស្ថាប័នរដ្ឋ សហគ្រាសឯកជន សាលារៀន ក្រុមសិល្បៈ ក្លិបកីឡា ក៏ដូចពលរដ្ឋខ្មែរទូទៅ សុទ្ធតែបានចូលរួមរំលែកទុក្ខលំបាករបស់ជប៉ុន ដែលជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា។ អ្នកខ្លះ បានប្តូររូបភាពនៅលើហ្វេសប៊ុករបស់ខ្លួនដើម្បីឧទ្ទិសដល់ជប៉ុនថែមទៀតផងដែរ។
នារយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជប៉ុន ជាពិសេសតំបន់ភាគកណ្តាល និងភាគខាងលិច បានរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង និងការបាក់ដី ដែលបណ្តាលឲ្យ មនុ ស្សជាង២០០នាក់ស្លាប់ និងជាច្រើននាក់ទៀតបន្តបាត់ខ្លួន។ វាជាគ្រោះមហន្តរាយដ៏ធំបំផុតនារយៈពេល៣ទសវត្សរ៍ចុងក្រោយ។
ជុំវិញសោកនាដកម្មនេះ ព្រះមហាក្សត្រ ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏ថ្វាយព្រះរាជសារទៅព្រះចៅអធិរាជជប៉ុន អាគិហិតូ ដើម្បីសម្តែងសមានចិត្ត និងចូលរួមរំលែកទុក្ខ រីឯសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងខ្លឹមសារដូចគ្នាផងដែរ។
ក្រៅពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ស្ថាប័នជាតិ សហគ្រាសឯកជន សាលារៀន ក្រុមកីឡា សុទ្ធបានបង្ហាញពីមនោសញ្ចេតនាស្រណោះអាណិតចំពោះពលរដ្ឋ និងរដ្ឋាភិបាលជប៉ុនផងដែរ។
ពលរដ្ឋខ្មែរមួយចំនួន បាននាំគ្នាប្តូរផ្ទាំងរូបថតរបស់ខ្លួនដោយភ្ជាប់ជាមួយពាក្យថា «We are Cambodian, We Pray for Japan ឬ #PrayforJapan»។ ទោះបីពលរដ្ឋខ្មែរមិនអាចជួយដល់ជនជាតិជប៉ុនក៏ដោយ ក៏ពួកគេបានសរសេរថា ក្នុងនាមជាពលរដ្ឋខ្មែរ សូមឲ្យ ជប៉ុនរួចផុតពីគ្រោះថ្នាក់ដោយគ្រោះធម្មជាតិដ៏សាហាវនេះ។
មូលហេតុដែលនាំឲ្យប្រជាជនខ្មែរធ្វើបែបនេះ ដោយសារលើកឡើងថា ជប៉ុនជាម្ចាស់ជំនួយធំជាងគេសម្រាប់កម្ពុជា។ អ្នកខ្លះពន្យល់ថា ជប៉ុន និងកម្ពុជា ជាប្រទេសដែលមានសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធនឹងគ្នា និងជាប្រទេសដែលចេះជួយទុក្ខធុរៈគ្នាពេលមានអាសន្ន ហើយជប៉ុនជាប្រទេសដែលមិនគិតពីផលប្រយោជន៍អ្វីមួយរបស់កម្ពុជា។
នៅមុនការប្រកួតបាល់ទាត់ក្របខណ្ឌខេមបូឌានលីក និងពានរង្វាន់សម្តេច ហ៊ុន សែន ក្រុមកីឡាករបាននាំគ្នាស្មឹងស្មាធិ៍រំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅជប៉ុន។ ក្លិបមួយចំនួនរួមមាន ព្រះខ័នរាជស្វាយរៀង ណាហ្គាវើល ក្រសួងការពារជាតិ អង្គរថាយហ្គឺរ អាស៊ីអឺរ៉ុប សុទ្ធតែបានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន ដើម្បីចូលរួមរំលែកទុក្ខដ៏លំបាករបស់ជប៉ុន ហើយក្លិបភ្នំពេញក្រោនថែមទាំងផលិតវីដេអូខ្លះមួយថែមទៀតផង។
ឆ្លើយតបទៅនឹងទឹកចិត្តរបស់ថ្នាក់ដឹកនាំ និងពលរដ្ឋកម្ពុជា លោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចេញឃ្លីបវីដេអូមួយដើម្បីថ្លែងអំណរគុណ។
បន្ថែមពីលើនេះ ជប៉ុនក៏ជួបបញ្ហាមួយទៀត គឺអាកាសធាតុក្ដៅខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឲ្យដឹង ថា រលកកម្ដៅមានសីតុណ្ហភាពខ្ពស់ បានសម្លាប់មនុស្សយ៉ាងតិចណាស់១៤នាក់នៅចុងសប្ដាហ៍កន្លងទៅ ហើយវាក៏បានបង្កបញ្ហាដល់ការស្រោចស្រង់ឡើងវិញនៃតំបន់ដែលទើបរងគ្រោះដោយសារទឹកជំនន់ និងការបាក់ដីទៅទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com