កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ម្នាក់​របស់ Parma ជាប់​បម្រាម​២​ឆ្នាំ​ពាក់ព័ន្ធ​ការកំណត់​លទ្ធផល
24, Jul 2018 , 8:59 pm        
រូបភាព
​ខ្សែប្រយុទ្ធ Emmauele Calaio របស់ Parma ត្រូវ​ហាមឃាត់​ចូលរួម​ក្នុង​សកម្មភាព​កីឡា​រយៈពេល​ពីរ​ឆ្នាំ ក្រោយ​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​ករណី​កំណត់​លទ្ធផល​។​



​បើតាម​ការផ្សាយ​របស់ BBC ជុំវិញ​ករណីនេះ ក្លិប Parma ក៏ត្រូវ​បាន​កាត់​ចំនួន ៥ ពិន្ទុ​ផងដែរ​សម្រាប់​ការ​ប្រជែង​ពានរង្វាន់​អ៊ីតាលី Serie A រដូវ​កាល ២០១៨-១៩ ដែល​នឹង​ឈានចូល​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ចំណែក​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី វ័យ​៣៦​ឆ្នាំ ដែល​ជាប់​បម្រាម​រយៈពេល​២​ឆ្នាំ នឹងត្រូវ​ពិន័យ​ជា​ប្រាក់ ១៧៨០០​ផោន (២៣០០០​ដុល្លារ​អាមេរិក​) បន្ថែមទៀត​។​

​តុលាការ​សហព័ន្ធ​ជាតិ​អ៊ីតាលី (TFN) បានដាក់​ទណ្ឌកម្ម Calaio បែបនេះ​បន្ទាប់ពី​រកឃើញថា​រូបគេ​បាន​ផ្ញើរ​សារ​ដែល​គួរ​ឲ្យ​សង្ស័យ​ទៅកាន់​អតីត​មិត្ត​រួម​ក្រុម​របស់ខ្លួន​មុន​ការប្រកួត​រវាង​ក្រុម Spezia ទល់នឹង Parma នៅ​ថ្ងៃទី​១៨ ខែឧសភា កន្លង​ទៅក្នុង​ក្របខណ្ឌ Serie B​។ កាលណោះ Parma បាន​យកឈ្នះ ២-០ ដើម្បី​បាន​កៅអី​ឡើងមក​លេង​ពាន​លំដាប់​កំពូល​របស់​អ៊ី​លី​វិញ​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ​។​

Calaio ដែល​ចាក​ចេញពី Spezia ទៅ​ចូលរួម​ជាមួយ Parma នៅ​ឆ្នាំ​២០១៦ បាន​ទាក់ទង​កីឡា Filippo de Col និង Claudio Terzi របស់ Spezia តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម WhatsApp នៅ​មុនពេល​ការប្រកួត​។ សារ​នោះ​ត្រូវបាន​គេ​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​ការកំណត់​លទ្ធផល​ទុកជាមុន​។​

​ព្រះរាជអាជ្ញា​បានចាប់ផ្តើម​ស៊ើបអង្កេត​ករណីនេះ​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ប៉ុន្តែ Parma បាន​បដិសេធ​លើ​ការពិនិត្យ​សារ​នោះ​ថា​«​មិនមាន​ភាពប្រក្រតី​អ្វី​នោះឡើយ​» ហើយ TFN ក៏​មិនគួរ​កាត់​ពិន្ទុ​ខ្លួន​ចំនួន​៥​ពិន្ទុ​ដែរ​។

​យ៉ាងណាក៏ដោយ អតីត​កីឡាករ Torino, Genoa, Catania និង Napoli រូ​បេ​នះ នៅតែ​ត្រូវ​ចោទប្រកាន់​ពីបទ​កំណត់​លទ្ធផល​ប្រកួត​កាលពី​ខែកក្កដា នៅពេល​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី​បាន​បញ្ជូន​ករណីនេះ​ទៅ​ឲ្យ TFN សម្រេច ហើយ​សារ​នៅលើ WhatsApp ត្រូវ​ចាត់ទុកថា​មាន​ឥទ្ធិពល​លើ​ការកំណត់​ការប្រកួត​៕


Tag:
 បាល់ទាត់​
  Parma
  Emmauele Calaio
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com