ជាតិ
ធនាគារជាតិ​៖ គ្រប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មិនគួរ​មាន​ភ្នាក់ងារ​ប្រដាប់អាវុធ​ទេ ព្រោះ​កម្ពុ​ជាមាន​សន្តិសុខ​ហើយ​
22, Jul 2018 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារជាតិ មិន​លើកទឹកចិត្ត​ឲ្យ​ធនាគារឯកជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ នៅក្នុង ឬ​នៅក្បែរ​បរិវេណ​ទីស្នាក់ការ​របស់ខ្លួន​នោះទេ​។ ធនាគារជាតិ យល់ថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា មាន​សន្តិភាព​ពេញលេញ​ស្រាប់​ទៅហើយ​។



​តាមរយៈ​សេចក្តីជូនដំណឹង ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ធន​គារ​ជាតិ បាន​លើក​ហេតុផល​យ៉ាង​ដូច្នេះ​ថា​៖«​ធនាគារជាតិ បាន​ពិនិត្យឃើញថា គ្រឹះស្ថាន​មួយចំនួន កំពុង​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ​ការពារ​នៅក្នុង ឬ​នៅក្បែរ​បរិវេណ​ទី​ស្នា​ក់ការ​របស់ខ្លួន ដែល​អាច​បង្ក​ហានិភ័យ​ជាយថាហេតុ ដល់​អាយុជីវិត​ប្រជាជន និង​សណ្តាប់ធ្នាប់​សាធារណៈ​»​។​

​ធនាគារជាតិ បាន​ប្រាប់ថា បើ​ចង់​ប្រើប្រាស់​ភ្នាក់ងារ​សន្តិសុខ​ប្រដាប់អាវុធ គ្រប់​ធនាគារឯកជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ត្រូវ​ស្នើសុំ​កិច្ចសហការ និង​ការអនុញ្ញាត​ពី​អាជ្ញាធរ​។ លើសពីនេះ ធនាគារជាតិ ក៏បាន​ដាក់​កំហិត​ឲ្យ​ធនាគារឯកជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ រាយការណ៍​ទៅ​ខ្លួន ឲ្យ​បាន​មុន​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ អំពី​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​សន្តិសុខ និង​ចំនួន​អាវុធ​៕



Tag:
 ​ធនាគារជាតិ​
  សន្តិសុខ​
© រក្សាសិទ្ធិដោយ thmeythmey.com