អន្តរជាតិ
ក្រោយ ត្រាំ គំរាម អ៊ីរ៉ង់​ប្រាប់​វិញ​ថា ខ្លួន​ឮ​ពាក្យ​គំរាម​ឡើង​ស៊ាំ​ត្រចៀក​ទៅហើយ​
24, Jul 2018 , 7:39 pm        
រូបភាព
​ភាព​តានតឹង​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​អ៊ីរ៉ង់ កំពុងពុះ​កញ្ជ្រោល​ខ្លាំង ដោយ​គេ​ឃើញ​មានការ​ឆ្លើយឆ្លង​សារ​តាម​បណ្ដាញ​សង្គម Twitter ។ ការ​គំរាម​អ៊ីរ៉ង់​របស់លោក ត្រាំ ត្រូវបាន​មន្ត្រី​ទីក្រុង​តេ​ហេ​រ៉ង់​វាយបក​វិញ​ដោយ​មិន​ទុក​យូរ​ឡើយ ហើយក៏​មិន​រអា​នឹង​គំរាម​នោះដែរ​។ ការប្រើ​បណ្ដាញ​សង្គម​ដើម្បី​វាយប្រហារ​អ៊ីរ៉ង់ ក៏​បង្កើតជា​សំណួរ​ពាក់ព័ន្ធ​គោលនយោបាយ​របស់​អាមេរិក​ក្នុងការ​ប្រឈមមុខ​ជាមួយ​រដ្ឋ​មជ្ឈិមបូព៌ា​មួយ​នេះ​។​



​ពាក្យ​គំរាម​ធ្ងន់ៗ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិនបាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ព្រឺរោម​ឡើយ​។ នៅ​ថ្ងៃទី​២២ ខែកក្កដា លោក ត្រាំ បង្ហោះ​សារ​ជា​អក្សរ​ធំៗ​តាម Twitter ដែល​មានន័យ​ស្មើនឹង​ការស្រែក​ខ្លាំង​ប្រាប់​ឲ្យ​ប្រធានាធិបតី ហាសាន់ រូ​ហា​នី កុំ​គំរាម​អាមេរិក​ម្ដងទៀត បើ​មិន​ចង់​ជួប​បញ្ហា​ធំ​។ មិន​ប៉ុន្មាន​ម៉ោង​ក្រោយមក រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ មហាម៉ាត់ ចា​វាដ សារី​ហ្វ ក៏​ឆ្លើយ​វិញ​ថា អ៊ីរ៉ង់​ធ្លាប់​ឮ​សម្ដី​បែបនេះ​រាប់សិប​ឆ្នាំ​មកហើយ​។​

​តាមរយៈ​សំណេរ​លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​២៣ កក្កដា លោក សារី​ហ្វ បាន​ប្រា​ប់លោក ត្រាំ ដោយ​ចំហ​ថា ពិភពលោក​បានឮ​សម្ដី​ឃោរឃៅ​ជាង​នេះ​កាលពី​ប៉ុន្មាន​ខែ​មុន​រួចហើយ ឯ​ប្រជាជន​អ៊ីរ៉ង់​ក៏​ឮ​ពាក្យពេចន៍​របៀបនេះ​អស់​ពេល​៤០​ឆ្នាំ​មកហើយ​ដែរ​។ ប្រមុខ​ការទូត​អ៊ីរ៉ង់​បន្តទៀតថា អ៊ីរ៉ង់​លេច​រូបរាង​ជាង​មួយ​ពាន់​ឆ្នាំ​ហើយ និង​បានឃើញ​ការដួលរលំ​ចក្រភព​របស់ខ្លួន​ដែលមាន​អាយុ​ច្រើនជាង​ប្រទេស​ខ្លះ​ទៅទៀត​។ ដូចនេះ អាមេរិក​ត្រូវតែ​ប្រយ័ត្ន​។​



​មន្ត្រីការទូត​អ៊ីរ៉ង់​រូបនេះ ចង់​និយាយ​សំដៅ​ដល់​ការដួលរលំ​ចក្រភព​ពែ​ក្ស ដែល​ធ្លាប់ជា​ប្រទេស​ធំ​មួយ និង​បដិវត្តន៍​អ៊ីរ៉ង់​ឆ្នាំ​១៩៧៩ ដែល​បញ្ចប់​របប​ដឹកនាំ​គាំទ្រ​ដោយ​អាមេរិក​។ ចាប់ពី​បដិវត្តន៍​នោះមក ទំនាក់ទំនង​អ៊ីរ៉ង់ និង​អាមេរិក​ក៏​ប្រែ​ទៅជា​ល្អក់កករ ហើយ​អាមេរិក​ក៏​គំរាម​អ៊ីរ៉ង់​ជា​ញឹកញយ​ដែរ​។

​ជំហរ​រឹងត្អឹង​របស់លោក ត្រាំ ចំពោះ​អ៊ីរ៉ង់ ពិតជា​ធ្វើ​ឲ្យ​គេ​បារម្ភ​ពី​ផលវិបាក​ពេល​ក្រោយ ហើយ​មកទល់​ពេល​មានតែ​នាយករដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ប៉ុណ្ណោះ​ដែល​បាន​សាទរ​សម្ដី​លោក ត្រាំ ។ ជុំវិញ​អាកប្បកិរិយា​របស់​ប្រធានាធិបតី​អាមេរិក អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders និយាយថា លោក ត្រាំ យកចិត្តទុកដាក់​សុវត្ថិភាព និង​សន្តិសុខ​ប្រជាជន​អាមេរិក និង​ធានាថា ក្រុង​តេ​ហេ​រ៉ង់​មិនអាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បានទេ​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ សម្ដី​ឆ្លើយឆ្លង​រវាង​អាមេរិក និង​អ៊ីរ៉ង់ គឺ​ស្រដៀង​គ្នា​ទៅនឹង​ការវាយប្រហារ​ពាក្យសម្ដី​រវាង​អាមេរិក និង​កូរ៉េខាងជើង​នៅ​ប៉ុន្មាន​ខែ​មុន​។ ការ​ផ្លោង​សម្ដី​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ធ្វើ​ឲ្យ​គេ​បារម្ភ​ថា សង្គ្រាម​នឹង​ផ្ទុះឡើង តែ​ចុងក្រោយ​មេដឹកនាំ​ទាំងពីរ​បែរជា​ជួបគ្នា​នៅ​សិង្ហ​បុរី និង​យល់ព្រម​រំសាយ​នុយក្លេអ៊ែរ​ទៅវិញ​៕


Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  មហាម៉ាត់ ចា​វាដ សារី​ហ្វ​
© រក្សាសិទ្ធិដោយ thmeythmey.com