គ​.​ជ​.​ប​៖ គិត​ត្រឹម​ម៉ោង​១១ អ្នក​ទៅ​បោះឆ្នោត​មាន​៥៨,៨០​ភាគរយ​
ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​៖ គិត​ត្រឹម​ម៉ោង​១១ អ្នក​ទៅ​បោះឆ្នោត​មាន​៥៨,៨០​ភាគរយ​
29, Jul 2018 , 12:48 pm        
រូបភាព
ដោយ: ថ្មីៗ
ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គិត​ត្រឹម​ម៉ោង​១១​ព្រឹក​នេះ មាន​អ្នក​ទៅ​បោះ​ប្រមាណ​៥៨,៨០​ភាគរយ​។ នេះ​បើតាម​ការ​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

 
​គ​.​ជ​.​ប បាន​អះអាងថា ក្នុងចំណោម​អ្នកមាន​ឈ្មោះ​បោះឆ្នោត ៨ ៣៨០ ២១៧​នាក់ មាន​ចំនួន ៤ ៩២៧ ៨៩៤​នាក់​ហើយ​ដែល​បាន​ទៅ​បោះឆ្នោត ដោយ​គិត​ត្រឹម​ម៉ោង​១១ ថ្ងៃនេះ​។ ក្នុងចំណោម​អាត្រា​អ្នក​ទៅ​បោះ ៥៨,៨០​ភាគរយ មណ្ឌល​ខេត្តមណ្ឌលគិរី កែប ឧ​ត្ត​រ​មានជ័យ មាន​ចំនួន​លើស​៦៥​ភាគរយ​។​
 
​ចំនួន​អ្នក​ទៅ​បោះ​ក្នុង​រង្វង់​ជាង​៦០​ភាគរយ​មាននៅ​មណ្ឌល បន្ទាយមានជ័យ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ពោធិ៍សាត់ ព្រះសីហនុ ស្វាយរៀង តាកែវ និង​ប៉ៃលិន​។ មណ្ឌល​ផ្សេងទៀត មាន​អ្នកចូលរួម​ចន្លោះ​ពី​៥០​ភាគរយ​ទៅជិត​៦០​ភាគរយ​។ 
 
​នៅ​រាជធានី​ភ្នំពេញ អ្នក​ទៅ​បោះ​មាន ៥០៦ ៣៧៩​នាក់ ក្នុងចំណោម​អ្នកមាន​ឈ្មោះ ៨៦៦ ៣៤៧​នាក់ ពោលគឺ​៥៨,៤៥​ភាគរយ ដោយ​គិត​ត្រឹម​ម៉ោង​១១​ថ្ងៃត្រង់​។ 

លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា របាយការណ៍នេះ គឺជារបាយការណ៍ពិតប្រាកដ និងផ្លូវការ ដៅចេញដោយគ.ជ.ប។ លោក និយាយយ៉ាងដូច្នេះ៖«មកដល់ពេលនេះ មិនទាន់មានបញ្ហាអ្វីទេ។ ដំណើរការបោះឆ្នោត ប្រព្រឹត្តជាប្រក្រតី»៕
 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com