អ្នកនាំពាក្យ​គ​.​ជ​.​ប​៖ ជប៉ុន គ្មាន​អ្នកសង្កេតការណ៍ តែមាន​អ្នកបច្ចេកទេស
ជាតិ
បោះឆ្នោត
អ្នកនាំពាក្យ​គ​.​ជ​.​ប​៖ ជប៉ុន គ្មាន​អ្នកសង្កេតការណ៍ តែមាន​អ្នកបច្ចេកទេស
26, Jul 2018 , 10:24 am        
រូបភាព
​ដំណឹង ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ហូរហែ​ដោយសារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា រដ្ឋាភិបាល​ជប៉ុន នឹងមិន​បញ្ជូន​អ្នកសង្កេតការណ៍ មក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា មិនទាន់​ឈានដល់​ការសម្រេច​ចិត្តជា​ផ្លូវការ​នោះទេ ប៉ុន្តែ​វា​គ្រាន់តែ​ភាសា​នយោបាយ ដែល​លើក​ឡើងជា​ប្រយោល​សិន​ប៉ុណ្ណោះ​។ នេះ​ជាការ​យល់ឃើញ​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។



​លោក ហង្ស ពុទ្ធា អះអាងថា បើទោះបីជា​ជប៉ុន ពិតជា​មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​កម្ពុជា​មែន ដូចដែល​ខ្លួន​លើកឡើង​ពេលនេះ​ក្តី ក៏​ជប៉ុន នៅតែ​ជា​ភាគី​ដ៏​សំខាន់ សម្រាប់​ការបោះឆ្នោត​ដដែល​។ លោក បន្ថែមថា ម្យ៉ាងទៀត ការមិន​ដាក់​អ្នកសង្កេតការណ៍​នេះ មិនអាច​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ជួប​ផល​ពិបាក ឬក៏​បាត់​ភាពត្រឹមត្រូវ​នោះទេ​។

​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ជប៉ុន នៅតែ​ជួយ​យើង​យ៉ាង​ដិតដល់​។ ទោះ​មិន​ដាក់​អ្នកសង្កេតការណ៍ តែ​ជប៉ុន មាន​ការិយាល័យ និង​អ្នកបច្ចេកទេស ដែល​កំពុងធ្វើការ​ជាមួយ​យើង​។ ហើយ ជប៉ុន បាន​ជួយ​យើង​ជាច្រើន ដូចជា​រថយន្ត ហិប​ឆ្នោត និង​ឧបករណ៍​ចាំបាច់​ផ្សេងៗ​ទៀត​»​។

​ជប៉ុន គឺជា​ប្រទេសមួយ ដែល​រក្សា​ជំហរ​រឹងមាំ​ជាងគេ ក្នុងការ​គាំទ្រ និង​ការ​ផ្តល់ជំនួយ​ដល់​កម្ពុជា ជាពិសេស​ក្នុងដំណាក់កាល​នៃ​ការបោះឆ្នោត ខណៈ​សហគមន៍​អន្តរជាតិ​មួយចំនួន កំពុង​ដាក់​សម្ពាធ​។ ប៉ុន្តែ នៅ​ថ្ងៃទី​២៥ ខែកក្កដា លោក Yoshihide Suga អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន ស្រាប់​ចេញមក​ប្រកាស​ក្នុង​សន្និសីទកាសែត​មួយ​ថា រដ្ឋាភិបាល​របស់លោក នឹងមិន​បញ្ជូន​អ្នកសង្កេតការណ៍ ឲ្យ​មក​តាមដាន​ការបោះឆ្នោត​នៅ​កម្ពុជា​នោះទេ​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ជាង​២០០​នាក់ មកពី​ប្រទេស​ជាង​៥០ បាន​សុំ​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​។ ចំណែក អ្នកសង្កេតការណ៍​ជាតិ មាន​ប្រមាណ​៨​ម៉ឺន​នាក់ ហើយ​ភ្នាក់ងារ​គណបក្ស ក៏មាន​ប្រមាណ​៨​ម៉ឺន​នាក់​ដែរ​៕


Tag:
 បោះឆ្នោត​
  ហង្ស ពុទ្ធា​
  ជប៉ុន​
  អ្នកសង្កេតការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម