អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បើ​មហាអំណាច​ចិន និង​ឥណ្ឌា​ក្លាយជា​មិត្ត​ស្និទ្ធស្នាល «​សតវត្ស​អាស៊ី​នឹងមាន​មូលដ្ឋាន​កាន់តែ​មាំមួន​»
24, Jul 2018 , 10:35 am        
រូបភាព
(​ញូ​ដេលី​)៖ ទំនាក់ទំនង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ឥណ្ឌា និង​ចិន​កាន់តែ​ប្រសើរ​ឡើងវិញ ក្រោយ​ប្រឈមមុខ​ដាក់គ្នា​អស់​ជាច្រើន​ខែ​ដោយសារ​បញ្ហា​ព្រំដែន​។ អ្នកជំនាញ​យល់ថា បើសិនជា​ចំណងមិត្តភាព​កាន់តែ​ស្អិតល្មួត​ប្រៀបដូចជា​មិត្ត​ល្អ «​សតវត្ស​អាស៊ី​» នឹងមាន​មូលដ្ឋាន​កាន់តែ​រឹងមាំ ហើយ​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​សេដ្ឋកិច្ច​នឹង​រក្សា​វត្តមាន​នៅក្នុង​តំបន់​ទាំងមូល​។​



​ទំនាក់ទំនង​ទ្វេភាគី​ប្រសើរ ពេល​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ប្តូរ​ជំហរ​ការទូត​ចំពោះ​ចិន​?
​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ២០១៧ មហាអំណាច​គីឡូ​ធ្ងន់​ឥណ្ឌា និង​ចិន​បាន​ប្រឈមមុខគ្នា​ស្រួចស្រាល់​ដោយសារ​បញ្ហា​ជម្លោះព្រំដែន Doklam ស្ថិតនៅតាម​ព្រំដែន​តំបន់​ស្វយ័ត​ទី​បេ និង​ប្រទេស​ប៊ូ​តង់​។ ជម្លោះព្រំដែន​នៅ Doklam កើតឡើង​នៅ​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​២០១៧ ក្រោយ​យោធា​ចិន​បញ្ជូន​គ្រឿងចក្រ​ឈូសឆាយ​នៅ​តំបន់​ខ្ពង់រាប​លើ​ភ្នំ​ហិមាល័យ ប៉ុន្តែ​ឥណ្ឌា​ដែលជា​សម្ព័ន្ធមិត្ត​ប៊ូ​តង់​បាន​ចូលទៅ​ឃាត់​រហូតដល់​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ឥណ្ឌា និង​ចិន​តែម្តង​។​

​យ៉ាងណាក៏ដោយ​បញ្ហា​ព្រំដែន​នេះ​ថមថយ​កម្តៅ​ជា​បន្តបន្ទាប់ និង​ត្រឡប់​ទៅរក​ស្ថានភាព​ប្រក្រតី​វិញ ដោយសារ​ភាគី​ទាំងសងខាង​ពិគ្រោះ​យោបល់ និង​ពិភាក្សាគ្នា​។ រដ្ឋាភិបាល​ឥណ្ឌា និង​រដ្ឋាភិបាល​ចិន​ឯកភាពគ្នា​ដោះស្រាយ និង​ដកទ័ព​រៀងខ្លួន​ផងដែរ​។​

​គេ​មើលឃើញថា នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ព្យាយាម​ផ្លាស់ប្តូរ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​ចំពោះ​មហា​យក្ស​ចិន​ដែលជា​មិត្ត​ជិតខាង​។ គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៨ នេះ​លោក  ម៉ូ​ឌី ត្រូវ​ជួបពិភាក្សា​ទល់មុខ​គ្នា​ជាមួយ​ប្រធានាធិបតី​ចិន​បី​លើក​។ លើកទីមួយ​លោក ម៉ូ​ឌី បាន​អញ្ជើញ​ទៅកាន់​ទីក្រុង Wuhan ប្រទេស​ចិន និង​ជួបពិភាក្សា​មិន​ផ្លូវការ​ជាមួយ​លោក ស៊ី ជិន​ភីង​កាលពី​ចុងខែ​មេសា​កន្លងទៅ​។ ក្នុងជំនួប​កាលនោះ​មេដឹកនាំ​ឥណ្ឌា និង​ចិន​បាន​ពិភាក្សា​ពី​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​តាម​ព្រំដែន ប្រឆាំង​ភេរវកម្ម និង​រក្សា​សន្តិសុខ​នៅ​មហាសមុទ្រ​ឥណ្ឌា​ជាដើម​។​

 វា​គួរ​ឲ្យ​កត់សម្គាល់​ត្រង់ ឥណ្ឌា​និង​ចិន​ឯកភាពគ្នា​បង្កើត​បណ្តាញ​ទំនាក់ទំនង​ផ្ទាល់​រវាង​យោធា​ប្រទេស​ទាំងពីរ​ត្រឹម​កម្រិត​អគ្គនាយក​រដ្ឋា​ន​ទទួលបន្ទុក​ប្រតិបត្តិការ​យោធា​ដើម្បី​ទប់ស្កាត់​បញ្ហា​កើតឡើង​ជាយថាហេតុ​។ ក្រៅពី​សន្តិសុខ​ភាគី​ទាំងពីរ​ក៏​ស្វែងរក​លទ្ធភាព​ចាប់ដៃគ្នា​អភិវឌ្ឍ​តំបន់​រួមគ្នា និង​ពង្រឹង​ភាពជា​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែរ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​លោក ម៉ូ​ឌី ហាក់​ព្យាយាម​រក្សា​គោលជំហរ​ឯករាជ្យ និង​អ​ព្យា​ក្រឹត្យ​របស់​ឥណ្ឌា​ដែលមាន​តាំងពី​ជំនាន់​លោកនាយក​រដ្ឋមន្ត្រី Jawaharlal Nehru ដោយ​ធ្វើយ៉ាងណា​រក្សា​តុល្យភាព​នៃ​ទំនាក់ទំនង​ជាមួយ​លោកខាងលិច​ផង និង​ជាមួយ​មិត្ត​ជិតខាង​ដូចជា​ចិន​ដែល​កំពុង​កើន​ឥទ្ធិពល​ឥត​ឈប់​ផង​។  

​រឹតតែ​ច្បាស់​ថែមទៀត ក្នុង​វេទិកា​សន្តិសុខ Shangri-La នៅ​សិង្ហ​បុរី​ដើមខែ​មិថុនា​កន្លងទៅនេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​មិនបាន​លើកឡើង​សូម្បី​តែមួយ​ម៉ាត់​ពី​សម្ព័ន្ធ​សន្តិសុខ​ចតុ​ភាគី (Quadrilateral Security Dialogue) ដែលមាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី​ឡើយ​។ ផ្ទុយទៅវិញ​លោក​បែរជា​លើកឡើង​ពី​អាទិភាព​នៃ​ការ​ចាប់ដៃ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​ទៅវិញ​។ ការណ៍​នេះ​ត្រូវបាន​គេ​ចាត់ទុកថា វា​ជា​ឥរិយាបថ​មួយ​វិជ្ជមាន​ដែល​មិន​ធ្វើ​ឲ្យ​ចិន​ឃ្នើសចិត្ត និង​ធូរទ្រូង​លែង​សូវ​បារម្ភ​ពី​ចេតនា​របស​ឥណ្ឌា​ចំពោះ​ខ្លួន​ទៀត​ដែរ​។

​បន្ទាប់ពី​ជួបគ្នា​នៅ Wuhan លោក ម៉ូ​ឌី បាន​ជួប​ជាមួយ​លោក ស៊ី ជា​លើក​ទី​ពីរ​នៅក្នុង​វេទិកា​កិច្ចប្រជុំ​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ (SCO) ដែល​រៀបចំឡើង​នៅ​ទីក្រុង Qingdao ប្រទេស​ចិន​។  ក្នុងជំនួប​ទ្វេភាគី​នេះ លោក ម៉ូ​ឌី បានស្នើ​សុំ​រៀបចំ​ជំនួប​ទ្វេភាគី​មិន​ផ្លូវការ​ដូច​នៅ​ក្រុង Wuhan ទៀត​ប៉ុន្តែ​ជំនួប​នេះ​ត្រូវធ្វើឡើង​នៅ​ទឹកដី​ឥណ្ឌា​ម្តង​។ ប្រធានាធិបតី​ចិន​បាន​ទទួលយក​លិខិតអញ្ជើញ​ដោយ​មិនបាន​បង្អែរ​បង្អង់​យូរ​ទេ​។ ចំណែក​រឿង​សេដ្ឋកិច្ច លោក ស៊ី និង​លោក ម៉ូ​ឌី បាន​ឯកភាពគ្នា​ធ្វើយ៉ាងណា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ១០០​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២០​ផង​។

​ចំណែក ជំនួប​លើក​ទី​បី​នឹង​កើតឡើង​ដាច់ដោយឡែក​ពី​កិច្ចប្រជុំ​កំពូល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ជាន់​ថ្មី BRICS ដែល​រៀបចំឡើង​នៅ​ក្រុង  Johannesburg ប្រទេស​អាហ្វ្រិក​ខាងត្បូង​សប្តាហ៍​នេះ​។ ជំនួប​ទ្វេភាគី​លើក​ទី​បី​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ផ្តោត​សំខាន់​ពាណិជ្ជកម្ម​ទៀត ខណៈដែល​អាមេរិក​បន្ត​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ចិន​។ ឥណ្ឌា និង​ចិន​គាំទ្រ​ពាណិជ្ជកម្ម​សេរី សេដ្ឋកិច្ច​បើកចំហ និង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ផង​។ ដូច្នេះ​បញ្ហា​នេះ​នឹងត្រូវ​លើក​យកមក​ពិភាក្សា ។​

​បើសិន​ឥណ្ឌា និង​ចិន​អាច​បន្ត​រក្សាទុក​ជម្លោះព្រំដែន​ដោយឡែក ឬ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន និង​ឈានទៅ​ការ​ជាមួយគ្នា​ជិតស្និទ្ធ​ក្នុងនាម​ជា​មិត្ត​ជិតខាង​ល្អ​នៅពេល​ខាងមុខ​នោះ ភាព​វិជ្ជមាន​ជាច្រើន​នឹង​កើតឡើង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​។ វា​ជា​ពេល​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​អាស៊ី​ដុះដាល​ឥទ្ធិពល​លើសគេ ប្រៀប​ដូច​សតវត្ស​អាមេរិក​នា​សតវត្ស​ទី ២០ និង​សតវត្ស​ចក្រពត្តិ​អង់គ្លេស​នា​សតវត្ស​ទី ១៩​ដូចគ្នា​។​

«​សតវត្ស​អាស៊ី​មាន​មូលដ្ឋានគ្រឹះ​កាន់តែ​រឹងមាំ បើសិន​មហា​យក្ស​ឥណ្ឌា និង​ចិន​ក្លាយជា​មិត្ត​ជិតស្និទ្ធ​»
​ទាក់ទិន​នឹង​ការវិវត្ត​នៃ​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​ចិន អ្នកជំនាញ​ការបរទេស​លោក​បណ្ឌិត​យល់ឃើញថា វា​នឹងមាន​សញ្ញា​វិជ្ជមាន​សម្រាប់​តំបន់ និង​ពិភពលោក​ទាំងមូល បើ​ឥណ្ឌា និង​ចិន​កាន់​មានលទ្ធភាព​ខ្ពស់​ពង្រឹង​ទំនាក់ទំនង​ស្អិតល្មួត និង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​មែន​នោះ​។ ចំណុច​វិជ្ជមាន​នោះ​គឺ ការជំរុញ​កំណើនសេដ្ឋកិច្ច​តំបន់ និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការកសាង​ទំនុកចិត្ត​ខ្ពស់​រវាង​ប្រទេស​ក្នុង​តំបន់​តំបន់​ស្ថិរភាព សន្តិភាព និង​វិបុលភាព​នៃ​តំបន់​ទាំងមូល​ផង​។

​លោក​បណ្ឌិត Tang Siew Mun បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖« និយាយ​ឲ្យ​ពិត​ទៅ បច្ចុប្បន្ននេះ​ទំនាក់ទំនង​ឥណ្ឌា និង​ចិន​កាន់តែ​ប្រសើរ​ហើយ​។ បើសិនជា​ឥណ្ឌា និង​ចិន​កាន់​ជិតស្និទ្ធ អាចធ្វើ​ការរួម​គ្នា និង​ឈានដល់​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​ព្រំដែន និង​ភាព​ខុសប្លែកគ្នា​ផ្សេងទៀត វា​ជា​រឿង​ល្អ​បំផុត​ដោយ​សតវត្ស​អាស៊ី​មាន​មូលដ្ឋាន​កាន់តែ​រឹងមាំ​ថែមទៀត​»​។​

​លោក​បណ្ឌិត​បាន​បន្តថា​៖« វា​មាន​មូលដ្ឋាន​កាន់តែ​រឹងមាំ​ដោយសារ​សតវត្ស​អាស៊ី​លែងពឹងផ្អែក​ទាំងស្រុង​លើ​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ចិន​តែមួយ​។ បើសិន​មាន​ឥណ្ឌា និង​ចិន យើង​មាន​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ពីរ ហើយ​បូក​ជប៉ុន​មួយទៀត​។ រាប់ទាំង​ការ​ត្រដែត​ឡើង​របស់​វៀតណាម និង​ឥណ្ឌូណេស៊ី​ផង​នោះ តំបន់​ទាំងមូល​កាន់តែ​រឹងមាំ​ថែមទៀត​។ យើង​មិន​ពឹង​ផ្អែកលើ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​តែមួយ​ដូច​មុន​ទេ ព្រោះ​យើង​នឹងមាន​​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ច្រើន​»​។​

​លោក​បណ្ឌិត​ជឿជាក់ថា វា​ប្រាកដ​ណាស់​ដែល​ភាគី​ពាក់ព័ន្ធ​នឹង​អាច​ឈានទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ភាពខុសគ្នា​ផ្នែក​នយោបាយ​រួមគ្នា ហើយ​ជា​លទ្ធផល​ភាព​តានតឹង​នឹង​ថមថយ ហើយ​ការកសាង​ទំនុកចិត្ត​រវាង​គ្នា និង​ការ​សហការគ្នា​កើតឡើង​កាន់តែច្រើន​ផងដែរ​៕


Tag:
 ឥណ្ឌា​
  ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​
  ចិន​
  សតវត្ស​អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com