ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជាង​១​ពាន់​នាក់ ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត តាមរយៈ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល
26, Jul 2018 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បានរៀបចំ​គណៈកម្មកា​រ​សម្របសម្រួល​ការងា​រ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សរុប​ជាង​១​ពាន់​នាក់ ដើម្បី​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​កម្ពុជា​។ ក្រុម​អ្នកសង្កេតការណ៍​ទាំងនេះ ត្រូវបាន​អះអាងថា មាន​សេរីភាព និង​តម្លាភាព ក្នុង​ការងារ​សង្កេតការណ៍​របស់ខ្លួន ហើយ​អាច​ទុកចិត្តបាន​។​



​អ្នកសង្កេតការណ៍​អន្តរជាតិ ចំនួន​២២០​នាក់ និង​អ្នកសង្កេតការណ៍​ជាតិ​ចំនួន ១០៣៦​នាក់ នឹងចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​កម្ពុជា តាមរយៈ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​។ ក្រុម​អ្នកសង្កេតការណ៍​នេះ ត្រូវបាន​ជ្រើសរើស​ពី​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៩៣​ស្ថាប័ន មកពី​ទូទាំង​២៥ រាជធានី​-​ខេត្ត និង មកពី​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល ដែលមាន​បទពិសោធ ទាក់ទង​នឹង​ការសង្កេត​ការបោះឆ្នោត​លើ​ពិភពលោក មកពី​៥២​ប្រទេស ក្នុង​ទ្វីប​ទាំង​៥ ព្រមជាមួយ​និន្នាការ​កណ្ដាល​និយម​ថែម​ទៀតផង​។

​ក្រុម​អ្នកសង្កេតការណ៍​ទាំងនេះ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​តាមរយៈ​ក្រសួងការបរទេស នឹង​ត្រូវបាន​ជឿជាក់ថា មាន​ឯករាជ្យភាព​ពេញលេញ ស្របទៅតាម​បទពិសោធ​ដែល​បានធ្វើ​នាពេល​កន្លងមក ហើយ​អាច​ជឿទុកចិត្ត​ប​បាន​។ នេះ​បើតាម​លោក កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ការងារ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។​

​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី​២៤ ខែកក្កដា លោក កឹម​រ័ត្ន វិសិដ្ឋ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​នេះ អាច​ជឿជាក់​បាន ក៏ដោយ​សារ​រាល់​ការចំណាយ​ទាំងអស់ មិនមែនជា​ការចំណាយ​របស់​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ឬ​រដ្ឋាភិបាល​កម្ពុជា​ឡើយ តែ​ជាការ​ចំណាយ​ផ្ទាល់​របស់​ក្រុម​អ្នកសង្កេតការណ៍​ទាំងនោះ​»​។​

​សម្រាប់​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ មាន​មកពី​ស្ថាប័ន​ចំនួន​៧ ដូចជា អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ​(CDI), សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្សនយោបាយ​អាស៊ី (ICAPP), អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក (CAPDI), អង្គការ​សមាគម​សភា​អាស៊ី​(APA), អង្គការ​សមាគម​អន្តរ​សភា​អាស៊ាន​(AIPA), អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ (SCO) និង​អង្គការ​សភា​នៃ​ប្រទេស​និយាយ​ភាសា​បារាំង (APF)​។​

​ចំពោះ​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៧ ខែកក្កដា ព្រមទាំង​ស្នាក់នៅ​រយៈពេល​៥​ថ្ងៃ ហើយ​ពួកគេ​មាន​សិទ្ធិ​ចូល​សង្កេតការណ៍​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំងអស់​។ ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ដោយមាន​ការិយាល័យ​បោះឆ្នោត​សរុប​ជាង ២,២​ម៉ឺន​៕


Tag:
 នយោបាយ​
 ​បោះឆ្នោត​
 ​អ្នកសង្កេតការណ៍​
 ​គ​.​ជ​.​ប​.
© រក្សាសិទ្ធិដោយ thmeythmey.com