អន្តរជាតិ
IMF៖​អតិផរណា​វេ​ណេ​ស៊ុយ​អេ​ឡា​នឹង​កើន​ដល់​១​លាន​ភាគរយ ស្រដៀង​ស៊ីម​បា​វ៉េ​កាលពី​ចុងឆ្នាំ ២០០០
25, Jul 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្រមាន​ថា វិបត្តិ​ហិរញ្ញវត្ថុ​រដ្ឋ​អាមេរិក​ឡាទីន​វេ​ណេ​ស៊ុយ​អេ​ឡា​ធ្លាក់​ដល់​កម្រិត​ធ្ងន់ធ្ងរ​បំផុត ហើយ​អត្រា​អតិផរណា​អាច​នឹង​កើនឡើង​ដល់ ១​លាន​ភាគរយ​ត្រឹម​ចុងឆ្នាំ ២០១៨​នេះ​ផង​។​



​ស្ថានការណ៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​វេ​ណេ​ស៊ុយ​អេ​ឡា​មិនមាន​សញ្ញា​ប្រសើរឡើង​ឡើយ ហើយ​វិបត្តិ​មនុស្សជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​។ ថ្ងៃ​ចន្ទ​ទី ២៣ ខែកក្កដា​តំណាង​មូលនិធិ​រូបិយវត្ថុ​បាន​ព្រមាន​ថា បញ្ហា​អតិផរណា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ធ្លាក់​ដល់​កម្រិត​ប្រកាសអាសន្ន​ហើយ​។ អនាគត​វេ​ណេ​ស៊ុយ​អេ​ឡា​មិន​ខុសពី​អាល្លឺម៉ង់​ក្រោយ​សង្គ្រាមលោក​លើកទីមួយ និង​ស៊ីម​បា​វ៉េ​នៅ​ចុងឆ្នាំ ២០០០ ឡើយ​។

«​យើង​ព្យាករ​ថា អត្រា​អតិផរណា​នឹង​កើន​ដល់ ១​លាន​ភាគរយ​នៅ​ចុងឆ្នាំ ដែល​វា​បង្ហាញថា ស្ថានភាព​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ប្រហាក់ប្រហែល​នឹង​អាល្លឺម៉ង់​ឆ្នាំ ១៩២៣ ឬ​ស៊ីម​បា​វ៉េ​នៅក្នុង​អំឡុង​ចុងឆ្នាំ ២០០០​ដូចគ្នា​»​។ ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រង់​សម្តី​លោក Alejandro Werner ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​អឌ្ឍគោល​ខាងលិច​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បែបនេះ​។

​យ៉ាងណាមិញ អ្នកតំណាង​ស្ថាប័ន​អន្តរជាតិ​ទទួលស្គាល់ថា ការ​ព្យាករ​អតិផរណា​កម្រិត​ខ្ពស់​នេះ​នៅ​មិន ច្បាស់លាស់​នៅឡើយ ហើយ​វា​អាច​ប្រែប្រួល​ទៀត​។ ប៉ុន្តែ​កម្រិត​អតិផរណា​អាច​ស្ថិតនៅក្នុង​ចន្លោះ​ពី ៨​សែន​ភាគរយ​ទៅដល់ ១​លាន​ភាគរយ​។ អតិផរណា​កម្រិត​ខ្ពស់​បែបនេះ​នឹងមាន​ផលប៉ះពាល់​ខ្លាំង​ដល់​បណ្តា​ប្រទេសជិតខាង​នៅ​តំបន់​អាមេរិក​ឡាទីន​ផងដែរ​។​

​ទាក់ទិន​នឹង​ការកើនឡើង​នៃ​អត្រា​អតិផរណា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា លោក Alejandro Werner បាន​ចង្អុល​លើ​គោលនយោបាយ​បោះពុម្ព​លុយ​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​។ លោក​បាន​សង្កត់ធ្ងន់ថា បើ​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​បន្តធ្វើ​បែបនេះ វា​នឹង​បន្ត​បញ្ឆេះ​អតិផរណា​ឲ្យ​កើន​រហ័ស​ថែមទៀត​ដែរ​។​

​តាមពិតទៅ សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា​រួម​កាន់តែ​រួម​តូច​បី​ឆ្នាំ​បន្តបន្ទាប់​គ្នា​នេះ ហើយ​នៅត្រឹម​ឆ្នាំ ២០១៨​នេះ សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា​ធ្លាក់ចុះ​ដល់​ពីរ​ខ្ទង់​ពោលគឺ ១៨ ភាគរយ​ឯណោះ​។ ការថយចុះ​នៃ​ទំហំ​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ​គឺ​ដោយសារតែ​ការផលិត​ប្រេង​ឆៅ​របស់​រដ្ឋ​អាមេរិក​ឡាទីន​មួយ​នេះ​កាន់តែ​តិច​។ របាយការណ៍​អង្គការ OPEC បង្ហាញថា ការផលិត​ប្រេង​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ធ្លាក់ចុះ​ខ្លាំង​។ ប្រទេស​នេះ​បូម​ប្រេង​បាន​តិចជាង ១,៥ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ បើ​ទោះ​វេ​ណេ​ស៊ុយ​អេ​ឡា​មាន​ប្រេង​បម្រុង​ទុក​ច្រើនក្តី​។

​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​ជះ​ឥ​ទិ្ធ​ពល​កាន់តែខ្លាំង​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា ហើយ​វា​ប្រាកដ​ណាស់​ថា ប្រជាជន​កាន់តែច្រើន​នឹង​បន្ត​រត់គេច​ចេញពី​គ្រោះមហន្តរាយ​ទៅ​ជ្រកកោន​នៅ​ប្រទេសជិតខាង​។ ចំណែក​ប្រជាជន​ដែល​បន្ត​រស់នៅ​ក្នុងប្រទេស​រងគ្រោះ​កាន់តែខ្លាំង​ដោយសារ​ជំងឺ​តម្កាត់ កង្វះខាត​ស្បៀងអាហារ និង​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ជាដើម​៕



Tag:
 ស៊ីម​បា​វ៉េ​
  វេ​ណេ​ស៊ុយ​អេ​ឡា​
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com