អន្តរជាតិ
ស្នងការ​សិទ្ធិមនុស្ស UN ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ចប់​ការឃុំ​ឃាំង​ក្មេង​ប៉ា​ឡេ​ស្ទី​ន​ជាង​៤០០​នាក់​
24, Jul 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បានទាមទារ​ឲ្យ​អ៊ីស្រាអែល​ប្រញាប់​ឈប់​ឃុំឃាំង ហើយ​ដំណើរការ​នីតិវិធីតុលាការ​ពាក់ព័ន្ធ​នឹង​ក្មេងៗ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ជាង ៤០០ នាក់ ឬ​អាច​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ​ដែរ បើ​ពួកគេ​គ្មាន​ទោស​។​



​ក្នុង​កិច្ចប្រជុំ​មួយនា​ថ្ងៃ​ចន្ទ​ទី ២៣ ខែកក្កដា លោក Zeid Ra'ad Al Hussein ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​ទិតៀន​រដ្ឋាភិបាល​អ៊ីស្រាអែល​ដែល​បន្ត​ឃុំខ្លួន​ក្មេងៗ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ប្រហែល ៤៤០ នាក់​ដោយ​គ្មាន​ការដោះលែង ឬ​កាត់ទោស​ពួកគេ​តាម​នីតិវិធី​ឡើយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា មន្ត្រីជាន់ខ្ពស់​រូបនេះ​អះអាងថា អ៊ីស្រាអែល​ត្រូវ​ចាប់ផ្តើម​នីតិវិធី​ចោទប្រកាន់​ឬ​ដោះលែង​ក្មេង​ឲ្យ​មាន​សេរីភាព​វិញ ហើយ​អ្វីដែល​អ៊ីស្រាអែល​កំពុង​អនុវត្ត​នោះ​គឺ បំពារបំពាន​ច្បាប់​អន្តរជាតិ​និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។

​លោក Zeid Ra'ad Al Hussein បាន​និយាយ​ដូច្នេះ​៖ «​អ៊ីស្រាអែល​គួរ​ចោទប្រកាន់​ភ្លាមៗ​ឬ​ដោះលែង​ពួកគេ​ទាំងអស់នោះ​។ វា​ច្បាស់​ណាស់​ថា ច្បាប់​អន្តរជាតិ​ចែងថា ការឃុំខ្លួន​កុមារ​ជា​វិធានការ​ចុងក្រោយ​បំផុត​»​។​

«​ហើយ​បើទោះជា​ក្មេង​តូច​ឬ​វ័យ​ជំទង់​ក៏ដោយ ការឃុំខ្លួន​ដោយ​គ្មាន​ការកាត់ទោស​ដោយមាន​ភស្តុតាង​ត្រឹមត្រូវ រក្សាទុក​ជាសម្ងាត់ ក៏​ដូច​ចេញ​បទបញ្ជា​បន្ត​ការឃុំខ្លួន​ពួកគេ​ទៀត​ក្នុង​រយៈពេល​នោះ​គឺ​ផ្ទុយ​នឹង​កាតព្វកិច្ច​របស់​អ៊ីស្រាអែល​ស្ថិតក្រោម​ច្បាប់​អន្តរជាតិ ហើយ​វា​ត្រូវតែ​បញ្ចប់​»​។ លោក Zeid Ra'ad បាន​បន្ត​ដូច្នេះ​។​

​ក្រៅ​ថា​ពី​ទិតៀន​អ៊ីស្រាអែល​រឿង​ឃុំខ្លួន​ក្មេង មេ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ខាងលើ​ក៏បាន​ឆ្លៀត​រិះគន់​អ៊ីស្រាអែល​ផងដែរ​ជុំវិញ​ការចាប់ និង​ឃុំខ្លួន​សកម្មជន​សិទ្ធិមនុស្ស​តាម​អំពើ​ចិត្ត​របស់ខ្លួន​កន្លងមក​នេះ​ដោយ​គ្មាន​ខ្លាចក្រែង​សហគមន៍​អន្តរជាតិ​បន្តិច​សោះ​។ 

​កិច្ចពិភាក្សា​នេះដែរ​ផ្តោត​សំខាន់​លើ​អំពើហិង្សា​ដែល​កើតឡើង​នៅ​តំបន់​កា​ហ្សា ហើយ​បញ្ហា​នេះ​ក៏​នឹងត្រូវ​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ប្រចាំខែ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​ទី ២៤ កក្កដា​នេះ​ដូចគ្នា​។​


Tag:
 UN
  Zeid Ra\'ad Al Hussein
  ប៉ា​ឡេ​ស្ទី​ន​
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com