បក្សសម្ព័ន្ធ ដាក់​បណ្តឹង​ច្រើនជាងគេ ទៅ​គ​.​ជ​.​ប​. ជុំវិញ​ការឃោសនា
ជាតិ
បោះឆ្នោត
បក្សសម្ព័ន្ធ ដាក់​បណ្តឹង​ច្រើនជាងគេ ទៅ​គ​.​ជ​.​ប​. ជុំវិញ​ការឃោសនា
23, Jul 2018 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានទទួល​ពាក្យបណ្ដឹង​សរុប​ចំនួន​១៩​។ បណ្ដឹង​ទាំងនោះ ភាគច្រើន​ជា​បណ្តឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា​។



​គ​.​ជ​.​ប​. សង្កេតឃើញថា ដំណើរការ​នៃ​ការឃោសនា​របស់​គណបក្ស​នានា រយៈពេល​កន្លះ​ខែ​មកនេះ មាន​ភាពល្អប្រសើរ​។ ល្អប្រសើរ ដោយសារតែ​១៤​ថ្ងៃ នៃ​ការឃោសនា គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២១ ខែកក្កដា គ​.​ជ​.​ប​. ទើប​ទទួលបាន​បណ្ដឹង​១៩​ប៉ុណ្ណោះ​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប​. បាន​អះអាងថា ក្នុងចំណោម​គណបក្ស​ទាំង​២០ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានដាក់​បណ្ដឹង​ច្រើនជាងគេ ហើយក៏​រង​បណ្ដឹង​ខ្លះ​ដែរ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ បណ្ដឹង ដែល​គ​.​ជ​.​ប​. ទទួលបាន មានដូចជា ការប្រើ​ពាក្យ​អសុរោះ​, កា​របក​ខិត​បណ្ណ​, ការបំផ្លាញ​ស្លាក​គណបក្ស និង ការយក​ដុំ​ក្រួស​គប់​ទៅលើ​ឧបករណ៍​ឃោសនា​របស់​គណបក្ស ជាដើម​។

​លោក ហង្ស ពុទ្ធា បាន​បន្ថែមថា ការយក​ទីតាំង​របស់​រដ្ឋ ឬ​ទីតាំង​សាធារណៈ ធ្វើជា​កន្លែង​ឃោសនា  គ្រប់​គណបក្ស ត្រូវសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​។ ចំណែក​ទីតាំង​ឯកជន ត្រូវមាន​ការអនុញ្ញាត​ពី​ម្ចាស់​ទីតាំង​ជាមុនសិន ទើប​អាច​ឃោសនា​បាន​។ លើសពីនេះទៅទៀត ប្រសិនបើ​មាន​គណបក្ស​ណាមួយ ឃោសនា​នៅ​ទីតាំង​ណា​ហើយ គណបក្ស​ដទៃទៀត មិនអាច​ទៅ​ឃោសនា​នៅ​ទីតាំង​ជាមួយគ្នា​ឡើយ គឺ​ត្រូវ​រង់ចាំ​ដល់​គណបក្ស​មួយ បញ្ចប់​សិន ទើប​គណបក្ស​មួយទៀត​អាច​បន្តបាន​។​

​ការឃោសនា មាន​រយៈពេល​២១​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ថ្ងៃទី​២៨ គឺជា​ថ្ងៃ​ស ដែល​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ត្រូវ​ផ្អាក​ការឃោសនា​របស់ខ្លួន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានឱកាស​ក្នុងការ​ពិចារណា​ក្នុងការ​ជ្រើសរើស​គណបក្ស ដែល​ខ្លួន​ពេញចិត្ត​។ ចំណែក ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦៕



Tag:
 ​នយោបាយ​
 ​ឃោសនា​
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម