អន្តរជាតិ
អ៊ីរ៉ង់ ចង់​មាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​អាស៊ាន​
22, Jul 2018 , 8:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ ចង់​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយនឹង​អង្គការ​អន្តររដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ទិសដៅ​របស់​ក្រុង​តេ​ហេ​រ៉ង់​មកកាន់​អាស៊ាន ស្រប​ពេលដែល​អង្គការ​ក្នុង​តំបន់​មួយ​នេះ កំពុងតែ​ការអភិវឌ្ឍ​កាន់តែ​រីកចម្រើន ជាពិសេស​នោះ​លើ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។



​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​ថ្ងៃ​៣០ កក្កដា​ខាងមុខនេះ រដ្ឋាភិបាល​អ៊ីរ៉ង់ នឹង​ចុះសន្ធិសញ្ញា​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ជាមួយនឹង​អាស៊ាន​ហើយ​។ ផែនការ​នេះ នឹងត្រូវ​ធ្វើឡើង​ចំពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដែលមាន​សិង្ហ​បុរី​ជា​ប្រធាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អ៊ីរ៉ង់ Tehran Times នៅ​ថ្ងៃ​២១ កក្កដា​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​ក្រុង​តេ​ហា​រ៉ង់ នៃ​ប្រទេស​អឺ​រ៉ង់ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif នឹង​ចុះហត្ថលេខា​ផ្លូវការ​លើ​សន្ធិសញ្ញា​ស្តី​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អាស៊ាន​នា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​

​លោក​អគ្គរដ្ឋទូត​ដដែល​នោះ បានបញ្ជាក់​បន្ថែមថា ប្រទេស​អាស៊ាន នឹង​ស្វាគមន៍​គ្រប់ភាគី​ទាំងអស់ ដែល​ចង់​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តីពី​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​។

​គួរ​ជម្រាប​ថា អាស៊ាន ជា​អង្គការ​អន្តរជាតិ​រដ្ឋាភិបាល​មួយ ដែលមាន​ទិសដៅ​សម្រេច​ឲ្យ​បាន​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ផ្នែក​សន្តិសុខ​-​នយោបាយ សង្គម​-​វប្បធម៌ និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​។ បើ​សមាជិក​អាស៊ាន​ទាំង​ដប់​ដែល​រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម នោះ​ប្រជាជន​អាស៊ាន​មាន​ជាង​៦៣០​លាន​នាក់ និង​មាន​ផលិតផល​ក្នុងស្រុក​សរុប​២.៤ ទ្រី​លាន​ដុល្លារ​។

​បច្ចុប្បន្ន​អាស៊ាន មាន​ដៃគូ​សហ​ប្រតិការ​ជាមួយនឹង​បន្ត​ភាគី​រួមមាន អូស្ត្រាលី កាណាដា ចិន សហភាព​អឺរ៉ុប អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន ណូ​វែ​ល​សេ​ឡង់ ន័​រ​វែ​ស ប៉ា​ហ្គី​ស្ថាន តួ​ក​គី រុស្សី កូរ៉េខាងត្បូង ហូ​ឡង់ និង​អាមេរិក ៕



Tag:
 អ៊ីរ៉ង់
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com