អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឥណ្ឌា​ប្រើ​«​នយោបាយ​ការទូត​សត្វ​គោ​»​ចែចូវ​រដ្ឋ​អាហ្វ្រិក​ខាងកើតរ​វ៉ាន់ដា​?
23, Jul 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​បី​នៅ​អាហ្វ្រិក​នៅ​ដើម​សប្តាហ៍​នេះ​។ ជាន់ដី​អាហ្វ្រិក​ជា​លើក​ទី​ពីរ​ចាប់តាំងពី​ឡើងកាន់​អំណាច​ឆ្នាំ ២០១៤ លោក ម៉ូ​ឌី ចាប់ផ្តើម​ទស្សនកិច្ច​របស់ខ្លួន​នៅរ​វ៉ាន់ដា មុន​បន្តទៅ​អ៊ូ​ហ្ក​ង់​ដា និង​អាហ្វ្រិក​ខាងត្បូង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​នាំ​អំណោយ​ជា​សត្វ​គោ ២០០​ក្បាល​ទៅជូន​ដល់​ប្រជាពលរដ្ឋរ​វ៉ាន់ដា​ផងដែរ​។​



​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​ទៅកាន់​រដ្ឋ​អាហ្វ្រិក​បី​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ឥទ្ធិពល​ឥណ្ឌា​នៅ​ទ្វីបអាហ្វ្រិក​។ ចាប់ពី​ឡើងកាន់តំណែង​មក លោក ម៉ូ​ឌី ចាត់ទុក​តំបន់​អាហ្វ្រិក​ជា​អាទិភាព​សម្រាប់​គោលនយោបាយ​ការបរទេស​របស់​ឥណ្ឌា​ដែរ​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌា Zee News  ពេល​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​រដ្ឋ​អាហ្វ្រិក​ខាងកើតរ​វ៉ាន់ដា លោក ម៉ូ​ឌី នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជនរ​វ៉ាន់ដា​ដែល​ស្លាប់​ក្នុងអំឡុង​របប​ប្រល័យពូជសាសន៍​ឆ្នាំ ១៩៩៤​។

​មេដឹកនាំ និង​ប្រជាពលរដ្ឋ​ឥណ្ឌា​ដឹងគុណ​ដល់​វ៉ាន់ដា​កាលនោះ​ដែល​មិន​ប៉ះពាល់​អាយុជីវិត​ប្រជាជន​ខ្លួន​ដែល​រស់នៅ​ទីនោះ ហើយ​និង​មិន​លូកលាន់​ពេល​រដ្ឋាភិបាល​ឥណ្ឌា​ជម្លៀស​ប្រជាជន​ចេញមក​កេ​ន​យ៉ា​ទៀត​។​

​បន្ទាប់ពី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ លោក ម៉ូ​ឌី នឹង​ទៅ​អញ្ជើញ​ពិនិត្យមើល​ភូមិ​គម្រូ Rweru ហើយ​លោក ម៉ូ​ឌី​នឹង​ផ្តល់​អំណោយ​ជាស​ត្វ​គោ​ចំនួន ២០០​ក្បាល​ដល់​គម្រោង​សុវត្ថិភាព​សង្គម​សម្រាប់​ជួយ​ជនក្រីក្រ​ដែល​បង្កើតឡើង​ដោយ​ប្រធានាធិបតីរ​វ៉ាន់ដា​លោក Pau Kagame​។ ក្រោម​គម្រោង​នេះ គ្រួសារ​ក្រីក្រ​ទទួលបាន​អំណោយ​ជា​សត្វ​គោ​ផលិត​ទឹកដោះ​ពី​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​។

​ឥណ្ឌា និងរ​វ៉ាន់ដា​មាន​ចំណងមិត្តភាព​ស៊ីជម្រៅ ដោយ​ភាគី​បានសម្រេច​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​កាលពីដើម​ខែមករា​ឆ្នាំមុន ហើយ​ប្រជាជន​ឥណ្ឌា និង​មន្ត្រី​ឥណ្ឌា​ប្រហែល ៣០០០​នាក់​កំពុង​រស់នៅរ​វ៉ាន់ដា​ដែរ​។ យ៉ាងណាមិញ បច្ចុប្បន្ន​ឥណ្ឌា​មិនទាន់មាន​បេសកកម្ម​ការទូត​នៅរ​វ៉ាន់ដា​ឡើយ​។ ប៉ុន្តែ​ឥណ្ឌា​សន្យា​បង្កើត​បេសកកម្ម​ការទូត​នៅរ​វ៉ាន់ដា​ឲ្យ​បាន​ឆាប់ៗ​បំផុត​។​

​ក្នុងពេល​ទស្សនកិច្ច​នេះ​ដែរ លោក​ម៉ូ​ឌី នឹង​ប្រកាស​ពី​គម្រោង​ផ្តល់​កម្ចី ១០០​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍ​ឧទ្យាន​ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង Kigali និង​កញ្ចប់​លុយ ១០​លាន​ដុល្លារ​ផ្សេងទៀត​សម្រាប់​អភិវឌ្ឍ​កសិកម្ម​និង​ប្រព័ន្ធធារាសាស្ត្រ​នៅរ​វ៉ាន់ដា​ផង​។​
​ហេតុអ្វីរ​វ៉ាន់ដា​សំខាន់​សម្រាប់​ឥណ្ឌា​?

​ប្រធានាធិបតីរ​វ៉ាន់ដា បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា​បួន​ដង​រួចមកហើយ​កន្លងមក ហើយ​មេដឹកនាំ​ឥណ្ឌា​ក៏​មើលឃើញ​ពី​សក្តានុពល​របស់រ​វ៉ាន់ដា​ទាំង​ផ្នែក​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច​ផងដែរ​។ និយាយ​ទៅ រ​វ៉ាន់ដា​ត្រូវបាន​គេ​ចាត់ទុកជា​ច្រក​ដ៏​សម្រាប់​ឆ្លង​ចូល​អាហ្វ្រិក​ខាងកើត ហើយ​បច្ចុប្បន្ននេះ​រដ្ឋ​មួយ​នេះ​កំពុង​ធ្វើជា​ប្រធាន​សហភាព​អាហ្វ្រិក និង​ទើប​រៀបចំ​កិច្ចប្រជុំសភា​នៃ​សហភាព​អាហ្វ្រិក​ផង​នោះ​ធ្វើ​ឲ្យ​មហាអំណាច​នានា​ចោមរោម​ចែចូវ​ផង​។ តាមពិតទៅ មុន​ទស្សនកិច្ច​របស់​លោក ម៉ូ​ឌី លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន​បាន​បំពេញ​ទស្សនកិច្ច​នៅរ​វ៉ាន់ដា​ដូចគ្នា​។

​ក្រោម​ការដឹកនាំ​របស់​រ​វ៉ាន់ដា​ឆ្នាំនេះ អាហ្វ្រិក​បានសម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ដេ​ល​មាន​ឈ្មោះថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្ពង់រាប​អាហ្វ្រិក (AFCTA) ដែលមាន​ប្រទេស​អាហ្វ្រិក ៤៤ ចុះហត្ថលេខា​។ ក្រោយ​ការផ្តល់​សច្ចាប័ន​ចប់សព្វគ្រប់​នោះ វា​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​មួយ​លើ​ពិភពលោក​ដែលមាន​សមាជិក​ចូលរួម​ច្រើន​បែបនេះ​។

​ក្រៅពី​ពាណិជ្ជកម្ម ឥណ្ឌា​ក៏​មើលឃើញ​ពី​តួនាទីរ​វ៉ាន់ដា​ក្នុងការ​ចូលរួមចំណែក​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅក្នុង​តំបន់​ជម្លោះ​នានា​ទូទាំង​អាហ្វ្រិក​។ នៅ​ទ្វីបអាហ្វ្រិក​ទាំងមូល រ​វ៉ាន់ដា​បាន​បញ្ជូន​កងទ័ព​ច្រើនជាងគេ​លំដាប់​លេខ​បី​ក្នុង​ប្រតិបត្តិការ​ឯណោះ​៕



Tag:
 នា​រិ​ន្ទ្រា ម៉ូ​ឌី​
  នយោបាយ​ការទូត​សត្វ​គោ​
  រ​វ៉ាន់ដា​
  អាហ្វ្រិក​ខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com