អន្តរជាតិ
មហាអំណាច​ឥណ្ឌា និង​ចិន​ប្រជែង​គ្នា​ពង្រឹង​ឥទ្ធិពល​នៅ​ទ្វីបអាហ្វ្រិក ខណៈ​ឥទ្ធិពល​អាមេរិក​កាន់តែ​រួម​តូច​
24, Jul 2018 , 10:39 pm        
រូបភាព
រូបភាព Hindustan
រូបភាព Hindustan
​ស្រប​ពេលដែល​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បន្ត​អនុវត្ត​គោលនយោបាយ​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ និង​រសាយ​ឥទ្ធិពល​នៅ​អាហ្វ្រិក មេដឹកនាំ​ឥណ្ឌា និង​ចិន​កំពុង​ព្យាយាម​បង្កើន​ឥទ្ធិពល​រៀងខ្លួន​នៅ​អាហ្វ្រិក​ដែល​សម្បូរ​ធនធាន​មហាសាល​។ មានមតិ​ខ្លះ​ថា អាហ្វ្រិក​ក្លាយជា​សមរភូមិ​ប្រជែង​ឥទ្ធិពល​រវាង​មហាអំណាច​គីឡូ​ធ្ងន់​ឥណ្ឌា និង​ចិន​ផង​។ ប៉ុន្តែ​ទាំង​រដ្ឋាភិបាល​ឥណ្ឌា និង​ចិន​សុទ្ធតែ​បដិសេធ  ហើយ​អះអាងថា ភាគី​ទាំងពីរ​ជា​មហាអំណាច​ប្រកបដោយ​ទំនួល​ខុសត្រូវ​ដែល​ចាប់ដៃគ្នា​ជួយ​អាហ្វ្រិក​ឲ្យ​លូតលាស់​ទៅមុខ​ប៉ុណ្ណោះ​។



​ចាប់ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បានចាប់ផ្តើម បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អាហ្វ្រិក​បួន​សេ​ណេ​ហ្គា​ល់​, រ​វ៉ាន់ដា​,​អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​កោះ​នៅ​មហាសមុទ្រ​ឥណ្ឌា ម៉ូ​រី​ស​។ ចំណែក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ចេញដំណើរ​ទៅ​ទស្សនកិច្ច​នៅ​រដ្ឋ​អាហ្វ្រិក​ចំនួន​បី​មានរ​វ៉ាន់ដា អ៊ូ​ហ្ក​ង់​ដា និង​អាហ្វ្រិក​ខាងត្បូង​ដែរ​ចាប់ពី​ថ្ងៃ​ចន្ទ​ទី ២៣ ខែកក្កដា​ម្សិលមិញ​នេះ​។

​រដ្ឋ​អាហ្វ្រិក​ខាងកើតរ​វ៉ាន់ដា ក្លាយជា​គោលដៅ​រួម​នៃ​ទស្សនកិច្ច​បន្តកន្ទុយ​គ្នា​របស់លោក ស៊ី និង​លោក ម៉ូ​ឌី ព្រោះរ​វ៉ាន់ដា​ជា​ច្រកទ្វារ​នៃ​អាហ្វ្រិក​ខាងកើត ហើយ​បច្ចុប្បន្ន​រដ្ឋ​មួយ​នេះ​កំពុង​ធ្វើជា​អង្គុយ​លើ​កៅអី​ប្រធាន​សហភាព​អាហ្វ្រិក​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ រ​វ៉ាន់ដា​ទទួល​លុយ​កម្ចី​ច្រើនសន្ធឹក​ពី​ទស្សនកិច្ច​មេដឹកនាំ​អាស៊ី​ទាំងពីរ​នេះដែរ​។

​អាហ្វ្រិក​ខាងត្បូង​ជា​គោលដៅ​ចុងក្រោយ​នៃ​ទស្សនកិច្ច​មេដឹកនាំ​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ព្រោះ​លោក ម៉ូ​ឌី និង​លោក ស៊ី ចូលរួម​ក្នុង​វេទិកា​កិច្ចប្រជុំ​លើក​ទី​ដប់​នៃ​មេដឹកនាំ​មហាអំណាច​សេដ្ឋកិច្ច​ជាន់​ថ្មី BRICS នៅ​ទីក្រុង Johannesburg​។ ខណៈដែល​សង្គ្រាម​ពាណិជ្ជកម្ម​បន្ត​ឆេះ​សន្ធោសន្ធៅ មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​ឆ្នាំនេះ​គឺ «​ក្រុម BRICS នៅ​អាហ្វ្រិក​៖ ភាពជា​ដៃគូ​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ការលូតលាស់​ប្រកបដោយ​បរិ​យាប​ន្ន និង​ការចែករម្លែក​វិបុលភាព​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​បួន​»​។

​ត្រឡប់មកវិញ ការចាប់ផ្តើម​ទស្សនកិច្ច​នៅ​បណ្តា​រដ្ឋ​អាហ្វ្រិក​ព្រមៗ​គ្នា​រវាង​មេដឹកនាំ​ឥណ្ឌា និង​ចិន ទាក់ទាញ​ការចាប់អារម្មណ៍ ហើយ​កាសែត​ពាសពេញ​ពិភពលោក​ចាត់ទុកថា ឥណ្ឌា និង​ចិន​ដែល​កំពុង​រះ​ត្រដែត​ឡើង​រៀងៗ​ខ្លួន​ជា​មហាអំណាច​សេដ្ឋកិច្ច​នោះ​កំពុង​ឱបក្រសោប​អាហ្វ្រិក​ដែលមាន​ធនធាន​មហាសាល​។ វា​មានន័យថា អាហ្វ្រិក​ពេលនេះ​កំពុង​ក្លាយជា​សមរភូមិ​ក្តៅ​នៃ​ការ​ប្រជែង​ឥទ្ធិពល​របស់​មហាអំណាច​អាស៊ី​ទាំងពីរ​។

​ការលូតលាស់​រហ័ស​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជ​រវាង​ចិន និង​អាហ្វ្រិក​ក្លាយជា​ប្រធានបទ​ពិភាក្សា​ដ៏​ពេញនិយម​និង​ចម្រូងចម្រាស់ ហើយ​មាន​ខ្លះ​ចោទថា ចិន​កំពុង​ដាក់​អាណានិគម​បែប​ថ្មី​លើ​អាហ្វ្រិក​ទៀត​។ ប៉ុន្តែ ចិន​តែង​ចេញមុខ​ទាត់ចោល​ការចោទប្រកាន់ និង​អះអាងថា ខ្លួន​ត្រឹម​សហការ​ជាមួយ​អាហ្វ្រិក​ដើម្បី​រកស៊ី​និង​បានទទួល​ប្រយោជន៍​រួមគ្នា​ក្នុងនាម​ជា​ដៃគូ​ស្មើមុខស្មើមាត់​គ្នា​ប៉ុណ្ណោះ​។

​បើតាម​ទូរទស្សន៍​កាតា Al Jazeera ចិន​បច្ចុប្បន្ន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាហ្វ្រិក​វ៉ា​ដាច់​សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន​ចិន​ច្រើន​រាប់រយ​បណ្តាក់ទុន​រកស៊ី​នៅ​ទីនោះ​ផង​។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​អាហ្វ្រិក​កើន​ដល់ ២២០ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០១៤ ។​

​ក្រៅពី​ពាណិជ្ជកម្ម​ទ្វេភាគី គេ​ដឹង​ច្បាស់​ថា អាហ្វ្រិក​មាន​តួនាទី​ស្នូល​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ (OBOR or BRI)​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែលជា​គម្រោង​ប្រកបដោយ​មហិច្ឆតា​ជំរុញ​ការផ្សាភ្ជាប់​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់​ពី​អាស៊ី​ដល់​អាហ្វ្រិក និង​ដល់​អឺរ៉ុប​ទៀត​។ ចិន​សំឡឹង​ឃើញ​ធនធាន​មានតម្លៃ​មហាសាល​របស់​អាហ្វ្រិក ដែល​វា​អាចជួយ​ដល់​ការលូតលាស់​របស់​ចិន​ទៅមុខទៀត​នោះ​។​

​ក្រោម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​សម្បើម​នេះ ចិន​បាន​ជួយ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​រាប់ពាន់​លាន​ដុល្លារ​លើ​គម្រោង​សាងសង់​កំពង់ផែ ថ្នល់ ផ្លូវ​រថភ្លើង និង​បំពង់​ឧស្ម័ន​នៅ​ទូទាំង​តំបន់​អាហ្វ្រិក​រួចហើយ​ព្រោះ​វា​ប្រយោជន៍​យុទ្ធសាស្ត្រ​រយៈពេល​វែង​មាន​ទាំង​សេដ្ឋកិច្ច និង​សន្តិសុខ​។ បើតាម​សម្តី​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី កាលពី​ឆ្នាំមុន ចិន​បាន​វិនិយោគ​ហិរញ្ញវត្ថុ​គាំទ្រ​ការសាងសង់​ផ្លូវ​រថភ្លើង​មាន​ចម្ងាយ​យ៉ាងតិច ៦២០០ គីឡូម៉ែត្រ និង​ផ្លូវថ្នល់​ច្រើនជាង ៥០០០​គីឡូម៉ែត្រ​ក្នុងនោះ​មាន​ផ្លូវ​ភ្ជាប់​ពី​ទីក្រុង Addis Ababa នៃ​ប្រទេស​អេ​ត្យូ​ពី​ទៅកាន់​ប្រទេស​ជី​ប៊ូ​ទី​ដែល​ស្ថិត​នៅជាប់​សមុទ្រ​ក្រហម​។ វា​ជា​ផ្លូវ​យុទ្ធសាស្ត្រ​ដោយសារ​ចិន​មាន​មូលដ្ឋានទ័ព​ទី​ជាមួយ​របស់ខ្លួន​នៅ​ជី​ប៊ូ​ទីនេះ​ដែរ​។ 

​ក្រុង​ប៉េកាំង​ស្វែងរក​ឱកាស​ពង្រឹង​សន្តិសុខ​ជាមួយ​បណ្តា​រដ្ឋ​អាហ្វ្រិក ហើយ​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ជី​ប៊ូ​ទី​ក៏មាន​តួនាទី​ជួយ​រក្សា​សន្តិសុខ និង​ការពារ​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ចិន​នៅ​អាហ្វ្រិក​ដូចគ្នា​។ ក្រៅពី​មាន​មូលដ្ឋានទ័ព និង​មាន​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រឹងមាំ​ជាមួយ​រដ្ឋ​អាហ្វ្រិក ចិន​ក៏បាន​បញ្ជូន​កងទ័ព​ខ្លួន​យ៉ាងតិច ២០០០​នាក់​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ទៅ​រក្សា​សន្តិ​ភា​ក្សា​នៅ​អាហ្វ្រិក​រួចហើយ​ដែរ​។

​ឯ​រឿង​ពង្រឹង​អំណាច​ទន់​ឯណោះ​វិញ មជ្ឈមណ្ឌល​ភាសា​ម៌​ខុង​ជឺ​ច្រើនជាង ៨០ កន្លែង​ត្រូវបាន​សាងសង់​ពាសពេញ​ទ្វីបអាហ្វ្រិក​ទាំងមូល ដែល​វា​ជា​យន្ត​ការជួយ​ជំរុញ​ឲ្យ​មានការ​សិក្សា​ភាសា​ចិន​កាន់តែច្រើន​ផង​។ ក្រៅពីនេះ​ដើម្បី​ពង្រឹង​អំណាច​ទន់​របស់ខ្លួន ចិន​ក៏​ព្យាយាម​ធ្វើខ្លួន​ជា​ម្ចាស់ជំនួយ​ដែលមាន​សណ្តាន​ចិត្ត​ជួយ​ស្រោចស្រង់​រដ្ឋ​អាហ្វ្រិក​ដូចគ្នា ក្រោម​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង​។ ចិន​កន្លងមក​បានសម្រេច​លុប​បំណុល​ខ្លះ​ដែល​មិនចាំបាច់ ផ្តល់ជំនួយ​មនុស្សធម៌ និង​បច្ចេកទេស​រួមទាំង​សុខាភិបាល​ទៅ​ប្រទេស​ខ្វះខាត និង​ឧបត្ថម្ភ​លុយ​ជួយ​សាងសង់​អាគារ​សាធារណៈ​ផង​។ សូម​រម្លឹក​បន្តិច​ថា អាគារ​សហភាព​អាហ្វ្រិក​ស្ថិតនៅ​អេ​ត្យូ​ពី​ជា​អំណោយ​របស់​រដ្ឋាភិបាល​ចិន​ដែរ​។​

​ត្រឡប់មក​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​ខាងត្បូង​ឥណ្ឌា​វិញ ទោះ​ផ្តើម​ទំនាក់ទំនង​ជាមួយ​អាហ្វ្រិក​មុន​ចិន​ក៏ដោយ វា​នៅតែ​ចាញ់​ឥទ្ធិពល​ចិន​ឆ្ងាយ​បន្តិច​។  ឥណ្ឌា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អាហ្វ្រិក​តាមរយៈ​កិច្ចប្រជុំ​កំពូល​អាហ្វ្រិក​-​ឥណ្ឌា និង​គំនិត​ផ្តួចផ្តើម​ផ្សេងទៀត ប៉ុន្តែ​ឥណ្ឌា​មិនមាន​លុយ​ក្រាស់​សម្រាប់​វិនិយោគ ឬ​គម្រោង​ហិរញ្ញវត្ថុ​ធំ​សម្បើម​សម្រាប់​គាំទ្រ​អាហ្វ្រិក​ដូច​ចិន​នោះឡើយ​។

​យ៉ាងណាមិញ គោលនយោបាយ​ការបរទេស​អ​ព្យា​ក្រឹត្យ និង​សក្តានុពល​ធំធេង​របស់​ឥណ្ឌា​ជាពិសេស​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​មហាអំណាច​មួយ​ក្លាយជា​ដៃគូ​មិនអាច​ខ្វះ​បាន​របស់​អាហ្វ្រិក​។  ទំនាក់ទំនង​រវាង អាហ្វ្រិក និង​ឥណ្ឌា​ផ្អែកលើ​វិស័យ​សំខាន់ៗ មួយចំនួន​មាន​សេដ្ឋកិច្ច វិនិយោគ ថាមពល សុខាភិបាល កសិកម្ម និង​នគរូបនីយកម្ម​និង​ទីក្រុង​ឆ្លាត​។ ឥណ្ឌា​សំឡឹង​ឃើញ​ឱកាស​នេះ ព្រោះថា​រដ្ឋ​អាហ្វ្រិក​សុទ្ធតែ​ត្រូវ​ការពឹង​ផ្អែកលើ​ឥណ្ឌា​ដើម្បី​អភិវឌ្ឍ​វិស័យ​ទាំងនេះ​ឲ្យ​បាន​រហ័ស​។​

​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ឥណ្ឌា​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច​លោក TS Tirumurti បាន​អះអាងថា ចិន និង​ឥណ្ឌា​មិនដែល​ប្រជែង​គ្នា​នៅ​អាហ្វ្រិក​ទេ​ព្រោះ​មិត្តភាព​រវាង​ឥណ្ឌា​និង​អាហ្វ្រិក​នោះ​មាន​យូរយារ​ណាស់​មកហើយ​។ ពោលគឺ​រាប់​តាំងពី​ជំនាន់​លោក មហា​ត្មះ គ​ន្ធី មកម្ល៉េះ​។ ដូច្នេះ​គ្មាន​ហេតុផល​អ្វីដែល​ឥណ្ឌា​ចាំបាច់​ត្រូវ​ប្រជែង​អ្នកណា​មួយ​ឡើយ​។​

​កាសែត​ចិន​៖ «​ចិន និង​ឥណ្ឌា​មិន​យក​អាហ្វ្រិក​ជាទី​លាន​ប្រជែង​អំណាច​ដូច​គេ​ចោទ​ទេ​»
​ខណៈដែល​មានការ​វាយតម្លៃ​ថា ចិន និង​ឥណ្ឌា​កំពុង​ប្រជែង​ឥទ្ធិពល​គ្នា​នៅ​អាហ្វ្រិក កាសែត​បក្ស​កុម្មុយនីស្ត​ចិន Global Times ចេញផ្សាយ​បទ​វិចារណកថា​មួយ​ដោយ​ទាត់ចោល​ការអះអាង​នេះ​។ បទ​វិចារណ​កថ​នោះ​ចាត់ទុកថា មតិ​ដែលថា ការពង្រឹង​ចំណងមិត្តភាព​ជាមួយរ​ដ្ឋ​អាហ្វ្រិក​របស់​មហាអំណាច​ទាំងពីរ​នេះ​ជាការ​ប្រជែង​ឥទ្ធិពល​គ្នា​នោះ​សុទ្ធតែជា​ផ្នត់គំនិត​ចក្រពត្តិនិយម​ប៉ុណ្ណោះ​។ កាសែត​នេះ​ហៅ​ការពង្រឹង​ទំនាក់ទំនង​រៀងៗ​ខ្លួន​រវាង​ឥណ្ឌា និង​ចិន​ជាមួយ​អាហ្វ្រិក​ថា ការបំពេញ​កាតព្វកិច្ច​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ក្នុងនាម​ជា​មហាអំណាច​ប៉ុណ្ណោះ​។

Global Times សង្កត់ធ្ងន់ថា ក្នុងនាម​ជា​ប្រទេស​មហាអំណាច​មួយ ចិន​ស្វាគមន៍​ការកសាង​ទំនាក់ទំនង​ល្អ​រវាង​ឥណ្ឌា​និង អាហ្វ្រិក ហើយ​រួមចំណែកគ្នា​ជាមួយ​ចិន​ដើម្បី​អភិវឌ្ឍ​ទ្វីបអាហ្វ្រិក​ដ៏​ធំធេង​នេះដែរ​។​វត្តមាន​ចិន និង​ឥណ្ឌា​នៅ​អាហ្វ្រិក​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុងការ​ចូលរួមចំណែក កសាង​និង​អភិវឌ្ឍ​អាហ្វ្រិក​ទៅវិញ​ទេ​។  ដូច​ឃើញស្រាប់ ចិន​បានរួម​ចំណែក​ក្នុងការ​លើកស្ទួយ​ការកសាង​ហេ​ដ្ឋ​រចនា    សម្ព័ន្ធ ផ្ទេរ​បច្ចេកវិទ្យា ជំរុញ​វិនិយោគ​ដែលជា​ម៉ាស៊ីន​នៃ​ការលូតលាស់​សេដ្ឋកិច្ច ខណៈដែល​ឥណ្ឌា​ឯណោះ​វិញ​ជួយផ្តល់​ជំនួយ​គាំទ្រ​ការបង្កើត​ធនធានមនុស្ស​តាមរយៈ​ការគាំទ្រ​ការអប់រំ បំពាក់បំប៉ន​វិជ្ជាជីវៈ និង​អភិវឌ្ឍ​ចំណេះ​ជាដើម​ដែលជា​វា​ជួយ​ឲ្យ​មាន​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

-​ឥទ្ធិពល​អាមេរិក​កាន់តែ​រសាយ​នៅ​អាហ្វ្រិក​
​ស្រប​ពេលដែល​ឥទ្ធិពល​ចិន និង​ឥណ្ឌា​រីកសាយ​ភាយ​នៅ​ទ្វីបអាហ្វ្រិក សហរដ្ឋអាមេរិក​ឯណោះ​វិញ​បន្ត​បាត់បង់​ឥទ្ធិពល​ជា​បន្តបន្ទាប់ និង​ហាក់ដូច​ជាមាន​ឆន្ទៈ​បោះបង់​ទ្វីប​ធំ​បំផុត​ទី​ពី​រលើ​លោក​នេះ​ទៀត​។

​សូម​រម្លឹកថា ឥទ្ធិពល​របស់​អាមេរិក​រីក​ធំធេង​ណាស់​ក្នុង​អណ​ត្តិ​លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស ដោយសារតែ​គំនិត​ផ្តួចផ្តើម​របស់លោក​ក្នុង​ការជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​អេដស៍​។ លោក ប៊ូ​ស និង​សហរដ្ឋអាមេរិក​ត្រូវ​ពលរដ្ឋ​អាហ្វ្រិក​ចាត់ទុកជា​វីរបុរស​របស់​អាហ្វ្រិក​ថែមទៀត​។ ចំណងមិត្តភាព​ពិសេស​នេះ​បន្សល់ទុក​រហូតដល់​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែលមាន​ដើមកំណើត​អាហ្វ្រិក​នោះ​។  

​គេ​ដឹង​ច្បាស់​ថា ឥទ្ធិពល​អាមេរិក​កាន់តែ​រសាយ​បន្តិច​ម្តងៗ​ពី​អាហ្វ្រិក ដោយសារ​គោលនយោបាយ​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ ស្ថិតក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​។ សង្គ្រាម​ពាណិជ្ជកម្ម​របស់លោក ត្រាំ កាន់តែ​ធ្វើ​ឲ្យ​អាមេរិក​មាន​រូបភាព​កាន់តែ​អវិជ្ជមាន​ថែមទៀត​លើ​ឆាក​អន្តរជាតិ​ជាពិសេស​អាហ្វ្រិក​។

​ក្រោយ​ឡើងកាន់តំណែង​ដើមឆ្នាំ ២០១៧ លោក ត្រាំ បញ្ជា​ឲ្យ​គេ​កាត់បន្ថយ​ហិរញ្ញវត្ថុ​គាំទ្រ​ដល់​បេសកកម្ម​ថែរក្សា​សន្តិភាព​ពិភពលោក​ជាពិសេស​នៅ​អាហ្វ្រិក​ដែល​កំពុង​ប្រឈម​ជម្លោះ​ប្រដាប់អាវុធ និង​សង្គ្រាមស៊ីវិល​។ បើតាម​សារព័ត៌មាន Financial Times ក្រៅពី​កាត់លុយ​បេសកម្ម​រក្សា​សន្តិភាព រដ្ឋបាល​អាមេរិក​ក៏​កាត់​ថវិកា​សម្រាប់​ជួយ​ដល់​បណ្តា​ប្រទេស​អាហ្វ្រិក​លើ​វិស័យ​សុខាភិបាល និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​អាហ្វ្រិក​ដែល​អាមេរិក​តែ​គាំទ្រ​រាប់​សតវត្សរ៍​មក​នោះឡើយ​។​

​យ៉ាងណាមិញ មេដឹកនាំ​អាហ្វ្រិក​មិនសូវ​ចាប់អារម្មណ៍​នឹង​ការដកខ្លួន​ចេញពី​អាហ្វ្រិក​របស់​អាមេរិក​សោះ​។ ខណៈ​ប្រជាធិបតេយ្យ​ទូទាំង​ពិភពលោក​ដើរ​ថយក្រោយ មេដឹកនាំ​អាហ្វ្រិក​ភាគច្រើន​ជា​ជន​ផ្តាច់ការ​នោះ​សប្បាយចិត្ត​ព្រោះ​គ្មាន​អ្នក​ណែនាំ ឬ​បង្រៀន​ខ្លួន​រឿង​សិទ្ធិមនុស្ស​ទៀត​ទេ​។ ពួកគេ​ត្រេកអរ​ព្រោះ​ឃើញ​ឥណ្ឌា​ដែលជា​ប្រទេស​រក្សា​ជំហរ​អ​ព្យា​ក្រឹត្យ​មិន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ និង​ចិន​ដែល​គិតតែ​រឿង​រកស៊ី​រក​ផលចំណេញ​នោះ​មាន​វត្តមាន​កាន់តែ​រឹងមាំ​នៅ​អាហ្វ្រិក​ជំនួស​អាមេរិក​ផង​៕


Tag:
 ឥណ្ឌា​
  អាហ្វ្រិក​
  អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com