អន្តរជាតិ
តៃវ៉ាន់​ថា ខ្លួន​ងាយ​នឹងត្រូវ​ចិន​ឈ្លានពាន បើ​អាមេរិក​ឈប់​គាំទ្រ​
23, Jul 2018 , 9:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu (រូបភាព CNN)
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu (រូបភាព CNN)
​ចិន នឹង​ប្រើ​កម្លាំង​ទ័ព​ដណ្ដើម​តៃវ៉ាន់​យក​ត្រួតត្រា​ឡើងវិញ​។ នេះ​ជា​ពាក្យ​ដែល​គេ​តែង​ឮ​ចេញពី​មាត់​ក្រុង​ប៉េកាំង ដែល​ចាត់ទុក​ដែន​កោះ​មួយ​នេះ​ជា​អាណាខេត្ត​របស់ខ្លួន​ដែល​មិនអាច​កាត់ផ្ដាច់​បានឡើយ​។ ក្នុង​គោលដៅ​ការពារ​ខ្លួន តៃវ៉ាន់​បាន​អែប​អាមេរិក​យ៉ាង​កៀក​បំផុត ដោយ​សង្ឃឹមថា អាមេរិក​នឹង​ជួយ​ខ្លួន​បើ​ចិន​វាយប្រហារ​មែន​នោះ​។ ប្រមុខ​ការទូត​តៃវ៉ាន់​អះអាងថា បើ​គ្មាន​អាមេរិក​ទេ តៃវ៉ាន់​ពិតជា​ពិបាក​ទប់ទល់​ចិន​មែនទែន​។



​ជំនួយ​យោធា​របស់​អាមេរិក ពិតជា​ជួយ​តៃវ៉ាន់​បាន​ច្រើន​។ នេះ​ជា​សម្ដី​របស់​រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ Joseph Wu ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN នៅ​ថ្ងៃទី​២៣ ខែកក្កដា​។ ដោយសារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​នេះហើយ បានជា​តៃវ៉ាន់​អាច​រក្សា​សន្តិសុខ​របស់ខ្លួន​អស់​ពេល​ជាច្រើន​មកនេះ ប្រឈមមុខ​នឹង​ការ​សម្លឹងមើល​មិន​ដាក់​ភ្នែក​ពី​សំណាក់​ចិនដីគោក​។

​លោក Joseph Wu បានទទួល​ស្គាល់​ពីសារ​សំខាន់​នៃ​ទំនាក់ទំនង​រវាង​តៃវ៉ាន់ និង​អាមេរិក ហើយ​តៃវ៉ាន់​មាន​អារម្មណ៍​ថា ទំនាក់ទំនង​នេះ​កាន់តែ​រឹងមាំ​នា​រយៈពេល​ចុងក្រោយ​នេះ​។ យ៉ាងណាក្ដី លោក Wu បញ្ជាក់ថា វា​ជា​រឿង​សំខាន់​ដែល​ក្រុង​វ៉ាស៊ីនតោន ត្រូវ​បន្ត​គាំទ្រ​កោះ​តៃវ៉ាន់​ទាំង​ផ្នែក​យោធា និង​វិស័យ​ការទូត​ផង​។ សម្រាប់​មន្ត្រី​តៃវ៉ាន់​រូបនេះ ចិន​នឹង​ឃើញ​ពី​ភាពទន់ខ្សោយ​របស់​តៃវ៉ាន់ បើ​អាមេរិក​លែង​គាំទ្រ ហើយ​ចិន​អាច​ចាប់ផ្ដើម​សេណា​រី​យូ​ដើម្បី​ត្រួតត្រា​តៃវ៉ាន់​មិន​ខាន​។​

​ខណៈ​តៃវ៉ាន់​ស្ថិតក្រោម​ការដឹកនាំ​ដោយ​ស្វ័យភាព​អស់​ពេល​ជិត​៧០​ឆ្នាំ​មកហើយ​នោះ ក្រុង​ប៉េកាំង​មិនដែល​បោះបង់​បំណង​គ្រប់គ្រង​កោះ​នេះឡើយ​។ យោធា​ចិន​បានធ្វើ​សមយុទ្ធ​ជាច្រើនលើក​នៅ​តំបន់​ក្បែរ​កោះ​តៃវ៉ាន់ ក្នុង​បង្ហាញ​សាច់ដុំ​ផង និង​គំរាម​រដ្ឋាភិបាល​កោះ​នេះ​ផង​។ លោក Wu ចាត់ទុក​សមយុទ្ធ​រប​ស់​យោធា​ចិន ជា​យុទ្ធនាការ​បំភ័យ​ជនជាតិ​តៃវ៉ាន់​។ ដោយហេតុនេះ ប្រមុខ​ការទូត​តៃវ៉ាន់​លើកឡើងថា តៃវ៉ាន់​ព្យាយាម​រឹតចំណង​មិត្ត​ភាពជា​មួយ​អាមេរិក ដើម្បី​ប្រាប់​ចិន​ថា ចិន​មិនអាច​ដណ្ដើម​តៃវ៉ាន់​តែមួយ​យប់​បានឡើយ​។​

​ក្នុង​កិច្ច​សម្ភាស​ដដែល​នេះ លោក Wu ក៏បាន​រិះគន់​ជំហរ​ការអធិប្បាយ​រប​ស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​ចា​ត​ទុក​ការបង្រួបបង្រួម​ជាមួយ​តៃវ៉ាន់ ជា​បំណង​របស់​ប្រជាជន​ចិន​ទាំងអស់ ហើយ​ចិន​ក៏​មិន​បោះបង់​ទឹកដី​ខ្លួន​មួយ​ចម្រៀក​ណា​ដែរ​។ លោក Wu ចាត់ទុក​សម្ដី​លោក ស៊ី ផ្ទុយ​ពី​ទង្វើ​របស់ខ្លួន ដែល​បង្កើតជា​គំនិត​ស្អប់ខ្ពើម​ចិន​ក្នុងចំណោម​ប្រជាជន​តៃវ៉ាន់​។

​ជាមួយគ្នា​នោះ តៃវ៉ាន់​ក៏​មិន​បារម្ភ​ថា នឹង​ក្លាយជា​កូនអុក​ក្នុង​ល្បែង​នយោបាយ​រវាង​រដ្ឋាភិបាល​ចិន និង​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែរ​។ អ្វីដែល​គេ​ឃើញ​នោះ ទំនាក់ទំនង​តៃវ៉ាន់ និង​អាមេរិក​ហាក់​ជិតស្និទ្ធ​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំកន្លះ​នៃ​អាណត្តិ​លោក ត្រាំ ។ លោក Wu និយាយថា ប្រធានាធិបតី ត្រាំ បាន​រក្សា​មិត្ត​ភាពល្អ​ជាមួយ​តៃវ៉ាន់ និង​ប្រាប់​តៃវ៉ាន់​ថា បញ្ហា​តៃវ៉ាន់​មិនអាច​ដោះដូរ​បានឡើយ ដូចគ្នា​នឹង​ប្រជាធិបតេយ្យ​ដែរ​៕ 


Tag:
 តៃវ៉ាន់​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com