ជាតិ
បោះឆ្នោត
អតីត​សមាជិកសភា​CNRP៖ ខ្ញុំ​ប្រើ​សិទ្ធិ​បោះឆ្នោត ព្រោះ​មិន​ចង់​ឲ្យ​រដ្ឋសភា​នីតិកាល​ទី​៦ ឯក​បក្ស​
29, Jul 2018 , 12:33 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក គង់ បូរ៉ា ដែលឈរនៅខាងស្ដាំ (រាប់ពីស្ដាំ) លោក គង់ គាំ (ឪពុក) អង្គុយនៅកណ្ដាល និងលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ឈរនៅខាងឆ្វេង
រូបពីហ្វេសប៊ុកលោក គង់ បូរ៉ា ដែលឈរនៅខាងស្ដាំ (រាប់ពីស្ដាំ) លោក គង់ គាំ (ឪពុក) អង្គុយនៅកណ្ដាល និងលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ឈរនៅខាងឆ្វេង
​ភ្នំពេញ​៖ ក្រៅពី​លោក គង់ គាំ ដែលជា​ឪពុក​ខ្លួន​ទៅ​បោះឆ្នោត​នោះ លោក គង់ បូរ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ រួចរាល់​ហើយ នៅក្នុង​ការិយាល័យ​សាលាបឋមសិក្សា​សុធារស​។​


​លោក គង់ បូរ៉ា ដែល​បាន​អមដំណើរ​ជាមួយ​ឪពុក​លោក គង់ គាំ ដែលជា​អតីតមន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នោះ បាន​ទៅ​បំពេញ​កាតព្វកិច្ច​បោះឆ្នោត​ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២៩ កក្កដា​នេះ​។ ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​អ្នកនយោបាយ ដែល​មិន​អាចធ្វើ​សកម្មភាព​នយោបាយ​បាន​នេះ លោក គង់ បូរ៉ា បាន​ពន្យល់ថា មូលហេតុ​ដែល​លោក​ទៅ​បោះឆ្នោត ក្នុង​បំណង​ចង់ឃើញ​មាន​គណបក្សនយោបាយ​ដទៃ អាច​ទទួលបាន​កៅអី​ក្នុង​រដ្ឋសភា អង្គុយ​ជជែក​តទល់​គ្នា ពោលគឺ​ចង់​ឲ្យ​មិន​ចង់​ឲ្យ​សភាជាតិ​នីតិកាល​ទី​៦ «ឯក​បក្ស»​ឡើយ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ប្រើ​សិទ្ធិ​របស់ខ្ញុំ បោះឆ្នោត គឺ​មិន​ចង់អោយ ស្ថាប័ន​រដ្ឋសភា​នីតិកាល ទី​៦ «​ឯក​បក្ស​» ផ្ទុយគ្នា​ពី​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​។ ក្នុងន័យនេះ ខ្ញុំចង់​មានន័យថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​បាត់​បង់ហើយ ក៏​មិនត្រូវ​រង់ចាំ​រស់​ឡើងវិញ​ដែរ​។ ខ្ញ្ញុំ​ត្រូវ​ប្រើ​សិទ្ធិ​បោះឆ្នោត​ជួយ​គាំពារ​អ្នក​ស្ន​ហា​ជាតិ អ្នកប្រជាធិបតេយ្យ​ផ្សេងៗ​ទៀត ពុំគួរ​រង់ចាំ​រហូត​ហួសពេល​នោះទេ​។ ការសោកស្តាយ គឺជា​ការ​ហួស​ពេលដែល​គ្មាន​ថ្ងៃ​ត្រឡប់​ឡើយ​»​។​
 
​នៅពេល​សួរថា លោក​ទៅ​បោះឆ្នោត​នេះ គឺ​ដោយសារតែ​ប្អូនប្រុស​លោក គឺ​លោក គង់ មុនី​កា ជា​ប្រធាន​គណបក្សនយោបាយ ដូច្នេះ​ចង់​មិន​ចង់ លោក​ត្រូវតែទៅ​បោះឆ្នោត​? លោក គង់ បូរ៉ា ឆ្លើយតប​ថា លោក​ចង់​បំពេញ​សិទ្ធិ​ពលរដ្ឋ​បោះឆ្នោត ហើយ​មិនមែន​ដោយសារ​ប្អូនប្រុស​ខ្លួន ជា​ប្រធាន​គណបក្សនយោបាយ​ទេ​។ «​ការបោះឆ្នោត​នេះ មិនមែន​មកពី​ខ្ញុំ​ទទួល​សម្ពាធ ឬ​គំរាម​ក​ហែង ឬ​ដោយសារ​ប្អូនប្រុស ខ្ញុំ គង់ មុនី​កា ជា​ប្រធាន​គណបក្សនយោបាយ នោះទេ ប៉ុន្តែ​ខ្ញុំ​ចង់​បំពេញ​សិទ្ធិ​ពលរដ្ឋ​បោះឆ្នោត ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ល្អ ដែល​យើង​ពេញចិត្ត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ បូរ៉ា​។ 
 
​គួរ​បញ្ជាក់ថា លោក គង់ គាំ ត្រូវបាន​តុលាការ​សម្រេច​ដាក់ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នកនយោបាយ​១១៨​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ហាម​ធ្វើ​នយោបាយ​៥​ឆ្នាំ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​តាមច្បាប់ ដោយ​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ​កំពូល កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងមក​៕  

Tag:
 គង់ បូរ៉ា​
  CNRP
  បោះឆ្នោត​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com