ជាតិ
បោះឆ្នោត
វីដេអូ
បោះឆ្នោត៖ លោក ហ៊ុន ម៉ានី ហែក្បួនយុវជនCPPថ្ងៃចុងក្រោយដើម្បីឆ្លើយតបសំណួរស្ថានទូតបរទេស
× នារសៀលថ្ងៃទី២៧ខែកក្កដានេះ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតនីតិកាលទី៦ លោក ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួនយុវជនគណបក្សប្រជាជនកម្ពុជាចំនួន៧០០០នាក់ ក្នុងចំងាយផ្លូវ១១គីឡូម៉ែត្រក្នុងរាជធានីភ្នំពេញ។
មុនចេញដំណើរដង្ហែក្បួនម៉ូតូ និងរថយន្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺក្នុងនីតិកាលទី៦ដែរនោះ ថ្លែងសារប្រមាណ៣នាទីពីលើកឆាកដ៏ធំមួយនៅលើទីលានមុខវត្តបទុមវត្តី។
សេចក្តីថ្លែងការណ៍ខ្លីរបស់លោក ហ៊ុន ម៉ានី ចាប់ផ្តើមពីទិដ្ឋភាពនៃការយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣ ដែលលោក ហ៊ុន ម៉ានី រំឮកថា ក្បួនដង្ហែរបស់លោកត្រូវបានយាយី។ ប្រធានចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជាបន្តប្រាប់អ្នកគាំទ្ររបស់ខ្លួនទៀតថា លោកត្រូវបានអ្នកការទូតជាច្រើនសួរបញ្ជាក់អំពីទំហំយុវជនអ្នកគាំទ្រពិតប្រាកដចំពោះគណបក្សប្រជាជនកម្ពុជា។ ពីលើឆាក ដែលឈរអមដោយថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី ស្រែកប្រាប់ឲ្យអ្នកគាំទ្រឆ្លើយតបសំណួររបស់អ្នកការទូតបរទេស។
«នៅឆ្នាំ២០១៤ មានសំណួរមួយ ដែលស្ថានទូតជាច្រើនគេបានសួរ។ គេសួរថា តើនៅទីណាយុវជនដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា? ល្ងាចនេះ ៤ឆ្នាំក្រោយ នៅទីនេះ តើយើងអាចឆ្លើយតបសំណួរនេះទាំងអស់គ្នាបានអត់? តើពេលដង្ហែ យើងអាចបង្ហាញថា យើងស្រឡាញ់គណបក្សប្រជាជនកម្ពុជាបានដែរឬទេ?»។ នេះជាប្រសាសន៍របស់លោក ហ៊ុន ម៉ានី នៅចំពោះមុខយុវជនអ្នកគាំទ្រ និងដែលបានត្រៀមក្បួនដង្ហែរួចជាស្រេច។
លោកបន្តទៀតថា៖«បន្តិចទៀត ពេលហែសូមឲ្យយើងបង្ហាញថា យើងជាស៊ីភីភី។ យើងម្នាក់ៗដែលជាអង្គបោះឆ្នោត ជាពលរដ្ឋខ្មែរ យើងម្នាក់ៗដែលមកទីនេះ គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីអនាគតប្រទេសកម្ពុជា»៕
© រក្សាសិទ្ធិដោយ thmeythmey.com