ជាតិ
សេដ្ឋកិច្ច
ចិន​ផ្តល់​កម្ចី​២៥៩​លាន​ដុល្លារ​ដល់​កម្ពុជា លើ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​បី​
23, Jul 2018 , 9:19 pm        
រូបភាព
​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជាមួយ​ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន នូវ​ទឹកប្រាក់​ទំហំ​២៥៩​លាន​ដុល្លារ សម្រាប់​ហិរញ្ញប្បទាន​ដល់​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​បី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AKP​។​



​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​បី​នេះ សម្រាប់​ស្ថាបនា​ផ្លូវ​ប្រវែង ៤៧,៦ គីឡូម៉ែត្រ​។ វា​ជា​ប្រភេទ​ផ្លូវ​៤​គន្លង ដោយមាន​ទទឹង​២៥​ម៉ែត្រ សម្រាប់​ផ្លូវ​រថយន្ត​៤​គន្លង ដោយ​១​គន្លង​មាន​ប្រវែង​៣,៥០​ម៉ែត្រ និង​ផ្លូវ​ទោចក្រយានយន្ត​២​គន្លង ដោយមាន​ប្រវែង​២,២៥​ម៉ែត្រ​ក្នុង​១​គន្លង ។ 

​ផ្លូវ​ក្រវាត់ក្រុង​ទី​បី​នេះ ចាប់ផ្តើម​ធ្វើ​ពី​ផ្លូវជាតិ​លេខ​៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ ១៤+១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ដោយ​ត្រូវ​កាត់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២១+២០០ កាត់​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ២២+៨០០ និង​កាត់​ផ្លូវជាតិ​លេខ​២១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ ១៨+៤០០ និង​ផ្លូវ​ខ្នែង​ប្រវែង​៥.៣៧៥​គីឡូម៉ែត្រ​។​

ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​បី​នេះ ជា​ខ្សែ​ផ្លូវ​ថ្មី​មួយ ដែល​ត​ភ្ជាប់​ផ្លូវជាតិ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ដោយ​ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ផ្លូវជាតិ​លេខ​៥ ឆ្លង​មក​ផ្លូវជាតិ​លេខ​៤ ភ្ជាប់​មក​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​២១ និង​ផ្លូវជាតិ​លេខ​១ នឹង​ភ្ជាប់​ទៅ​កំពង់ផែ​ភ្នំពេញ​ថ្មី​។

​ជាមួយគ្នានេះ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​បី នឹង​រួមចំណែក​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ និង​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា និង​ជា​ខ្សែ​ផ្លូវ​ថ្មី​មួយទៀត​បន្ទាប់ពី​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ដែល​កំពុងដំណើរការ​សាងសង់​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ដែល​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​នេះ គឺជា​ផ្លែផ្កា​ថ្មី​មួយទៀត ដែល​កើតចេញពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​រដ្ឋាភិបាល​ចិន​៕





Tag:
 ហិរញ្ញប្បទាន​
  ចិន​
  ផ្លូវ​ក្រវាត់ក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com