អតីតមន្ត្រី​បក្ស​CNRP​ម្នាក់ និង​អ្នកគាំទ្រ​៤​នាក់ កំពុង​រង​បណ្ដឹង ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​
ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អតីតមន្ត្រី​បក្ស​CNRP​ម្នាក់ និង​អ្នកគាំទ្រ​៤​នាក់ កំពុង​រង​បណ្ដឹង ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​
24, Jul 2018 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ជា ជីវ
រូបពីហ្វេសប៊ុកលោក ជា ជីវ
​ភ្នំពេញ​៖ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​៥​នាក់ កំពុង​រង​បណ្ដឹង​ពាក់ព័ន្ធ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ក្នុង​គោលបំណង​ពហិការ​បោះឆ្នោត​។  គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កំពុង​ស៊ើបអង្កេត​លើ​ករណី​ម្រាមដៃ​ស្អាត ដែល​ប្ដឹង​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន​ខេត្តបាត់ដំបង ។



​មនុស្ស​ចំនួន​៥​នាក់ ក្នុងចំណោម​៣០​នាក់ ដែល​បានធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ខេត្តបាត់ដំបង បាន​រង​ការប្ដឹង​ផ្ដល់​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​។ ពលរដ្ឋ​ទាំង​៥​នាក់​នេះ មាន​លោក ជា ជីវ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តបាត់ដំបង និង​អ្នកគាំទ្រ​៤​នាក់​ទៀត គឺ​ឈ្មោះ គ្រុយ គឹម​សាំង , ពៅ តាំង  ,​មាំ​ង ឈុន និង  ថោង សារឿន​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ទទួលបាន​ពាក្យបណ្ដឹង​ខាងលើនេះ កំពុង​ស៊ើបអង្កេត​តាម​នីតិវិធី​ច្បាប់​។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​បញ្ជាក់ថា បើ​រកឃើញ​ភស្តុតាង​ត្រឹមត្រូវ​នោះ អ្នក​ទាំង​៥​នាក់​នេះ អាច​ប្រឈមមុខ​នឹង​ការដាក់ពិន័យ​ជា​ទឹកប្រាក់​ចាប់ពី​៥​លាន​រៀល ដល់​២០​លាន​រៀល តាម​មាត្រា​១៤២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត ។​

​ចំណែក​លោក ជា ជីវ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តបាត់ដំបង​វិញ អាច​ប្រឈម​ទោស​លើសពី​ការពិន័យ​ប្រាក់​ថែមទៀត ព្រោះ​បុគ្គល​នេះ បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកនយោបាយ​១០៨​នាក់ ដែល​ត្រូវបាន​តុលា​ការហាម​ធ្វើ​សកម្មភាព​នយោបាយ​៥​ឆ្នាំកន្លងមក​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពួកគាត់​ទាំងនេះ អាច​រង​ការផាកពិន័យ​តាមច្បាប់ បើ​ស៊ើប​ទៅរក​ឃើញថា គាត់​ពិតជា​ប្រព្រឹត្ត​ខុស​មែន​។ ប៉ុន្តែ​បុគ្គល ជា ជីវ យើង​នឹង​ជូនដំណឹង​ទៅ​តុលាការ​កំពូល​ពី​រឿងនេះ​។ ដូច្នេះ​ការសម្រេច​ទោស​អ្វី​នោះ គឺ​វា​អាស្រ័យ​លើ​តុលាការ​ជា​អ្នកសម្រេច​ទេ​»​។​

​បុគ្គល​ទាំង​៥​នាក់ ដែល​រង​បណ្តឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង​នេះ បាននាំគ្នា​ជួបជុំ​នៅផ្ទះ​លោក ជា ជីវ នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ កាលពី​ថ្ងៃទី​១៩​កក្កដា ដើម្បី​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​។ ការធ្វើ​យុទ្ធនាការ​នេះ ត្រូវបាន​គណបក្ស​ប្រជាជន ចាត់ទុកជា​ការរារាំង​ដល់​ដំណើរការ​បោះឆ្នោត ទើប​សម្រេច​ប្ដឹង​មក​គ​.​ជ​.​ប​។

អត្ថបទទាក់ទង


​ទាក់ទង​នឹង​សកម្មភាព​នៃ​យុទ្ធនា​ការមិន​ទៅ​បោះឆ្នោត កំពុង​លេច​ឡើងជា​បន្តបន្ទាប់ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​បញ្ជាក់ថា សមត្ថកិច្ច កំពុង​ត្រួត​ពិនិត្យមើល​សកម្មភាព​ពលរដ្ឋ​ទាំងនោះ ដើម្បី​កំណត់ថា​តើ​សកម្មភាព​របស់​ពួកគេ ពិតជា​រារាំង​ដល់​សិទ្ធិ​ពលរដ្ឋ​ដទៃ មិន​ឲ្យ​ទៅ​បោះឆ្នោត​ដែរ​ទេ​? ហើយ​បើ​រកឃើញ​ពិតជា​រារាំង​មែន​នោះ ពួកគេ​នឹងត្រូវ​ទទួលទោស​តាមច្បាប់​។​

​ការផាកពិន័យ​នេះ មានចែង​នៅក្នុង​ច្បាប់​ស្តីពី​ការជ្រើសរើស​តំណាងរាស្ត្រ ត្រង់​ជំពូក​ទី​១០ ស្តីពី​ទោស​បញ្ញត្តិ នៃ​មាត្រា​៤២ ចែងថា​«​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី​៥,០០០,០០០​រៀល (​ប្រាំ​លាន​)​រៀល ទៅ​២០,០០០,០០០​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​»៕
 

Tag:
 ហង្ស ពុទ្ធា
 CNRP
  ម្រាមដៃ​ស្អាត​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com