ពីនេះ ពីនោះ
ត្រីត្រសក់ ចូលចិត្តរស់នៅតាមអន្លង់ក្នុងទន្លេមេគង្គ និងសេកុង ក្នុងខេត្តស្ទឹងត្រែង ត្រីត្រសក់។ រូបភាព៖ អ៊ឹម សេដ្ឋា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលជាប្រភេទត្រីទឹកសាប មានរស់នៅក្នុងអាងទន្លេគង្គ បឹងធំៗ ដែលមានស្រទាប់ខ្សាច់ ឬគ្រួស ទឹកហូរខ្លាំង ជាកន្លែងដែលពួកវាអាចរកចំណីបាន ដូចជាពពួក ខ្ចង ខ្ចៅ គ្រុំ លៀល ជាដើមរស់នៅ ព្រមទាំងមានរុក្ខជាតិដែលដុះក្នុងទឹកផងដែរ ។ នៅក្នុងប្រទេសកម្ពុជា ត្រីប្រភេទនេះ ឃើញមានរស់នៅក្នុងខេត្តស្ទឹងត្រែង។
ត្រីត្រសក់ (Probarbus jullieni) មានឈ្មោះជាភាសាអង់គ្លេស Isok barb មានស្រកាធំៗ ព្រមទាំងឆ្នូតខ្មៅ៦ តាមបណ្តោយដងខ្លួនចាប់ពីស្រកីដល់កន្ទុយ។ ត្រីប្រភេទនេះ អាចមានប្រវែងដងខ្លួនអតិបរមាដល់ទៅ១៥០ស.ម និងមានទម្ងន់ ៧០គីឡូក្រាម។ នៅក្នុងទន្លេមេគង្គ ត្រីត្រសក់ ធើ្វចរាចរផ្លាស់ទីចេញពីខេត្តកំពង់ចាម ចាប់ពីខែតុលា ដល់ ខែកុម្ភៈ ឆ្លងកាត់ល្បាក់ខោន ឆ្ពោះទៅគោលដៅនៃខេត្តឆៀងខុង ផ្នែកខាងលើទន្លេមេគង្គ ក្នុងប្រទេសថៃ។ មានព័ត៌មានខ្លះពីអ្នកនេសាទ បានឲ្យដឹងថា ត្រីត្រសក់បានធ្វើចរាចរផ្លាស់ទីបន្តទៅទៀត ឆ្ពោះទៅដៃទន្លេ «ណាមតា» ក្នុងប្រទេសឡាវ ដើម្បីពង-កូន ក្នុងខែមិនា-មេសា។
ត្រីត្រសក់ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Endangered) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីរងគ្រោះខ្លាំង ដែលនឹងឈានទៅផុតពូជ។ បច្ចុប្បន្ន ត្រីត្រសក់កំពុងប្រឈមនឹងការនេសាទហួសកម្រិត ការបំផ្លិចបំផ្លាញទីជម្រក និងការកសាងទំនប់វារិអគ្គិសនីធំៗ ព្រមទាំងជាត្រីគោលដៅនេសាទដើម្បីយកពងរបស់អ្នកនេសាទផងដែរ ក្នុងរដូវត្រីពង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
© រក្សាសិទ្ធិដោយ thmeythmey.com