ជាតិ
បោះឆ្នោត
វីដេអូ
បោះឆ្នោត​៖ លោក ហ៊ុន ម៉ា​នី ហែ​ក្បួន​យុវជន​CPP​ថ្ងៃ​ចុងក្រោយ​ដើម្បី​ឆ្លើយតប​សំណួរ​ស្ថានទូត​បរទេស​
27, Jul 2018 , 5:32 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​រសៀល​ថ្ងៃទី​២៧​ខែកក្កដា​នេះ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នីតិកាល​ទី​៦ លោក ហ៊ុន ម៉ា​នី បាន​ដឹកនាំ​ដង្ហែ​ក្បួន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៧០០០​នាក់ ក្នុង​ចំងាយ​ផ្លូវ​១១​គីឡូម៉ែត្រ​ក្នុង​រាជធានី​ភ្នំពេញ​។​



​មុន​ចេញដំណើរ​ដង្ហែ​ក្បួន​ម៉ូតូ និង​រថយន្ត ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ក្នុង​នីតិកាល​ទី​៦​ដែរនោះ ថ្លែង​សារ​ប្រមាណ​៣​នាទី​ពីលើ​ក​ឆាក​ដ៏​ធំ​មួយ​នៅលើ​ទីលាន​មុខ​វត្ត​បទុម​វ​ត្តី​។​

​សេចក្តីថ្លែងការណ៍​ខ្លី​របស់លោក ហ៊ុន ម៉ា​នី ចាប់ផ្តើម​ពី​ទិដ្ឋភាព​នៃ​ការ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៣ ដែល​លោក ហ៊ុន ម៉ា​នី រំ​ឮ​កថា ក្បួន​ដង្ហែ​របស់លោក​ត្រូវបាន​យាយី​។ ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​ទៀតថា លោក​ត្រូវបាន​អ្នកការទូត​ជាច្រើន​សួរ​បញ្ជាក់​អំពី​ទំហំ​យុវជន​អ្នកគាំទ្រ​ពិតប្រាកដ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។ ពីលើ​ឆាក ដែល​ឈរ​អមដោយ​ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ា​នី ស្រែកប្រាប់​ឲ្យ​អ្នកគាំទ្រ​ឆ្លើយតប​សំណួរ​របស់​អ្នកការទូត​បរទេស​។



«​នៅ​ឆ្នាំ​២០១៤ មាន​សំណួរ​មួយ ដែល​ស្ថានទូត​ជាច្រើន​គេ​បាន​សួរ​។ គេ​សួរថា តើ​នៅទីណា​យុវជន​ដែល​ស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជា​? ល្ងាច​នេះ ៤​ឆ្នាំក្រោយ នៅទីនេះ តើ​យើង​អាចឆ្លើយតប​សំណួរ​នេះ​ទាំងអស់គ្នា​បាន​អត់​? តើ​ពេល​ដង្ហែ យើង​អាច​បង្ហាញថា យើង​ស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជា​បានដែរ​ឬទេ​?»​។ នេះ​ជា​ប្រសាសន៍​របស់លោក ហ៊ុន ម៉ា​នី នៅ​ចំពោះមុខ​យុវជន​អ្នកគាំទ្រ និង​ដែល​បាន​ត្រៀម​ក្បួន​ដង្ហែ​រួចជាស្រេច​។​

​លោក​បន្តទៀតថា​៖«​បន្តិចទៀត ពេល​ហែ​សូម​ឲ្យ​យើង​បង្ហាញថា យើង​ជា​ស៊ី​ភីភី​។ យើង​ម្នាក់ៗ​ដែលជា​អង្គ​បោះឆ្នោត ជា​ពលរដ្ឋ​ខ្មែរ យើង​ម្នាក់ៗ​ដែល​មក​ទីនេះ គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អនាគត​ប្រទេស​កម្ពុជា​»៕

Tag:
 ហ៊ុន ម៉ា​នី
  យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com